អន្តរជាតិ
លោកស្រី ស៊ូ​ជី ជឿជាក់​បក្ស​កាន់អំណាច​របស់ខ្លួន នឹង​ឈ្នះ​ការបោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំ​២០២០
16, Sep 2018 , 9:29 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ា់ន់ម៉ា អ៊ុងសាន ស៊ូជី នាជំនួបវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅវៀតណាម (រូបភាព AFP)
ទីប្រឹក្សារដ្ឋមីយ៉ា់ន់ម៉ា អ៊ុងសាន ស៊ូជី នាជំនួបវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅវៀតណាម (រូបភាព AFP)
ដោយ:
​បើទោះបីជា​រយៈកាល​នៃ​ការបោះឆ្នោតជាតិ​អាណត្តិ​បន្ទាប់​របស់​មី​យ៉ាន់​ម៉ា ស្ថិតនៅ​រយៈពេល​ឆ្ងាយ​ក៏ដោយ​ក្តី ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី មាន​ជំនឿ​មុខមាំ​ថា​បក្ស​លោកស្រី នឹង​ឈ្នះ​ជាថ្មី​ម្តងទៀត​។ លោកស្រី ស៊ូ​ជី អាច​ហ៊ាន​អះអាង​បែបនេះ ដោយ​សម្អាង​លើ​សមិទ្ធផល​គួរកត់សម្គាល់ នៃ​ការដឹកនាំ​រដ្ឋាភិបាលរ​យៈ​ពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​។​



​នាឱកាស នៃ​ការជជែក​ដេញដោល​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​វៀតណាម​នៅ​ថ្ងៃ​១៣ កញ្ញា កន្លងទៅ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទួលស្គាល់ថា ការអភិវឌ្ឍ​ប្រទេស​ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​នៃ​បក្ស​កាន់អំណាច​បច្ចុប្បន្ន នៅមានកម្រិត ក៏ប៉ុន្តែ​មាន​ភាពល្អប្រសើរ​ជាង​មុន ហើយ​លោកស្រី ក៏មាន​ការពេញចិត្ត​ផងដែរ​។ 
 
​តាមរយៈ​កិច្ចសន្ទនា​តទល់​ជាមួយនឹង​វាគ្មិន​រយៈ​ប្រមាណ​កន្លះ​ម៉ោង ទីប្រឹក្សា​រូបនេះ បានបង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ស៊ីវិល​ដំបូង ក្រោយ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៥ ក្នុងការ​ស្តារ និង​ធានា​ទាំង​សន្តិភាព និង​ការអភិវឌ្ឍ ជាពិសេស​នោះ លទ្ធិប្រជាធិបតេយ្យ​តែម្តង​។ លោកស្រី ក៏​មិន​ញញើត​ក្នុង​ការនិយាយ​ពី​ការប្តេជ្ញាចិត្ត​មិន​រាថយ​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផងដែរ​។​
 
​នៅ​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន លោកស្រី​ទីប្រឹក្សា​រដ្ឋ ហាក់​រង​សម្ពាធ​បន្តិច នៅពេល​លោកស្រី ត្រូវបាន​សួរ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​លើ​វិបត្តិ​បញ្ហា​ជនភៀសខ្លួន ពី​រដ្ឋ​រ៉ា​ខាន និង​ការកាត់ទោស​ពន្ធនាគារ​លើ​អ្នកសារព័ត៌មាន Reuters ក៏ដូចជា​ការ​ប្រឈម​របស់​មី​យ៉ាន់​ម៉ា​ចំពោះ​សហគមន៍​អន្តរជាតិ​។ តែ​យ៉ាងណា ដូច​សព្វមួយដង លោកស្រី អះអាងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ស្របតាម​នីតិរដ្ឋ ហើយ​ស្ថានភាព​បញ្ហា​ក៏មាន​ភាពល្អប្រសើរ​ជាង​មុន​ហើយ​ដែរ​។ 
 
«...​ការបោះឆ្នោត​អាណត្តិ​បន្ទាប់​នៅ​ឆ្នាំ​២០២០ កំពុងតែ​ឆ្ពោះ​មកដល់ ខ្ញុំ ជឿជាក់ថា លោកស្រី ក៏ដូចជា​បក្ស​លោកស្រី នឹងចូលរួម​ប្រកួតប្រជែង​ជាថ្មី​ម្តងទៀត​។ តើ​លោកស្រី គិតថា បក្ស​លោកស្រី នឹង​ឈ្នះ​ការបោះឆ្នោត​ម្តងទៀត​ទេ​...?» នេះ​គឺជា​សំណួរ​ចុងក្រោយ​របស់​វាគ្មិន​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី មុនពេល​បញ្ចប់​នៃ​ការជជែក​ដេញដោល​។​
 
​តប​នឹង​សំណួរ​នេះ លោកស្រី ស៊ូ​ជី បាន​សង្កត់ធ្ងន់ថា​៖« យើង​ចង់​ឈ្នះ ។ នោះ​ក៏​ព្រោះតែ​យើង ក៏​សក្តិសម​នឹង​ឈ្នះ ហើយក៏​មិនមែន​ដោយសារតែ​យើង​ចង់​ឡើយ​។ នេះ មានន័យថា បើ​យើង​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២០ ក៏​ព្រោះតែ កន្លងមក យើង​បាន​បំពេញការងារ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ក្នុង​ការបន្ត​គាំទ្រ​យើង​សម្រាប់​ការដឹកនាំ​ប្រទេស​បន្ត​»​។​
 
​លោកស្រី លើកឡើងថា អ្នកខ្លះ អាច​នឹង​និយាយថា វា ជា​រឿង​មិនល្អ​នោះទេ ដែល​បក្សនយោបាយ​ចង់​ឈ្នះ​ការបោះឆ្នោត​ម្តង​ហើយ​ម្តងទៀត ។ ក៏ប៉ុន្តែ​លោកស្រី អះអាងថា ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ វា គឺជា​រឿង​សំខាន់​ណាស់ ដែលមាន​វត្តមាន​បក្ស​លោកស្រី ក្នុងការ​ទទួលខុសត្រូវ និង​មើលថែ​ប្រទេស ប្រសិនបើ​ចង់ រក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com