អន្តរជាតិ
លោកស្រី ស៊ូ​ជី រង​ការរិះគន់​ជាថ្មី​ព្រោះ​មិន​មាត់​ជុំ​វិញការ​ចាប់​អ្នកសារព័ត៌មាន Reuters ដាក់គុក​
04, Sep 2018 , 4:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី (AFP)
លោកស្រី អ៊ុងសាន ស៊ូជី (AFP)
ដោយ: ថ្មីៗ
​ការសម្រេច​កាត់ទោស​អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ Reuters ពីរ​នាក់​នៅ​ដើម​សប្តាហ៍​នេះ​ក្លាយជា​រឿង​ក្តៅក្រហាយ​សម្រាប់​សហគម​ន៍​អន្តរជាតិ​។ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ៊ុង​សាន ស៊ូ​ជី ដែល​មិនបាន​ហ៊ាន​មតិយោបល់​ឬ បង្ហាញ​ក្តីបារម្ភ​ជុំវិញ​សំណុំរឿង​ដ៏​ច​ម្រូ​ចម្រាស​នេះ​រង​ការរិះគន់​ជាថ្មីទៀត​។

 

 
​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​នាំគ្នា​ថ្កោលទោស​ការកាត់ក្តី​របស់​តុលាការ​មី​យ៉ាន់​ម៉ា​ឲ្យ​អ្នកសារព័ត៌មាន Reuters ឲ្យ​ជាប់ពន្ធនាគារ ៧​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​ទី ៣ ខែកញ្ញា​សប្តាហ៍​នេះ​។ បើ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រៅពី​ក្រុម​សិទ្ធិមនុស្ស​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក​និង អង់គ្លេស​ជាដើម​នោះ ក៏​បង្ហាញ​កង្វល់​ដូចគ្នា​ជុំវិញ​ការសម្រេច​នេះ​។​
 
​អ្នកកាសែត​ទាំងពីរ​នាក់​នោះ​មាន​ម្នាក់​ឈ្មោះ    Wa Lone វ័យ ៣២ ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ Kyaw Soe Oo មាន​វ័យ ២៨​ឆ្នាំ​។ ពួកគេ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​បំពាន​ច្បាប់​រក្សា​ការសម្ងាត់​រដ្ឋ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅពេលដែល​គេ​យក​ព័ត៌មាន​ជុំវិញ​ការសម្លាប់​រង្គាល​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ក្រុម​យោធា​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​កើតឡើង​នៅ​ខែសីហា​ឆ្នាំមុន​។​
 
​គួរ​ទាញ​ការចាប់​កាលពី​សប្តាហ៍​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានចេញ​ផ្សាយ​របាយការណ៍​មួយទៀត​ដែល​បាន​បង្ហាញថា អំពើ​ប្រល័យពូជសាសន៍​កើតមានឡើង​នៅ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​នៅ​តុលាការអន្តរជាតិ​ផង​។​
 
​ត្រឡប់មកវិញ គ្រប់គ្នា​រង់ចាំ​មើលថា​តើ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​និមិត្តរូប​នៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​បាន​បន្តធ្វើ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ចាប់ពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​ឆ្នាំ ២០១៥​នោះ អាចមាន​ប្រតិកម្ម​បែបណា​ចំពោះ​ការកាត់ទោស​អ្នកសារព័ត៌មាន​។​
 
​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ក្រៅពី​មិន​និយាយស្តី​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា លោកស្រី ស៊ូ​ជី នៅតែ​ស្ងៀមស្ងាត់​ជាថ្មី​លើ​ការចាប់​អ្នកកាសែត​ដាក់គុក​នេះ​ទៀត​។ វារឹតតែ​ធ្វើ​ឲ្យ​កិត្តិនាម​មេដឹកនាំ​ស៊ីវិល​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ធ្លាក់ចុះ​កាន់តែខ្លាំង​ថែមទៀត​ដែរ​។​
 
​យ៉ាងណាក៏ដោយ មន្ត្រី​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ការពារ​គោលជំហរ​ស្ងៀមស្ងាត់​របស់​មេដឹកនាំ​ស៊ីវិល​រូបនេះ​។ លោក Aung Hla Tun ដែល​ធ្លាប់​បម្រើ​ការងារ​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ Reuters ហើយ​បច្ចុប្បន្ន​បម្រើការ​ងារ​ជា​អនុរដ្ឋមន្ត្រី​ព័ត៌មាន​នោះ​បកស្រាយ​ថា វា​ជា​រឿង​សមរម្យ​ព្រោះ​វា​ជា​អំណាច​របស់​តុលាការ​។​
 
​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដូច្នេះ​៖«​ការទិតៀន​ប្រព័ន្ធ​យុត្តាធិការ​ស្មើនឹង​ការមិន​គោរព​តុលាការ​។ ខ្ញុំ​មិន​គិតថា លោកស្រី ស៊ូ​ជី នឹង​រិះគន់​ការសម្រេចចិត្ត​នេះឡើយ​»​។​
​ក្រោយ​ការសម្រេច​របស់​តុលាការ មេធាវី​ជន​ទាំងពីរ​នឹងដាក់​បណ្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍​ទៀត ប៉ុ​ន្តេ​គេ​យល់ថា វា​នឹងត្រូវ​ចំណាយពេល​វេលា​រាប់​ខែ​ឬ​ដល់​ឆ្នាំ​ផង​ក៏មាន​។ 
 
​មានការ​រំពឹង​ខ្លះ​ដែរ​ថា ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោកស្រី ស៊ូ​ជី មានអំណាច​លើកលែងទោស​ដល់​អ្នកសារព័ត៌មាន​ទាំងពីរ ប៉ុន្តែ​អ្នកជំនាញ​យល់ថា ការអន្តរាគមន៍​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ​មិនអាច​កើតមានឡើង​ឆាប់ៗ​នោះឡើយ​៕
 

Tag:
 អ៊ុង​សាន ស៊ូ​ជី
  Reuters
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com