អន្តរជាតិ
វៀតណាម ចង់​រៀន​ពីបទ​ពិសោធន៍​គ្រប់គ្រង​រដ្ឋាភិបាល​តាម​បែប​បច្ចេកវិទ្យា​ពី​អេ​ស្តូ​នី​
16, Sep 2018 , 7:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​សម្តែង​ទាំង​ឆន្ទៈ និង​ចំណង់​ក្នុងការ​រៀនសូត្រ​បទពិសោធ​ន៍​ក្នុងការ​គ្រប់គ្រង​រដ្ឋាភិបាល​តាម​បែបផែន​បច្ចេកវិទ្យា (e-government) ឬ (e-governance) ពី​រដ្ឋាភិបាល​ក្រុង​តា​លិ​ន​។ ក្រុង​ហាណូយ យល់ឃើញថា នេះ គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​ខ្លួន​ក្នុងការ​ដឹកនាំ​ប្រទេស​នាពេល​អនាគត​។​



​តាមរយៈ​ជំនួប​ទ្វេ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អេ​ស្តូ​នី លោក Sven Mikser ក្នុង​ក្រុង​ហាណូយ នៅ​ថ្ងៃ​១៤ កញ្ញា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បានផ្តល់​តម្លៃ​ខ្ពស់​លើ​របៀប​នៃ​ការដឹកនាំ​រដ្ឋាភិបាល​តា​ម​បច្ចេកវិទ្យា​របស់​អេ​ស្តូ​នី ហើយ​លោក ថែមទាំង​ចាត់ទុក​បទពិសោធន៍​ដឹកនាំ​នេះ ជា​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​វៀតណាម​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Vietnam News​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ រដ្ឋមន្ត្រីការបរទេស​អេ​ស្តូ​នី ក៏រ​ពឹង​ខ្ពស់​ដូចគ្នា​ផងដែរ​ថា វត្តមាន​របស់លោក​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ជាច្រើន​ជាមួយនឹង​វៀតណាម នឹងធ្វើ​ឲ្យ​ទំនាក់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ ជាពិសេស​នោះ​លើ​កិច្ចសហប្រតិបត្តិការ e-government និង e-government​។ 
 
​ប្រមុខ​ការទូត​រូបនេះ ក៏​អះអាងថា អេ​ស្តូ​នី ពេញចិត្ត​នឹង​ចែករំលែក​បទពិសោធន៍​គ្រប់គ្រង​នេះ​ជាមួយនឹង​វៀតណាម ហើយ ជឿជាក់​ផងដែរ​ថា ប្រព័ន្ធ​បច្ចេកវិទ្យា នឹង​ជួយ​វៀតណាម​ក្នុងការ​ពង្រឹង​ប្រព័ន្ធ e-government ដែលជា​ប្រព័ន្ធ​មួយ​ធ្វើ​ឲ្យ​ការដឹកនាំ និង​ការគ្រប់គ្រង​ប្រទេស​កាន់តែ​តម្លាភាព និង​សន្សំសំចៃ​ថវិកា​ទៀតផង​។ 
 
​កាន់តែ​ពិសេស​សម្រាប់​វៀតណាម​នោះ ប្រមុខ​ការទូត​ដដែល​រូបនេះ ក៏បាន​សន្យា​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុងការ​គាំទ្រ​សហភាព​អឺរ៉ុប​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​វៀតណាម និង​ថែមទាំង​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​ដែល​ត្រៀម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ផងដែរ​។​
 
​សូម​ជម្រាប​ផងដែរ​ថា អេ​ស្តូ​នី គឺជា​រដ្ឋ​មួយ​របស់​អឺរ៉ុប ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ហើយក៏​ជា​រដ្ឋ​ដំបូង​មួយ​របស់​ពិភពលោក ដែល​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាល​តា​ម​បច្ចេកវិទ្យា​។ សេវាសាធារណៈ​៩៩​ភាគរយ​របស់​អេ​ស្តូ​នី ត្រូវបានប្រតិបត្តិ​តាម​ប្រព័ន្ធ​អន​ឡាញ ២៤ ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ សេវា​ទាំងនេះ ក៏​រាប់បញ្ចូល​ទាំង​កិច្ចការ និង​ប្រតិបត្តិ​ការធ្វើ​ពាណិជ្ជកម្ម​ផងដែរ​៕ 

Tag:
 វៀតណាម​
  អេ​ស្តូ​នី
© រក្សាសិទ្ធិដោយ thmeythmey.com