អន្តរជាតិ
UN បើកផ្លូវ​អាកាស​ដើម្បី​សង្គ្រោះ​ប្រជាជន​យេ​ម៉ែន​ដែលមាន​ជំងឺមហារីក ខណៈ​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​
17, Sep 2018 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការសហប្រជាជាតិ​កំពុង​ពិភាក្សា​ដើម្បី​ឈានទៅ​បើកផ្លូវ​អាកាស​សម្រាប់​ដឹក​អ្នកជំងឺ​ធ្ងន់ធ្ងរ​នៅ​យេ​ម៉ែន​ទៅកាន់​ទីកន្លែង​ដែល​សម្ភារ​និង​ស្តង់ដា​ត្រឹមត្រូវ​។ អ្នកជំងឺ​មហារីក​, ជំងឺ​រ៉ាំរ៉ៃ និង​អ្នកមាន​ជំងឺ​មិន​ប្រក្រតី​ផ្សេងទៀត​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ជន​អាទិភាព​។​


 
 តំណាង​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក​ទទួលបន្ទុក​ប្រទេស​យេ​ម៉ែន Nevio Zagaria បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ទី ១៦ ខែកញ្ញា​ថា តំណាង​អង្គការសហប្រជាជាតិ​កំពុង​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឈានទៅ​បើកផ្លូវ​អាកាស​មនុស្សធម៌​សម្រាប់​ការសង្គ្រោះ​ប្រជាជនមាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​យេ​ម៉ែន​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ខាងលើ​បាន​បញ្ជាក់ថា ផ្លូវការ​មនុស្សធម៌​នេះ​គឺ​បើក​សម្រាប់​រាល់​ប្រជាជន​ដែលមាន​ជំងឺមហារីក និង​ជំងឺ​ផ្សេងទៀត​ដែល​ធ្ងន់ធ្ងរ​។ ពួកគេ​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ដែលមាន​សម្ភារ​ព្យាបាល​ត្រឹមត្រូវ និង​ល្អប្រសើរ​ដែរ​។ 
 
​លោក Nevio Zagaria បានបញ្ជាក់​ដូច្នេះ​ថា​៖ « ការបង្កើត​ច្រក​នេះ​គឺ​ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺមហារីក ជំងឺ​រ៉ាំរ៉ៃ និង​ភាពមិនប្រក្រតី​ពី​កំណើត​ផ្សេងទៀត​ដែល​ត្រូវ​ទទួល​ការព្យាបាល​ឆាប់រហ័ស​ផង​។ ជារួម​ជំងឺ ១២ ស្ថិតក្នុង​បញ្ជី​ក្នុងនោះ​មាន​ជំងឺ​ក្រលៀន ជំងឺ​ឆ្អឹង និង​ជំងឺ​ផ្សេងទៀត​ដែរ​»​។​
 
​លោក Zagaria បាន​បង្ហើប​ថា ចំនួន​អ្នកជំងឺ ៨០​ភាគរយ​ដែល​ត្រូវបញ្ជូន​តាម​ច្រក​ផ្លូវអាកាស​នេះ​ជា​ស្ត្រី និង​កុមារ ហើយ​វា​ជា​ក្តីសង្ឃឹម​ចុងក្រោយ​សម្រាប់​អ្នកជំងឺ​ទាំងនោះ​។ លោក​ពន្យល់​បន្ថែម​ដែរ​ថា ច្រក​ផ្លូវអាកាស​មនុស្សធម៌​នេះដែរ​នឹងត្រូវ​ដំណើរការ​ក្នុង​ជំហាន​ដំបូង​និង​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​ក្នុងពេល ៦​ខែ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​មិនបាន​បញ្ជាក់បន្ថែម​ទេ​ថា អ្នកជំងឺ​ទាំងនោះ​នឹងត្រូវ​ដឹកជញ្ជូន​ទៅ​ព្យាបាល​នៅឯណា​ជាក់លាក់​ឡើយ​។ 
 
​សូមបញ្ជាក់ថា មកដល់ពេលនេះ ប្រជាជន​យេ​ម៉ែន ២២ លាន​នាក់​ឬ​ស្មើនឹង​បី​ភាគ​បួន​នៃ​ប្រជាជន​សរុប​ត្រូវការ​ជំនួយ​មនុស្សធម៌ ខណៈដែល​សង្គ្រាម​បន្ត​ទៅមុខ​រវាង​កងក​ម្លាំ​ង​ក្រុម​ឧទ្ទាម Houthis ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​យេ​ម៉ែន​ដែល​ទទួលបាន​ការគាំទ្រ​ពី​សម្ព័ន្ធ​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​។​
 
​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ការវាយប្រហារ និង​ការទម្លាក់​គ្រាប់​តាមផ្លូវ​អាកាស​ដោយ​ក្រុម​រដ្ឋ​អារ៉ាប់​នៅ​ក្រុង Hodeida នោះបាន​ឆក់យក​ជីវិត​មនុស្ស ៣២​នាក់​ឯណោះ​។ បើតាម​ការបញ្ជាក់​ពី​ខាង​មន្ទីរពេទ្យ​និង​ក្រុម​សង្គ្រោះ​ពួកគេ​ជា​ក្រុម​ឧទ្ទាម​។​
 
​កន្លងមក​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ខ្នងបង្អែក​រដ្ឋាភិបាល​យេ​ម៉ែន​បច្ចុប្បន្ននេះ​បន្ត​ចោទប្រកាន់ថា​ក្រុម​ឧទ្ទាម Houthis បាន​លួច​នាំ​សព្វាវុធ​ពី​អ៊ីរ៉ង់​ដោយ​ប្រើប្រាស់​កំពង់ផែ​ក្រុង Hodeida នេះ ហើយ​ពួកគេ​បាន​បិទ​កំពង់ផែ​ពាក់កណ្តាល​ផង​។​កំពុងផែ​នេះ​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម រាប់​ចាប់ពី​ពេល​ជម្លោះ​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១៤​។   
 
​តាមពិតទៅ វិបត្តិ​នៅ​យេ​ម៉ែន​ផ្ទុះឡើង​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ឥស្លាម Houthis ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៤ ក្រោយ​ពេលដែល​រដ្ឋាភិបាល​ថ្មី​ជំនួស​រដ្ឋាភិបាល​ផ្តាច់ការ​របស់លោក Ali Abdallah Saleh ដែល​ធ្លាក់​ពី​តំណែង​នា​ឆ្នាំ​២០១១ នោះ បានប្រកាស​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​។ រដ្ឋធម្មនុញ្ញ​នោះ​មាន​គោលដៅ​បង្កើត​តំបន់​រដ្ឋបាល​តាមបែប​រដ្ឋ​សហព័ន្ធ​ដោយមាន​រដ្ឋ​ចំណុះ​៦ ដែល​វា​ជា​លេស​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ថយអំណាច​នយោបាយ​របស់​ក្រុម Houthis៕
 

Tag:
 UN
  យេ​ម៉ែន​
  សង្គ្រាមស៊ីវិល​
  មហារីក​
  Houthis
© រក្សាសិទ្ធិដោយ thmeythmey.com