អន្តរជាតិ
ក្រេ​ម​ឡាំង ទាត់ចោល​សម្តី​លោក ម៉ា​ក្រុង ដែល​ចោទថា លោកពូ​ទីន «​ចង់ឃើញ​អឺរ៉ុប​បែកបាក់​»
06, Sep 2018 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ វិមាន​ក្រេ​ម​ឡាំង​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ ម៉ា​ក្រុង ដែលថា ក្តី​ស្រមៃ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​បែកបាក់​គ្នា​។ វិមាន​ប្រធានាធិបតី​នេះ​អះអាងថា អ្វីដែល​មេដឹកនាំ​រុស្ស៊ី​ចង់ឃើញ​គឺ ស្ថិរភាព និង​វិបុលភាព​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​។

 
  
 
​មេដឹកនាំ​រុស្ស៊ី​គ្មាន​ឡើយ​បំណង​ចង់ឃើញ​អឺរ៉ុប​បែកបាក់​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Peskov នៅ​ថ្ងៃ​ចន្ទ​ទី ៣​ខែកញ្ញា​នេះ​ដើម្បី​ឆ្លើយតប​នឹង​សម្តី​របស់​ប្រមុខរដ្ឋ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Peskov បាន​និយាយ​ដូច្នេះ​៖«​វា​ស្ថិតក្នុង​ផលប្រយោជន៍​របស់​យើង​ពេលដែល​សហភាព​អឺរ៉ុប​មាន​វិបុលភាព និង​ស្ថិត​ភាព​។ ប្រធានាធិបតី​ពូ​ទីន បានប្រកាស​ច្បាស់ៗ​ច្រើនដង​ហើយ ហើយ​វា​មិនមាន​ផែនការ​ក្នុងការ​ផ្លាស់ប្តូរ​គោលជំហ​រ​នេះ​ទេ​»​។​
 
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្ថែម​ដូច្នេះ ស្ថានភាព​អាក្រក់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី និង​អឺរ៉ុប​គឺ​ដោយសារ​បញ្ហា​ប្រឈម​ចម្រូងចម្រាស​មួយចំនួន រួមទាំង​ការដាក់​ទណ្ឌ​ប្រឆាំង​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ដែរ​។​
 
« ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង លោក ពូ​ទីន ជាមួយ​សហភាព​អឺរ៉ុប យើង​ជឿជាក់ថា វា​មិនមែនជា​អ្វីដែល​រុស្ស៊ី​កំពុង​ធ្វើ​ទេ បើសិន​ទំនាក់ទំនង​នេះ​ធ្លាក់​ក្នុងស្ថានភាព​មិនល្អ​ប្រសើ​រ​នោះ​»​។ អ្នក​ពាក្យ​ប្រធានាធិបតី​រុស្ស៊ី​និយាយ​បែបនេះ​។ 
 
 លោក Peskov បដិសេធ​បែបនេះ ក្រោយពី​បានលឺ​បទសម្ភាសន៍​រវាង​សារព័ត៌មាន​ស៊ុយអែត​ជាមួយ​ប្រមុខរដ្ឋ​បារាំង​លោក ម៉ា​ក្រុង កាលពី​ចុង​សប្តាហ៍​។ លោក ម៉ា​ក្រុង អះអាង​ច្បាស់ៗ​ថា ក្តី​សុបិន​របស់លោក ពូ​ទីន គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រេះឆា​។ 
 
​លោក ម៉ា​ក្រុង ត្រូវបាន​គេ​ស្រង់​សម្តី​ដូច្នេះ​៖ «​ខ្ញុំ​គោរព​លោក ពូ​ទីន​ណាស់ ហើយ​ខ្ញុំ​ក៏​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែល​ជឿជាក់ថា យើង​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ថ្មី​ផ្នែក​សន្តិសុខ និង​ការពារជាតិ​ថ្មី​ជាមួយ​រុស្ស៊ី​។ យើង​ត្រូវ​ជជែក​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​សុបិន​របស់លោក ពូ​ទីន គឺ​ការបែកបាក់​គ្នា​របស់​សហភាព​អឺរ៉ុប​»​។ 
 
​តាមពិតទៅ​លោក ម៉ា​ក្រុង និង​លោក ពូ​ទីន ធ្លាប់​ជួប​ជជែក​គ្នា​ច្រើនដង​មកហើយ​ចាប់ពី​ពេល​លោក ម៉ា​ក្រុង​ឡើងកាន់តំណែង​ខែឧសភា​ឆ្នាំមុន​។ ជំនួប​ទ្វេភាគី​ចុងក្រោយ គឺ​កាលពី​ខែកក្កដា​ពេល​លោក ម៉ា​ក្រុង​ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ដែល​បា​រាំងជា​អ្នកឈ្នះ​ពាន​ផង​៕ 

Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
  Dmitry Peskov
  សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com