អន្តរជាតិ
មេក្រុម​ហ៊ុន​ធំៗ​កូរ៉េខាងត្បូង នឹង​អមដំណើរ​លោក មូ​ន ចេ​អ៊ី​ន ទៅ​កូរ៉េខាងជើង​
17, Sep 2018 , 2:08 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ប្រតិភូ​ដែលមាន​សមាជិក​៥២​នាក់ នឹងត្រូវ​អមដំណើរ​លោក មូ​ន ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង តួ​យ៉ា​មន្ត្រី​រដ្ឋាភិបាល អ្នកជំនួញ​ធំៗ អ្នកនយោបាយ​មាន​ឥទ្ធិពល ព្រមទាំង​តារាចម្រៀង​ល្បីឈ្មោះ​ផង​។

 
​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានប្រកាស​បញ្ជី​ឈ្មោះ​ប្រតិភូ​ដែល​នឹង​អមដំណើរ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​។ លោក មូ​ន នឹងធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​ចូលរួម​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​។ នេះ គឺជា​ជំនួប​ទល់មុខ​លើក​ទី​៣ រវាង​លោក មូ​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ជា​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​៥ ជា​ប្រវត្តិសាស្ត្រ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រតិភូ​ដែល​អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទាំង​៥២​នាក់ ត្រូវបាន​ជ្រើសរើស​ចេញពី​មន្ត្រី​រដ្ឋាភិបាល អ្នកនយោបាយ ថ្នាក់ដឹកនាំ​ធុរកិច្ច​ធំៗ និង​តំណាង​មកពី​វិស័យ​ជាច្រើន​ទៀត​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ បណ្ដា​នាយក​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង​ជាច្រើន​ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រតិភូ​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង​នា​ជំនួប​មេដឹកនាំ​ដែល​គ្រោង​ធ្វើ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា​ដែរ​។​
 
​លោក Lee Jae-Yong អនុប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung Group, លោក Chey Tae-won​ប្រធាន​ក្រុមហ៊ុន​តិច​ណូ​ឡូ​ជី SK Group, លោក Kim Yong-hwan អនុប្រធាន​ក្រុមហ៊ុន Hyundai Motor Group និង​លោក Koo Kwang-mo ប្រធាន​ក្រុមហ៊ុន LG Group គឺជា​សមាជិក​ពិសេស​នៃ​ប្រតិភូ​របស់លោក មូ​ន បន្ថែម​ពីលើ​សមាសភាព​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត​។ រដ្ឋមន្ត្រី​ការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​បង្រួបបង្រួម សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​ទាំងអស់​។​
 
​ក្រៅពីនោះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​នាំយក​តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​វិស័យ K-pop ទៅ​សម្ដែង​នៅ​ព្យុងយ៉ាង​ដែរ​។ មេបក្សនយោបាយ​ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ក៏មាន​ឈ្មោះ​ជា​ប្រតិភូ​ដែរ​។ បើ​រាប់ទាំង​អ្នកសារព័ត៌មាន និង​បុគ្គលិក​ទូរទស្សន៍​ដែល​ទៅ​ផ្ដិត​យក​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ប្រតិភូ​កូរ៉េខាងត្បូង​ទាំងអស់ នឹងមាន​សមាជិក​ជាង​២០០​នាក់​។ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ប្រតិភូ​កូរ៉េខាងត្បូង​មួយក្រុម​ធំ​បាន​ទៅ​ឆ្លង​ព្រំដែន​រួចហើយ​ដើម្បី​ត្រៀម​រៀបចំ​ជំនួប​លោក មូ​ន និង​លោក គីម លើក​ទី​៣ ។​
 
​មុន​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​លើកទីមួយ​នេះ លោក មូ​ន បានបញ្ជាក់​ច្បាស់​ហើយ​ថា គោលដៅ​សំខាន់ គឺ​ពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ជំរុញ​កិច្ចសន្ទនា​រវាង​អាមេរិក និង​កូរ៉េខាងជើង​សំដៅ​បញ្ចប់​ការដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​។ លើសពីនោះ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ក៏​នឹង​ជំរុញ​ឲ្យ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​លើក​ទី​២ ផងដែរ ព្រោះ​វា​ជាការ​ចាំបាច់​ក្នុងការ​ស្វែងរក​ច្រកចេញ​នៃ​ការរំសាយ​នុយក្លេអ៊ែរ​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com