អន្តរជាតិ
អាមេរិក និង​អ៊ីរ៉ង់​ប្រើ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​វាយប្រហារ​គ្នា​
26, Sep 2018 , 7:39 pm        
រូបភាព
​ខុសពី​ឆ្នាំ​២០១៧ ដែល​កូរ៉េខាងជើង​ជា​គោលដៅ​វាយប្រហារ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នា​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ក្នុង​ឆ្នាំ​២០១៨ អ៊ីរ៉ង់​ក្លាយជា​មុខសញ្ញា​វិញ​ម្ដង​។ លោក ត្រាំ ចាត់ទុក​របប​ដឹកនាំ​អ៊ីរ៉ង់​ជា​មេ​គាំទ្រ​ភេ​វរ​កម្ម សាបព្រោះ​ហិង្សា និង​បង្ក​អស្ថិរភាព​នៅ​ម​ជ្ឈិ​បូព៌ា​។ ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​តបត​វិញ ដោយ​រិះគន់ថា លោក ត្រាំ ជា​មនុស្ស​ខ្សោយ​បញ្ញា​។​

 
​កិច្ចប្រជុំ​លើក​ទី​៧៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា បាន​ក្លាយជា​វេទិកា​ឆ្លើយឆ្លង​ពាក្យសម្ដី​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ។ លោក ត្រាំ ដែល​មិន​ពេញចិត្ត​អ៊ីរ៉ង់​បន្តិច​សោះ​សោះ​នោះ ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​កាន់​តែ​ច្រើន​លើ​អ៊ីរ៉ង់ បន្ទាប់ពី​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ឯ​លោក រូ​ហា​នី ក៏​រិះគន់​គោលនយោបាយ​លោក ត្រាំ កប់​មាត់​វិញ​ដែរ​។​


 
​ផ្ទុយស្រឡះ​ពី​កិច្ចប្រជុំ​ឆ្នាំមុន លោក ត្រាំ មិនបាន​និយាយ​វាយប្រហារ​កូរ៉េខាងជើង​ទៀតឡើយ តែ​ថែមទាំង​អរគុណ​មេដឹកនាំ​កូរ៉េខាងជើង​ទៅទៀត​។ លោក​បាន​ប្រើប្រាស់​ពេលវេលា​ស្ទើរ​ទាំង​អស់នៃ​សុន្ទរកថា​ជាង​៣០​នាទី លើ​គោលដៅ​អ៊ីរ៉ង់​។ លោក​បាន​ចោទ​របប​ដឹកនាំ​ក្រុង​តេ​ហេ​រ់ង់​ថា កំពុង​សាបព្រោះ​ចលាចល ការបំផ្លិចបំផ្លាញ និង​ការស្លាប់ ព្រមទាំង​មិន​គោរព​ប្រទេស​ដទៃ ឬក៏​អធិបតេយ្យ​ប្រទេស​ផ្សេងទៀត​ដែរ​។​
 
​ក្នុងការ​បង្ហាញខ្លួន​លើក​ទី​នៅ​ចំពោះមុខ​កិច្ចប្រជុំ UNGA ប្រធានាធិបតី​អាមេរិក​រូបនេះ​បានស្នើ​ឲ្យ​អន្តរជាតិ​ដាក់​អ៊ីរ៉ង​ឲ្យ​នៅឯ​កោ បើ​អ៊ីរ៉ង់​បន្ត​នូវ​ដែល​អាមេរិក​ចាត់ទុកជា សម្មភាព​ឈ្លានពាន​ទៀត​នោះ​។ ឆ្លៀតឱកាស​នោះ លោក ត្រាំ ក៏​និយាយ​ការពារ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ហើយ​ប្រកាស​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធានាថា អ៊ីរ៉ង់​ដែលជា​ប្រទេស​គាំទ្រ​ភេរវកម្ម​ធំ​មួយ​របស់​ពិភពលោក មិនអាច​មាន​នុយក្លេអ៊ែរ​ដាច់ខាត​។​
 
​ដល់​វេន​លោក​ប្រធានាធិបតី រូ​ហា​នី វិញ មេដឹកនាំ​អ៊ីរ៉ង់​រូបនេះ​បាន​រិះគន់​ប្រធានាធិបតី​អាមេរិក​ចំៗ ជាពិសេស​នយោបាយ​ឯកតោភាគី​និយម​តែម្ដង​។ ការ​ងើប​ប្រឆាំងនឹង​ពហុភាគី​និយម មិនមែនជា​សញ្ញា​នៃ​ភាពខ្លាំង​ទេ តែ​ជាស​ញ្ញា​នៃ​ភាពទន់ខ្សោយ​ផ្នែក​បញ្ញា​ទៅវិញ​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក រូ​ហា​នី ដែល​ចង់​សំដៅទៅ​លោក ត្រាំ ។ ប្រធានាធិបតី​អ៊ីរ៉ង់​ក៏​បន្ត​ចោទ​អាមេរិក​ថា រៀប​ផែនការ​ផ្ដួលរំលំ​របប​ដឹកនាំ​អ៊ីរ៉ង់​ផងដែរ​។​


 
​អាមេរិក និង​អ៊ីរ៉ង់​មិនត្រូវ​គ្នា​កាន់តែខ្លាំង បន្ទាប់​ការដើរ​ចេញ​របស់​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ កាលពី​ខែឧសភា ហើយ​អាមេរិក​ក៏​ផ្ដើម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​។ លោក រូ​ហា​នី ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក ជា​ភេរវកម្ម​ផ្នែក​សេដ្ឋកិច្ច​។ ប៉ុន្តែ​លោក​ក៏​រីករាយ​ដែល​ប្រទេស​ហត្ថលេខី​ផ្សេងទៀត ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល មិន​ធ្វើតាម​អាមេរិក និង​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​ដដែល​៕
 
   

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  UNGA
  ដូ​ណា​ល់ ត្រាំ​
  ហាសាន់ រូ​ហា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com