កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​អាល្លឺម៉ង់​៖ Ozil គ្មាន​ឱកាស​ចូល​ជម្រើសជាតិ​វិញ​ទេ​
06, Sep 2018 , 4:01 pm        
រូបភាព
Ozil និង Loew នាការប្រកួត World Cup នៅរុស្ស៊ីកន្លងមក
Ozil និង Loew នាការប្រកួត World Cup នៅរុស្ស៊ីកន្លងមក
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Joachim Loew បាន​បញ្ជាក់ថា Mesut Ozil មិន​មានឱកាស​វិលត្រឡប់​ទៅ​រួម​ក្រុម​វិញ​ទេ​ក្រោយពី​ការប្រកាស​ចូលនិវត្តន៍​របស់គេ​ពី​ជម្រើសជាតិ​កាលពី​ខែកក្កដា​កន្លងទៅ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។


«​ខ្ញុំ​គិតថា​អ្វីៗ​គ្រប់យ៉ាង​បានធ្វើ​រួចហើយ​អំពី​រឿងនេះ​។ នៅពេលដែល​កីឡាករ​ប្រកាស​លាលែង​ពី​តំណែង​ដូច្នេះ អ្នក​មិន​ជ្រើស​គាត់​ចូល​ក្រុម​វិញ​ទេ​នៅ​រយៈពេល ៨ ឬ​៩ សប្តាហ៍​ក្រោយ​»​។ លោក Loew និយាយ​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៥ ខែកញ្ញា​នៅមុន​ការប្រកួត​ពានរង្វាន់ UEFA Nations League រវាង​អាល្លឺម៉ង់ និង​ម្ចាស់​ពាន World Cup បារាំង​នៅ​រាត្រី​ថ្ងៃ​៦ ខែកញ្ញា វេលា​ម៉ោង​១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៨​ឆ្នាំ​រូបនេះ​បន្ថែមថា កីឡាករ​រូប​ណា​ដែល​បាន​លាលែង​ពី​ក្រុម​នឹង​មិនមាន​តួនាទី​ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ក្រុម​នាពេល​អនាគត​នោះទេ​។​
Ozil ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ ក្រោយ ទទួល​ការស្តីបន្ទោស​ពី​ទម្រង់​លេង​របស់គេ​ដោយ​មិន​អាចជួយ​ក្រុម​ឥន្ទ្រី​ដែក​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុង​ការប្រកួត World Cup នៅ​រុស្ស៊ី និង​ទទួល​ការប្រកាន់​ពូជសាសន៍ និង​រិះគន់​ខ្លាំងៗ​ពី សំណាក់​លោក Reinhard Grindel ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB)​។​
 
​ទន្ទឹមនឹង​នេះដែរ Loew បាន​សោកស្តាយ​ដែល​មិនអាច​ហាមឃាត់​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំនេះ អំពី​ការសម្រេចចិត្ត​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់គេ​។​
«Mesut និង​ខ្ញុំ​ទទួល​បា​ជោគជ័យ​ជាមួយគ្នា​ជាច្រើន ហើយ​ខ្ញុំ​បាន​ព្យាយាម​ច្រើនដង​ដើម្បី​ជួប​គាត់​តាម​ទូរ​សព្ទ​ប៉ុន្តែ​គ្មាន​ឱកាស​សោះ​។ តែ​យ៉ាងណា​ខ្ញុំ​នឹង​បន្ត​ព្យាយាម​ទៀត និង​ទាក់ទង​ជាមួយ​គាត់​ក្នុងពេល​អនាគត​»​។ Loew លើកឡើង​ដូច្នេះ​៕
 

Tag:
 បាល់ទាត់​
  Joachim Loew
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com