ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហេតុអ្វីសម្តេច ហ៊ុន សែន រក្សា​រដ្ឋមន្ត្រី​ដដែលទាំងអស់?
07, Sep 2018 , 8:27 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំ​ដំបូង​នៃគណៈរដ្ឋមន្ត្រី​អាណត្តិទី​៦​នាថ្ងៃទី៧ខែ​កញ្ញាឆ្នាំ​២០១៨
សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំ​ដំបូង​នៃគណៈរដ្ឋមន្ត្រី​អាណត្តិទី​៦​នាថ្ងៃទី៧ខែ​កញ្ញាឆ្នាំ​២០១៨
ដោយ: ថ្មីៗ
កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​ដើមអាណត្តិទី​៦​ នាព្រឹក​ថ្ងៃទី​៧​ខែ​កញ្ញា​នេះ បានផ្តល់ឱកាសឲ្យសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាយបំភ្លឺភ្លាម​ចម្ងល់ធំមួយរបស់​ពលរដ្ឋ​ដែលសួរ​ថា ហេតុអ្វី​សមាសភាពរដ្ឋមន្ត្រីក្នុងអាណត្តិថ្មី​នៅដដែលទាំងអស់? រក្សាចាស់​បន្ថែមថ្មី និង​អរគុណដល់សមាជិកបក្សទាំងអស់ ដែលបានខិតខំធ្វើការរហូតទទួលជ័យជម្នះ ក្នុងការ​បោះឆ្នោត គឺជាមូលហេតុធំពីរ ដែល​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ត្រូវសម្រេច​រក្សា​សមាសភាព​រដ្ឋមន្ត្រី​នៅដដែល។



«មនុស្សមួយចំនួនគិតថា ការកែទម្រង់​គឺ​ជាការដូរ​មនុស្ស។ នេះជាការ​គិតខ្លី។ បើសិនជាការ​កែទម្រង់​ណាមួយ​ វាត្រឹមតែ​ជាការ​ដូរមនុស្ស វាមិនខុសពីការសម្លាប់ខ្លួន​ទេ។ ក្នុងក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការ​អនុវត្ត​សម្រាប់ប្រទេស​ជាតិ​ ការកែទម្រង់​មិនសំដៅ​លើការ​ដូរមនុស្ស​នោះទេ គឺសំដៅលើ​ប្រសិទ្ធភាព​ការងារ​»។ នេះគឺជាប្រសាសន៍​របស់​ប្រមុខរដ្ឋាភិបាល​នៅចំពោះមុខ​សមាជិក​រដ្ឋាភិបាល​សរុប​៤៦រូប​ ដោយមិនគិតពី​រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានវត្តមាន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីដំបូង។

ការពន្យល់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានកាន់អំណាចរដ្ឋាភិបាល​៣៣ឆ្នាំមកហើយនោះ ក៏ជាការ​ឆ្លើយតប​ទៅនឹង​មជ្ឈដ្ឋាន​មួយចំនួន​ដែល​រំពឹង​ថា​ គេនឹងឃើញ​មាន​សមាសភាពថ្មី និង​វ័យក្មេង​ចូលក្នុង​សមាសភាព​រដ្ឋាភិបាល​អាណត្តិទី​៦​នេះ។ ដោយសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាពការងារ និងពិសោធន៍​ជាមេដឹកនាំ សម្តេច​ហ៊ុន សែន បានពន្យល់បន្ថែមថា ការ​ទាត់ចោលមន្ត្រីចាស់​ដែលបានខិតខំ​បម្រើការងារ​រហូតគណបក្សទទួលបានជោគជ័យ នឹងផ្តល់គំរូ​មិនល្អ​សម្រាប់ថ្ងៃខាងមុខ។ សម្តេច ហ៊ុន សែន បន្តយ៉ាង​ដូច្នេះ៖«បើទទួលជោគជ័យហើយ បែរជាយើងបោះបង់ចោលមន្ត្រី ដែលខំប្រយុទ្ធយកឈ្នះនេះ តើហ៊ុន សែន អគុណធម៌ប៉ុណ្ណាទៅ? ខ្ញុំមិនត្រូវការឈ្នះតែមួយសមរភូមិនោះទេ ខ្ញុំ​ត្រូវការយកឈ្នះ​សង្គ្រាម​រហូត តាម​រយៈការ​រក្សា​កម្លាំងចាស់ និងបង្កើនកម្លាំងថ្មី»។ 

© រក្សាសិទ្ធិដោយ thmeythmey.com