កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន​លុប​ជំនួប​មិត្តភាព​ទល់នឹង​ស៊ី​លី​ដោយសារ​គ្រោះ​រញ្ជួយ​ដី ៦.៧ រ៉ិ​ច​ទ័​រ​
07, Sep 2018 , 2:51 pm        
រូបភាព
​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ជប៉ុន​និង​ស៊ី​លី​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវបាន​លុបចោល​វិញ​បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បាន​វាយប្រហារ​លើ​កោះ​ហុក​កៃ​ដូ ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​សមាគម​កីឡាបាល់ទាត់​ជប៉ុន (JFA)​។​


 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា JFA បានសម្រេច​លុបចោល​កា​រ​ប្រ​កួត​នេះ​ដ្បិត​ប្រទេស​ខ្លួន​បានទទួល​រង​ការ​ខូ​ត​ខាត​ទ្រង់ទ្រាយ​ធំ​ដែល​រួមបញ្ចូល​ទាំង​បញ្ហា​ដាច់​ចរន្តអគ្គិសនី និង​សំណង់​អាគារ​បាក់​រលំ​ជាច្រើន​ខ្នង ព្រមទាំង​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ក្រុម​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ដែល​ខូចខាត​។​
  
 
​ការរញ្ជួយ​ដី​កម្រិត ៦.៧ រ៉ិ​ច​ទ័​រ​នៅលើ​កោះ​ហុក​កៃ​ដូ​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​យ៉ាងហោចណាស់​៩​នាក់ បាត់​ខ្លួន​៣៣​នាក់ និងរ​ងរ​បួស​ស្រាល​១២០​នាក់​។ គ្រោះធម្មជាតិ​ដែល​តែង​កើតឡើង​នៅ​ប្រទេស​កោះ​មួយ​នេះ​ក៏បាន​បណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ជាង​៥​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​ផងដែរ​។​
 
​មុន​រញ្ជួយ​ដី​នេះ ជប៉ុន​ទើប​ទទួលរង​គ្រោះ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Jebi នៅក្បែ​ក្រុង​អូ​សា​កា កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៦​នាក់​ស្លាប់ និង​ជាង​១៦០​នាក់​រងរបួស​។​
 
​ក្រុម​សាមូរ៉ៃ​ជប៉ុន ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​លោក Hajime Moriyasu ជា​លើកដំបូង នឹងមាន​ជំនួប​មិត្តភាព​មួយលើកទៀត​ទល់នឹង​ជម្រើសជាតិ​កូ​ស្តា​រី​កា​នៅ​ថ្ងៃទី​១១ ខែកញ្ញា​នៅ​ទីក្រុង​អូ​សា​កា​៕


Tag:
 បាល់ទាត់​
  ជប៉ុន​
  រញ្ជួយ​ដី​
  ស៊ី​លី
© រក្សាសិទ្ធិដោយ thmeythmey.com