ជាតិ
លោក ស្យុ​ង ប៉ ទទួលស្គាល់ថា ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស បានធ្វើ​ឲ្យ​ប៉ះពាល់​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​
28, Sep 2018 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ស្យុ​ង ប៉ នៅតែ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្ក្រាប​រាល់​សកម្មភាព​ជនជាតិ​ចិន ប្រព្រឹត្ត​បទល្មើស និង​បង្ក​អសន្តិសុខ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​រូបនេះ បង្ហាញ​ជំហរ​មិន​គាំទ្រ​ដល់​ជនជាតិ​ចិន​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​កម្ពុជា​ឡើយ​។​


 
​លោក ស្យុ​ង ប៉ ទទួលស្គាល់ថា ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​កន្លងមក បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ ដែល​មិនអាច​លើកលែង​ឲ្យ​បាន​។ ឯកអគ្គរដ្ឋទូត​រូបនេះ ហាក់​មិន​អន់ចិត្ត​ឡើយ ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​អនុវត្ត​លើ​ជន​ជាតិចិន​ខុសច្បាប់​ទាំងនោះ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ស្យុ​ង ប៉ បានបង្ហាញ​ជំហរ​គាំទ្រ​ដល់​ក្រសួងមហាផ្ទៃ ដែល​បាន​បង្ក្រាប​រាល់​ជន​ជាតិចិន​ប្រព្រឹត្តិ​បទល្មើស បង្ក​ភាពអនាធិបតេយ្យ និង បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ដែលជា​កត្តា​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​ផងដែរ​។​
 
​ក្រសួងមហាផ្ទៃ ដែល​បាន​ស្រង់​សម្តី​លោក ស្យុ​ង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ ក្នុងជំនួប​លាស​ម្ដេច ស ខេង ដូច្នេះ​ថា​៖«​មាន​ជនល្មើស​ជា​ជន​ជាតិចិន​មួយចំនួន​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​និង​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​។ អគុណ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​យកចិត្តទុកដាក់​ជួយ​បង្ក្រាប​នូវ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​»​។​
 
​កម្ពុជា​នឹង​ខិតខំ​សហការគ្នាជាមួយ​ចិន​បន្ថែមទៀត ក្នុងការ​បង្ក្រាប​ជនល្មើស​ទាំងនោះ​។ នេះ​ជាការ​ឆ្លើយតប​របស់​ស​ម្ដេច ស ខេង ដែល​បាន​បន្ថែមថា  ជំនួយ​ចិន​កន្លងមក គឺ​បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។​
 
​កន្លងមក​សមត្ថកិច្ច បាន​បង្ក្រាប​ជនជាតិ​ចិន ពាក់ព័ន្ធនឹង​បទល្មើស​ផ្សេងៗ រួមមាន​បទល្មើស​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​ពេស្យាចា​រ្យ​ផ្សេងៗ​ជាដើម​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​៕
 

Tag:
 ​ស ខេង​
 ​ស្យុ​ង ប៉​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com