អន្តរជាតិ
លោក គីម ជុងអ៊ុន ស្វាគមន៍លោក មូន ចេអ៊ីន ដោយផ្ទាល់នៅព្រលានយន្តហោះ
× មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយា នៅថ្ងៃទី១៨ ខែកញ្ញា បានទៅទទួលប្រធានាធិបតីកូរ៉េខាងត្បូង មីន ចេអ៊ីន និងភរិយា ដល់ព្រលានយន្តហោះរដ្ឋធានីព្យុងយ៉ាង។ លោក មូន បានធ្វើដំណើរតាមរយៈយន្តហោះដោយផ្ទាល់ពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមជំនួបមេដឹកនាំអន្តរកូរ៉េ។ នេះជាជំនួបទល់មុខលើកទី៣រវាងលោក មូន និងលោក គីម ក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយនៅថ្ងៃទី១៨ ខែកញ្ញា ដើម្បីបើកជំនួបមេដឹកនាំកូរ៉េជាមួយមេដឹកនាំកូរ៉េខាងជើង។ នៅព្រលានយន្តហោះរដ្ឋធានីព្យុងយ៉ាង លោក មូន ត្រូវបានស្វាគមន៍ដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ហើយបន្ទាប់មកមេដឹកនាំកូរ៉េទាំងពីរក៏បានដើរត្រួតពលកងកិត្តិយសនៃកងទ័ពកូរ៉េខាងជើងដែរ។
នេះជារឿងភ្ញាក់ផ្អើលដែលលោក គីម និងភរិយា បានទៅទទួលលោក មូន ដោយផ្ទាល់បែបនេះ។ លោក មូន និងលោក គីម ធ្លាប់ជួបគ្នាពីរដងរួចហើយ។ លើកទីមួយក្នុងខែមេសា នៅទឹកដីកូរ៉េខាងត្បូង និងលើកទីពីរក្នុងខែឧសភា នៅទឹកដីកូរ៉េខាងជើងវិញម្ដង។ តាមពិតជំនួបទាំងពីរនេះ ធ្វើឡើងនៅតំបន់ព្រំដែនគ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េតែម្ដង។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន និយាយមុនចាកចេញពីកូរ៉េខាងត្បូងថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងរបស់លោក នឹងទទួលជោគជ័យ បើសិនអាចជួយឲ្យកិច្ចសន្ទនារវាងអាមរិក និងកូរ៉េខាងជើងចាប់ផ្ដើមឡើងវិញ។ ការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងជាប់គាំង ក្រោយភាគីទាំងពីរមិនខ្វែងគំនិតគ្នាលើការរំសាយនុយក្លេអ៊ែរដែលបានឯកភាពគ្នាកាលពីជំនួបនៅសិង្ហបុរីក្នុងខែមិថុនាកន្លងទៅ។
ប្រធានាធិបតីកូរ៉េខាងត្បូង អមដំណើរដោយប្រតិភូជាច្រើនមានអ្នកនយោបាយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ពាណិជ្ជករដែលជាម្ចាស់ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង និងតារាចម្រៀងផង។ ប្រភពព័ត៌មានខាងលើ លោក មូន និងលោក គីម ត្រូវមានជំនួបចរចាយ៉ាងហោចណាស់ពីរ ហើយលើកទីមួយនឹងធ្វើឡើងបន្ទាប់ពីលោក មូន ទៅដល់តែម្ដង៕
Tag:
InterKorean Summit
កូរ៉េខាងជើង
កូរ៉េខាងត្បូង
គីម ជុងអ៊ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com