អន្តរជាតិ
កូរ៉េខាងត្បូង សម្ញែង​នាវាមុជទឹក​ប្រភេទ​ថ្មី ខណៈ​ជំនួប​ជាមួយ​មួយ​កូរ៉េខាងជើង​ខិតជិត​មកដល់​
16, Sep 2018 , 8:29 pm        
រូបភាព
ដោយ:
​ទីក្រុង​សេ​អ៊ូ​ល បាន​បើក​ដំណើរការ​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​ជា​លើកដំបូង​បង្អស់ នា​ថ្ងៃទី​១៤ កញ្ញា បើទោះបីជា​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ក្តី​។ ជាក់ស្តែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ម៉ូ​ន ចេ​អ៊ី​ន នឹង​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង​សប្ដាហ៍​ក្រោយ​នា​ក្រុង​ព្យុងយ៉ាង​។

 
​នាវាមុជទឹក​ឈ្មោះ Dosan Ahn Chang-ho  ដែល​កូរ៉េខាងត្បូង​ដាក់​ដំណើរការ​នេះ មានតម្លៃ ៧០០​លាន​ដុល្លារ​នេះ និង​អាចមាន​សមត្ថភាព​បាញ់​ប្រហារ​លើ​នាវាចម្បាំង និង​ស្កាត់​មី​ស៊ី​ល​បាលី​ស្ទិ​កបាន​យ៉ាង​ងាយ​។ មាន​ទម្ងន់ ៣​ពាន់​តោន  វា​ជា​នាវាមុជទឹក​ដែល​ត្រូវ​ដំណើរការ​មុនគេ​បង្អស់ ក្នុង​គម្រោង​នាវា​ចំនួន ៣​គ្រឿង​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ​បាន​។ ចំណែកឯ​នាវា​ដែល​នៅ​សេសសល់​ចំនួន​២​ទៀត នឹង​រួច​រាក់​ក្នុងពេល ៥​ឆ្នាំ​ខាងមុខ​។​
 
​នាវាមុជទឹក​ថ្មី​នេះ មាន​កាណុង​កាំភ្លើង​បញ្ឈរ​ចំនួន ៦​ដើម និង​បំពាក់​ជាមួយ​ប្រព័ន្ធគ្រប់គ្រង​ការ​វាយ​ប្រយុទ្ធ និង​ប្រព័ន្ធ «Sonar» ដែល​ប្រើប្រាស់​សំឡេង​ក្នុង​ទឹក ដើម្បី​ស្វែងរក​ផ្លូវ និង​ប្រាស្រ័យ​ទាក់ទង​ជាដើម​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ AFP ការដាក់​ដំណើរការ​នាវាមុជទឹក​ផ្ទុក​ក្បាល​គ្រាប់​មី​ស៊ី​ល​នេះ គឺ​តំណាង​ឲ្យ​ការឈាន​ទៅមុខ​មួយ​ជំហាន ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា​របស់​កូរ៉េខាងត្បូង​។ នេះ​ការបញ្ជាក់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ចេ​អ៊ី​ន ក្នុង​ពិធី​បើក​ដំណើរការ​នាវាមុជទឹក​នេះ ក្នុង​កំពង់ផែ Daewoo  ជាទី​ដែល​វា​ត្រូវបាន​សាងសង់ឡើង​។​
 
​ប្រធានាធិបតី​វ័យ ៦៥​ឆ្នាំ​រូបនេះ បាន​និយាយទៀតថា​៖ «​យើង​បានចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ ដើម្បី​ឆ្ពោះទៅកាន់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បាន​ទាំងស្រុង ក្នុង​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​សន្តិភាព មិនត្រូវ​បានផ្ដល់​ឲ្យ ដោយ​គ្មាន​លក្ខខណ្ឌ​នោះទេ​។ សន្តិភាព​ដោយ​ប្រើប្រាស់​អំណាច ជា​យុទ្ធសាស្ត្រ​សន្តិសុខ​ដ៏​រឹងមាំ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៉ូ​ល​»​។​
 
 
​ក្រៅពី​នាវាមុជទឹក​ប្រភេទ​ថ្មី​នេះ កូរ៉េខាងត្បូង ក៏បាន​ដាក់​ដំណើរការ​នាវាមុជទឹក​តូចៗ​ចំនួន ១៨​គ្រឿង​ដែលមាន​ស្រាប់​របស់ខ្លួន​ក្នុង​ពិធី​នេះ​ផងដែរ​។ នាវាមុជទឹក​តូចៗ​ទាំងនេះ ត្រូវបាន​បង្កើតឡើង ដោយ​រួម​សហការគ្នាជាមួយ​អាល្លឺម៉ង់​។ 
 
​គួរ​បញ្ជាក់ដែរថា លោក ម៉ូ​ន ចេ​អ៊ី​ន នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង នា​សប្ដាហ៍​ក្រោយនេះ សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ ជំនួប​ថ្មី​នេះ​ធ្វើឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក បាន​ប្រឹងប្រែង​ជាខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​ក្រុង​ព្យុងយ៉ាង​ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

Tag:
 កូរ៉េខាងត្បូង កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com