អន្តរជាតិ
ថៃ​៖ អ្នកនយោបាយ​វ័យក្មេង បន្ត​ងើប​តទល់​នឹង​របប​សឹក​លោក ប្រា​យុទ្ធ និង​សន្យា​នាំ​ប្រជាធិបតេយ្យ​មកវិញ​
17, Sep 2018 , 11:16 am        
រូបភាព
រូបភាព៖ Foreign Correspondent Club
រូបភាព៖ Foreign Correspondent Club
ដោយ:
​សហ​ស្ថា​និក​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​( Future Forward )  ដែលជា​បក្សនយោបាយ​ថ្មី​របស់​ថៃ លោក Thanathorn Juangroongruangkit បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជា​កម្លាំង​ជាមួយនឹង​បក្ស​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ និង​នាំ​លទ្ធិប្រជាធិបតេយ្យ​ថៃ​មកវិញ​។ សហ​ស្ថា​និក​បក្ស​ថ្មី​រូបនេះ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ថៃ ជួយ​បក្ស​របស់លោក​ដើម្បី​បំពេញបេសកកម្ម​មួយ​នេះ​។​


 
​អ្នកនយោបាយ​វ័យក្មេង​ថៃ នៃ​គណបក្ស​អនាគត​ឆ្ពោះ​មុខ លោក Thanathorn នៅ​ថ្ងៃ​១៥ កញ្ញា បាន​ប្រើប្រាស់​សារ​ថ្មី​ទៅកាន់​ប្រជាពលរដ្ឋ​ថៃ លោក ទទូច​ឲ្យ​ពលរដ្ឋ​ថៃ ជួល​គណបក្ស​លោក ដោយ​គ្រាន់​ចំណាយ​ថវិកា ១០០​បាត ដើម្បី​ចូល​ជា​សមាជិក ហើយ​វា​ផ្តល់​លទ្ធភាព​ឲ្យ​បក្ស​លោក​តស៊ូ​ទាមទារ និង​នាំ​ល​ទិ្ធ​ប្រជាធិបតេយ្យ​ថៃ​ត្រឡប់មកវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។​

អត្ថបទទាក់ទង
 
 
​ខណៈដែល​របប​សឹក នៅតែ​បន្ត​រឹតត្បិត​សកម្មភាព​ពាក់ព័ន្ធ​នយោបាយ ក្រោមលេស​ធានា​សណ្តាប់ធ្នាប់​ជាតិ លោក Thanathorn ហាក់ដូចជា​មិនសូវ​ញញើត​សោះឡើយ​ក្នុងការ​និយាយ​ពី​ការពិត និង​ផែនការ​ក្នុងការ​បញ្ជ្រាប​ផ្នត់គំនិត​សម្រាប់​ការផ្លាស់ប្តូរ​របប​ដឹកនាំ​ថៃ​បច្ចុប្បន្ន​។ លោក Thanathorn បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយនឹង​បក្ស​លោក​។​
 
​តាម The Nation លោក Thanathorn បាន​សួរ​ពលរដ្ឋ​ថៃ ថា​តើ ប្រជាជន​ថៃ ត្រូវ​បន្ត​រស់នៅ​ជាមួយនឹង​ភាព​ខ្លាច និង​អំណាច​ផ្តាច់ការ ដែលជា​របប​ដឹកនាំ​មួយ​កំណត់​ផ្លូវ​ឲ្យ​ប្រជាជន​ដើរ​ដោយ​គ្មាន​ការឯកភាព​ពី​ប្រជាជន ឬ​ប្រជាជន ជា​អ្នកកំណត់​ជោគវាសនា​ដោយ​ខ្លួនឯង​?
 
​លោក ថ្លែង​បែបនេះ​រួចហើយ ក៏​បញ្ចេញ​សារ​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយនឹង​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«...​តម្លៃ​នៃ​ការបង់​១០០​បាត​សម្រាប់​ការចូល​ជា​សមាជិក គឺជា​តម្លៃ​ឈ្នួល​សម្រាប់​ខ្ញុំ និង​បក្ស​អនាគត​ឆ្ពោះទៅមុខ​ដើម្បី​នាំ​ប្រជាធិបតេយ្យ​ត្រលប់​មកវិញ​។ ប្រទេស​ត្រូវការ​យើង ហើយ​បក្ស​អនាគត​ឆ្ពោះទៅមុខ ត្រូវការ​អ្នករួមដំណើរ​ជាមួយ​»​។​
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ នៅ​ថ្ងៃ​១២ កញ្ញា​កន្លងទៅ អ្នកនយោបាយ​វ័យ ៣៩ ឆ្នាំ និង​ជា​អតីត​អ្នក ជំនួញ​ជោគជ័យ​ក្នុងសង្គម​រូបនេះ ក៏បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​សិង្ហ​បុរី​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុម​លោក​ក្នុងការ​ប្រជែង​ផ្នត់គំនិត​និង​តទល់​ជាមួយនឹង​របប​សឹក​ដែល​ពួកគេ ហៅថា​ជា​របប​ផ្តាច់ការ​។ 
 
​ពី​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ហាណូយ ដែលជា​កន្លែង​លោក​ទៅ​ចូល​ស្តាប់​ការជជែក​ដេញដោល​របស់​ថ្នាក់ដឹកនាំ កំពូល​របស់​ប្រទេស និង​ជា​កន្លែង​លោក ជួបពិភាក្សា​ជាមួយនឹង​អ្នក​នាំ​វ័យក្មេង​នៅក្នុង​តំបន់​ផង​នោះ លោក Thanathorn បាន​ប្រាប់ The Strait Times ពី​ផែនការ នៃ​ការនាំ​ប្រជាធិបតេយ្យ​ថៃ​មកវិញ ដោយ​ដំបូង​គេ​បង្អស់ គឺ​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​។​
 
​លោក បន្តថា ចំណុច​បន្ទាប់​គឺ លោក​ត្រូវ​ដឹកនាំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ប្រជាមតិ​មួយទៀត​ដើម្បី​សម្រេចយក​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ធានា មិន​ឲ្យ​មាន​កម្អែល​របស់​របប​សឹក​នៅ​បន្តទៀត​។ ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ អ្នកនយោបាយ​ជំនាន់​ក្រោយ​ថៃ​រូបនេះ ក៏​ហ៊ាន​និយាយ​ចំហរ​ក្នុងករណី​ដែល​របប​សឹក ចោទប្រកាន់​រូបលោក ថា បំពាន​នឹង​ច្បាប់​គ្រប់គ្រង​កុំព្យូទ័រ និង​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត ក្រោយពី​លោក បាន​ជជែក​វែកញែក​រឿង​នយោបាយ​តាម​ហ្វេ​ស​ប៊ុ​ក​។​
 
​លោក សង្កត់ធ្ងន់ថា​៖«​ពួកគេ ព្យាយាម​បិទមាត់​ខ្ញុំ ...​។ ប្រសិនបើ​ប្រជាជន​ទាំងអស់ បង់​បោះ​ការតស៊ូ នោះ​ប្រទេស​ទាំងមូល នឹងត្រូវ​ដើរ​ថយក្រោយ​ហើយ​»​។ លោក ក៏បាន​ថ្លែង​ជឿជាក់​ផងដែរ​ថា ករណី​លោក ត្រូវបាន​កាត់ទោស​ឲ្យ​ជន​ពន្ធនាគារ​តាម​បណ្តឹង​នោះ​មែន បក្ស​របស់លោក នឹង​នៅតែ​បន្ត​រស់ ហើយ​ប្រជាជន​ផ្សេងទៀត ក៏​នៅតែ​ក្រោកឈរ និង​ធ្វើ​សកម្មភាព ដូចដែល​លោក បានធ្វើ​ដូចគ្នា​ផងដែរ​៕ 
 

Tag:
 ថៃ​
  នយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com