អន្តរជាតិ
ឥណ្ឌូណេស៊ី ស្នើ​ឲ្យ​វៀតណាម​លុបបំបាត់​រនាំង​ពាណិជ្ជកម្ម
16, Sep 2018 , 9:42 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានដាក់​គោលដៅ​ថ្មី​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ​។ ក្រុង​ហ្សា​ការ​តា ក៏បាន​ស្នើ​ឲ្យ​ក្រុង​ហាណូយ​បន្ធូរបន្ថយ​រនាំង​ពាណិជ្ជកម្ម ដើម្បី​ជាការ​លើកទឹកចិត្ត​មួយ​សម្រាប់​អ្នកវិនិយោគ​ឥណ្ឌូណេស៊ី​ទៅ​វិនិយោគ​បន្ថែម​នៅ​វៀតណាម​។



​នា​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​វៀតណាម លោក Trần Đại Quang នៅ​ថ្ងៃ​ដើម​សប្តាហ៍​កន្លងទៅ លោក​ប្រធានាធិបតី Joko Widodo បាន​លើកឡើងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ បាន​កើនឡើង​រហូតដល់ ៦.៨ ពាន់​លាន​ដុល្លារ ហើយ​ឥណ្ឌូណេស៊ី សន្យា​បង្កើន​ឲ្យ​បាន ១០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ខណៈ​សរសើរ​ពី​ភាពល្អប្រសើរ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ ក៏បាន​ស្នើ​ត្រង់ៗ​ទៅកាន់​សម​ភាគី​វៀតណាម​ក្នុងការ​លុបបំបាត់​រនាំង​ពាណិជ្ជកម្ម​មួយចំនួន ដែល​រាប់បញ្ចូល​ទាំង​លើ​ផលិត​ស្វ័យប្រវត្តិ​ផង​។ លោក ក៏​រំពឹងថា អ្នក​ឥណ្ឌូណេស៊ី នឹង​អភិវឌ្ឍ​មុខ​ជំនួញ​របស់​ពួកគេ​នៅ​វៀតណាម​កាន់តែច្រើន​ទៀតផង​។​
 
​បន្ថែម​ពី​ជំនួប​ជាមួយនឹង​ប្រមុខរដ្ឋ​វៀតណាម លោក Jokowi ក៏បាន​ចូលជួប​ពិភាក្សា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyễn Xuân Phúc ផងដែរ​។ តាមរយៈ​ជំនួប​នេះ ភាគី បាន​ព្រមព្រៀងគ្នា​ទាំង​លើ​បញ្ហា​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម បញ្ហា​កំណត់ព្រំដែន​សមុទ្រ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​ការ​សហការគ្នា​លើ​ការបង្ក្រាប​បទល្មើស​នេសាទ​ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌​។​
 
​គួរកត់សម្គាល់​នោះ តាមរយៈ​ជំនួប​នេះហើយ ដែល​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​សន្យា​ដោះលែង​ពលរដ្ឋ​វៀតណាម ជាង​មួយរយ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​ការចូលទៅ​នេសាទ​ខុសច្បាប់ ឲ្យ​ត្រលប់មក​ស្រុកកំណើត​វិញ​។ កន្លងមក អ្នកនេសាទ​វៀតណាម គឺជា​មុខសញ្ញា​សកម្ម​មួយ ក្នុងចំណោម​អ្នកនេសាទ​មកពី​ប្រទេស​អាស៊ាន​ផ្សេងទៀត ដែល​បាន​ចូលទៅ​នេសាទ​ក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​៕ 

​ប្រភពដើម​៖ http://www.thejakartapost.com/news/2018/09/12/indonesia-targets-10b-trade-with-vietnam-by-2020-jokowi.html

Tag:
 វៀតណាម​
  ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com