កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូងគ្រោងបបួលចិន ជប៉ុន និងកូរ៉េខាងជើងដេញថ្លៃរៀប World Cup 2030 រួមគ្នា
× រដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូង លោក Do Jong-hwan ថាកូរ៉េខាងត្បូងគ្រោងដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០៣០ ជាមួយចិន ជប៉ុន និងកូរ៉េខាងជើង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ដែលបានធ្វើសេចក្តីរាយការណ៍ពីទីក្រុងតូក្យូជាទីដែលលោកកំពុងជួបជាមួយរដ្ឋមន្ត្រីកីឡាជប៉ុន និងចិន។
«តាមរយៈវិធីនេះយើងអាចរក្សាបរិយាកាសនៃសន្តិភាពនាពេលបច្ចុប្បន្ន និងពង្រីកសន្តិភាពក្នុងតំបន់ និងនៅឧបទ្វីបកូរ៉េទៀតផង»។ នេះជាការលើកឡើងរបស់លោក Do Jong-hwan ដែលត្រូវធ្វើដំណើរជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ទៅកាន់កូរ៉េខាងជើងសម្រាប់ជំនួបលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខ។
ក្រៅពីចង់រួមដៃគ្នាជាមួយប្រទេសជាប់របងកូរ៉េខាងជើង ជប៉ុន និងចិន ដើម្បីដេញថ្លៃរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់ពិភពលោកឆ្នាំ២០៣០ លោកដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូងរូបនេះក៏គ្រោងស្នើកូរ៉េខាងជើងរួមគ្នាធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ទៀតផង។ លោកនឹងធ្វើសំណើនេះ នាកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយនាទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។
សម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 មានប្រទេសពីតំបន់អាមេរិកឡាទីន៣រួមមានអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយបានប្រកាសរួមគ្នាប្រជែងធ្វើម្ចាស់ផ្ទះរួចហើយរួមទាំង ម៉ារ៉ុក ទុយនីស៊ី និងអាល់ហ្សេរីក៏រួមគ្នាដើម្បីរៀបចំការប្រកួតនេះដែរ៕
Tag:
FIFA World Cup
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com