កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​លី​គ​នៅ​អឺរ៉ុប ចង់​ប្តូរ​ច្បាប់ Away-Goals និង​បិទទ្វារ​ដោះដូរ​កីឡាករ​ស្របគ្នា​
07, Sep 2018 , 8:39 am        
រូបភាព
កិច្ចប្រជុំក្រុមគ្រូបង្វឹកប្រចាំឆ្នាំនៅក្នុងក្រុង Nyon ប្រទេសស្វីស
កិច្ចប្រជុំក្រុមគ្រូបង្វឹកប្រចាំឆ្នាំនៅក្នុងក្រុង Nyon ប្រទេសស្វីស
​អ្នកចាត់ការ​ទូទៅ​ក្លិប​កីឡាបាល់ទាត់​កំពូលៗ​នៅ​អ៊ឺរ៉ុប​បានស្នើ​សុំ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ពិនិត្យមើល​ឡើងវិញ​លើ​ការប្រើប្រាស់​ច្បាប់​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (Away-Goals) សម្រាប់​ការប្រកួត​ពានរង្វាន់​ធំៗ​ប្រចាំ​តំបន់​អឺរ៉ុប ដោយ​ពួកគេ​លើក​ហេតុផល​ថា​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្រៅ​ដី​មិន​ពិ​បាន​ដូច​កាល​ជំនាន់​មុន​ឡើយ​។ គ្រូបង្វឹក​ទាំងនោះ​ក៏​ស្នើរ​ឲ្យ​ទីផ្សារ​ដូរ​ដោះ​កីឡាករ​ទាំងអស់​នៅ​អឺរ៉ុប​បិទទ្វារ​ស្របពេល​ជាមួយគ្នា​ផងដែរ​។​


 
​អគ្គលេខាធិការរង UEFA លោក Giorgio Marchetti បាន​និយាយ​នៅក្រោយ​កិច្ចប្រជុំ​ក្រុម​គ្រូបង្វឹក​ប្រចាំឆ្នាំ​នៅក្នុង​ក្រុង Nyon ប្រទេស​ស្វី​ស​ថា គ្រូបង្វឹក​ទាំងនោះ​គិតថា​ការរក​គ្រាប់​បាល់​សម្រាប់​ក្រុម​ភ្ញៀវ​មិន​ពិបាក​ដូច​កាលពីមុន​ទេ ដូច្នេះ​ច្បាប់ Away-Goals គឺ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ ជុំវិញ​ករណីនេះ​លោក Marchetti ថា​ស្ថាប័ន​លោក​នឹង​យក​ច្បាប់​នេះ​ទៅពិនិត្យ​ឡើងវិញ​។​
 
​ការជួបជុំ​ក្រុម​គ្រូ​ប​ង្វឹ​ប្រចាំឆ្នាំ ២០១៨ មានការ​ចូលរួម​ពី​សំណាក់​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United លោក Unai Emery និង Arsene Wenger អតីត និង​អ្នកចាត់ការ​ថ្មី Arsenal លោក Massimiliano Allegri អ្នកចាត់ការ Juventus អ្នកចាត់ការ​ថ្មី Real Madrid លោក Julen Lopetegui លោក Thomas Tuchel នៃ​ក្រុម Paris St-Germain ជាដើម​។​
 
​លក្ខខណ្ឌ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (Away-Goals) ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​លើកដំបូង​នៅ​ពានរង្វាន់ European Cup បច្ចុប្បន្ន (Champions League) តាំងពី​ឆ្នាំ​១៩៦៥ ដោយ​កាលនោះ​ច្បាប់​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព ដ្បិត​ការធ្វើដំណើរ​ទៅលេង​ក្រៅ​ដី​ដោយ​ឆ្លង​ប្រទេស​សម្រាប់​ក្រុម​នីមួយៗ​មិន​ងាយស្រួល​ដូច​សព្វថ្ងៃ​ឡើយ​។ ក្បួន​ដែល​ប្រើ​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អឺរ៉ុប​នេះ មានន័យថា​ក្រុម​ណា​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គឺជា​អ្នកឈ្នះ​។​
 
​គ្រូបង្វឹក​ទាំងនោះ​ក៏បាន​លើកឡើង ថា​ក្បួន​នេះ​ក៏មាន​ផលប៉ះពាល់​ផងដែរ​ដោយ​លើកទឹកចិត្ត​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ឬ​ក្រុម​ដែលមាន​ប្រៀប​នៅ​ជើង​ទី​១​លេង​ក្នុង​ប្រព័ន្ធ​ការពារ​មិនមាន​គ្រាប់​បាល់ ខណៈ​ក្រុម​មួយទៀត​លេង​សម្រុក ដែល​ធ្វើ​ឲ្យ​ការប្រកួត​មិនសូវ​ល្អមើល​។​
 
​ដោយឡែក ជុំវិញ​ទីផ្សារ​ដោះដូរ​កីឡាករ​វិញ​ពួកគេ​បានស្នើ​ឲ្យ​លី​គ​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​យក​គំរូ​តាម​លី​គ​អង់គ្លេស និង​អ៊ី​លី​ដោយ​បិទទ្វារ​ទីផ្សារ​នៅ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​។ លី​គ​នៅ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​បារាំង​បាន​បន្ត​ការ​ទិញដូរ​រហូតដល់​ចុងខែ​សីហា​។​
 
​ការបិទទ្វារ​ទីផ្សារ​ស្របគ្នា​ក្នុងពេល​តែមួយ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ចូលរួម​ជា​ក្រុម​ឲ្យ​បាន​ពេញលេញ ដោយ​មិនមាន​គំនិត​បែកខ្ញែក​ចង់​ផ្លាស់​ទៅកាន់​ក្លិប​ថ្មី​អំឡុងពេល​ចាប់ផ្តើម​រដូវ​កាលដែល​នាំ​ឲ្យ​ប៉ះពាល់​ទម្រង់​លេង​របស់​ក្រុម​៕

Tag:
 បាល់ទាត់​
  Away-Goals
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com