អន្តរជាតិ
ប៉ូលិស​ចាប់ចោរ​បាន​ដោយសារ​ការវិភាគ DNA លើ​ធ្មេញ​ដែល​នារី​រងគ្រោះ​វាយ​ឲ្យ​ជ្រុះ​
16, Sep 2018 , 8:59 am        
រូបភាព
ដោយ: ធីតា
​បុរស​វ័យក្មេង​ម្នាក់​ត្រូវបាន​ប៉ូលិស​នៅ​ក្រុង​លី​យ៉ុង ប្រទេស​បារាំង​ចាប់ខ្លួន កាលពីពេល​ថ្មីៗ​កន្លងមកនេះ នៅ​តំបន់ Vaulx-en-Velin ដោយសារ​ប៉ូលិស​មាន​ភស្តុតាង​ត្រឹមត្រូវ​។ នោះ​គឺជា​ធ្មេញ​របស់​ចោរ​ដែល​នារី​រងគ្រោះ​វាយ​ឲ្យ​ជ្រុះ​។​



​តាម​វិភាគ​សំណាក DNA លើ​ធេ្ម​ញ​មួយ បុរស​វ័យ​២១​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ក្នុង​សំណុំរឿង​ចោរកម្ម​កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា មកម្ល៉េះ​។ យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​បារាំង 20minutes.fr បុរស​នោះ​លួច​ចូលក្នុង​ផ្ទះមួយ ប៉ុន្តែ​ស្រាប់តែ​កូនស្រី​ម្ចាស់ផ្ទះ ភ្ញាក់​ដឹងខ្លួន ហើយ​ស្ទុះ​ទៅ​វាយ​មុខ​។​

​កម្លាំង​ដៃ​របស់​នារី​ម្ចាស់ផ្ទះ បានធ្វើ​ឲ្យ​ចោរ​ជ្រុះ​ធ្មេញ ហើយដោយ​សារ​ឈឺ​ទ្រាំលែងបាន​ចោរ​នោះ ក៏បាន​សម្រេចចិត្ត​រត់​គេចខ្លួន ដោយ​បន្សល់ទុក​ធ្មេញ​ដែលជា​ភស្តុតាង​សម្រាប់​សមត្ថកិច្ច​។ ក្រោយ​ការពិនិត្យ DNA លើ​ធ្មេញ ប៉ូលិស​ក្រុង​លី​យ៉ុង បាន​រកឃើញ​ជនសង្ស័យ ដែលជា​មុខសញ្ញា​ប្លន់​ជាច្រើនលើក​។​

​ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​សារភាព​ទោសកំហុស​របស់ខ្លួន ហើយ​គេ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ចោរកម្ម​ច្រើន​ករណី​នៅក្បែរ​តំបន់​ដែល​ខ្លួន​រស់នៅ​តែម្តង​៕



© រក្សាសិទ្ធិដោយ thmeythmey.com