អន្តរជាតិ
ព្យុះ​កំណាច​នៅ​ជប៉ុន​៖ អ្នកស្លាប់​កើន​ដល់​១១ នាក់ ខណៈ​៣​ពាន់​នាក់​ជាប់គាំង​នៅ​អាកាសយានដ្ឋាន​
05, Sep 2018 , 5:32 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​០៤ កញ្ញា ព្យុះសង្ឃរា​ខ្លាំងក្លា​មួយ ដែលមាន​ឈ្មោះថា «​ចេ​ប៊ី​»  បាន​វាយ​បោកបក់​ទៅលើ​ឆ្នេរ​បែក​ខាងលិច​ប្រទេស​ជប៉ុន​។ មនុស្ស​ច្រើន​នាក់​បាន​បាត់​បង់ជីវិត និង​រាប់ពាន់នាក់​ទៀត បាន​ជាប់គាំង នៅ​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​។

 
​នៅត្រឹម​ថ្ងៃ​ពុធ​ទី ៥ ខែកញ្ញា​នេះ អាជ្ញាធរ​ជប៉ុន​បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ព្យុះ​នេះ​កើនឡើង​ដល់ ១១​នាក់​ហើយ​។  ចំណែក​ស្ពាន​មួយ​ដែល​ភ្ជាប់​កោះ Osaka Bay ទៅនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Kansai ក៏​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ល្បឿន និង​ភ្លៀង​ធ្លាក់​ច្រើន​ម៉ោង​ផង​នោះ ។ 
 
​ការខូចខាត​ស្ពាន​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ៣​ពាន់​នាក់ បាន​ជាប់គាំង​នៅ​កន្លែង​នោះ​ពេញ​មួយ​យប់​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​សាធារណការ​ជប៉ុន ប្រាប់​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​មន្ត្រី​ជប៉ុន​ដដែល បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី ០៥ កញ្ញា មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​គេ​ប​ញ្ចូ​នតា​មទូក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Kansai ទៅកាន់​ទីក្រុង​នៅក្បែរនោះ គឺ​ទីក្រុង Kobe ដែល​ស្ថិតនៅលើ​កោះ Osaka Bay ។​
 
​យ៉ាងណាមិញ គេ​មិនដឹង​ច្បាស់​ទេ​ថា អាកាសយានដ្ឋាន ដែល​បម្រើ​ជើងហោះហើរ​ជាង ៤០០​ក្នុង​មួយថ្ងៃ​នេះ នឹង​បើក​ដំណើរការ​ឡើងវិញ​នៅពេលណា​ឡើយ​។​
 
​មក​ត្រឹម​ពេលនេះ ពលរដ្ឋ​ប្រមាណ​ជាង ១,២២​លាន​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រកាស​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង ខណៈដែល​ប្រជាជន​ប្រមាណ​ជាង ១៦០០០ នាក់​ផ្សេងទៀត កំពុងស្នាក់នៅ​ទីទួល​សុវត្ថិភាព​។ លើសពីនេះ ពលរដ្ឋ​ប្រមាណ ២,៣​លាន​គ្រួសារ កំពុង​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ហើយ​រោងចក្រ សហគ្រាស និង​សាលារៀន​ជាច្រើន ត្រូវបាន​បិទទ្វារ​។ ជើងហោះហើរ​ប្រមាណ​ជាង ៨០០ ត្រូវបាន​ផ្អាក​។ 
 
​ជុំវិញ​ផលប៉ះពាល់​គ្រោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចាក​ចេញពី​លំនៅឋាន​ទៅកាន់​ទីទួល​សុវត្ថិភាព និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ចាំបាច់​ណាមួយ ដើម្បី​ការពារ​ជីវិត​ប្រជាពលរដ្ឋ​៕
 

Tag:
 ជប៉ុន​
  ព្យុះ​
  គ្រោះមហន្តរាយធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com