ជាតិ
សេដ្ឋកិច្ច
គម្រោង​អភិវឌ្ឍន៍​ដីធ្លី ត្រូវ​ទុក ៣៥​ភាគរយ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីធ្លា​លំហ​
28, Sep 2018 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ ការអភិវឌ្ឍ​ដី ត្រូវសុំ​លិខិតអនុញ្ញាត​ជាមុន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ នេះ​បើតាម​ប្រកាស​ស្ដីពី​ការអភិវឌ្ឍ​ដី ដែល​ចុះហត្ថលេខា​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំនេះ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ក្នុងពេល​ថ្មីៗ​នេះ​។​


 
​គម្រោង​អភិវឌ្ឍន៍​ដី​ដែលមាន​ទំហំ​ផ្ទៃដី​ធំ​ជាង ៣​ម៉ឺន​ម៉ែត្រក្រឡា ត្រូវ​ស្នើសុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី តែបើ​គម្រោង​នោះ​ចាប់ពី ៣​ម៉ឺន​ម៉ែត្រក្រលា​ចុះក្រោម ត្រូវ​ស្នើសុំ​អភិបាល​រាជធានី​ខេត្ត ដែល​ទីតាំង​គម្រោង​ស្ថិតនៅ​។ ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​ទំហំ​ដី​ចាប់ពី ៥​ពាន់​ម៉ែត្រក្រឡា​ចុះក្រោម ត្រូវសុំ​លិខិតអនុញ្ញាត​ពី​អភិបាលក្រុង ស្រុក ខណ្ឌ​។​
 
​គម្រោង​អភិវឌ្ឍន៍​ដី មាន​រូបភាព​ជាអាទិ៍ ការ​បំបែក​ក្បាលដី​ច្រើន​សម្រាប់​លក់ ឬ​អភិវឌ្ឍន៍​សាងសង់​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​អភិវឌ្ឍន៍​ចម្រុះ​។
 
​គម្រោង​អភិវឌ្ឍន៍​ដី ត្រូវ​រក្សាទុក​ផ្ទៃដី ២៥​ភាគរយ​នៃ​ផ្ទៃដី​សរុប​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​បណ្ដា​ណ​ផ្លូវ​សាធារណៈ ប្រព័ន្ធ​ទឹកស្អាត ទឹក​កខ្វក់ លូទឹក​ភ្លៀង បណ្ដាញ​អគ្គិសនី បណ្ដាញ​គមនាគមន៍ ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​រឹង និង​រាវ ប្រព័ន្ធគ្រប់គ្រង​អគ្គិភ័យ និង​ហានិភ័យ​ផ្សេងៗ ជាដើម​។​
​ក្រៅពីនេះ គម្រោង​អភិវឌ្ឍន៍​ដី ត្រូវ​រក្សាទុក​ផ្ទៃដី ១០​ភាគរយ​នៃ​ផ្ទៃដី​សរុប សម្រាប់​រៀបចំ​លំហ​សាធារណៈ និង​ផ្ទៃដី​បៃតង​។​
 
​លើសពីនេះ គម្រោង​ទាំងនោះ​ត្រូវ​រៀបចំ​ឲ្យ​មាន​សំណង់​សម្រាប់​ផ្ដល់​សេវា​ជូន​ពលរដ្ឋ ឲ្យ​បាន​សមស្រប​តាម​តម្រូវការ​នៃ​គម្រោង​អភិវឌ្ឍន៍​នីមួយៗ ដូចជា សាលារៀន មណ្ឌល​សុខភាព អគារ​រដ្ឋបាល ផ្សារ​។​
 
​ប៉ុន្តែ​លក្ខខណ្ឌ​ទាំងនេះ មិន​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​ដី តាមរយៈ​ការប្ដូរ​ប្រភេទ​នៃ​ការប្រើប្រាស់​ដី​សម្រាប់​គម្រោង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​នោះទេ តែ​ក៏​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​នគរូបនីយកម្ម ឬ​ប្លង់គោល ឬ​ផែនការ​ប្រើប្រាស់​ដី​រាជធានី ក្រុង និង​ទីប្រជុំជន​៕
 

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com