អន្តរជាតិ
ចិន​មិន​ឲ្យ​នាវា​យោធា​អាមេរិក​ចូល​ហុងកុង ក្រោយ​រង​ទណ្ឌកម្ម​រឿង​ទិញ​អាវុធ​ពី​រុស្ស៊ី​
28, Sep 2018 , 3:01 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ចិន បាន​ហាមឃាត់​នាវា​យោធា​អាមេរិក​មួយគ្រឿង ចូល​សំចត​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​ខ្លួន​រង​ទណ្ឌកម្ម​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន ជុំវិញ​រឿង​ទិញ​អាវុធ​ពី​រុស្ស៊ី​។ នេះ​បើតាម​ការ​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ​អាមេរិក កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។

 
នាវាចម្បាំង USS Wasp ដែលមាន​នាវិក​ជាង​១០០០​នាក់​បម្រើការ​លើ​នោះ ត្រូវបាន​កំណត់​ថ្ងៃ​ចូល​សំចត​នៅឯ​កំពង់ផែ​ហុងកុង នា​ខែតុលា​ខាងមុខ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Dave Eastburn បាន​និយាយ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​ថា​៖ «​រដ្ឋាភិបាល​ចិន មិន​យល់ព្រម​តាម​សំណើ​ចូល​សំចត​របស់​នាវាចម្បាំង​អាមេរិក USS Wasp ទៅកាន់​ទីក្រុង​ហុងកុង​។ យើង​ធ្លាប់បាន​ចូលទៅ​កាន់​ហុងកុង​ដោយ​ជោគជ័យ ហើយ​យើង​រំពឹងថា​យើង​នឹងធ្វើ​បន្តទៀត​»​។ 
 
 
ទាក់ទិន​នឹង​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​និយាយថា​៖ «​ភាគី​ចិន​ពិនិត្យ និង​អនុម័ត​លើ​សំណើ​មួយៗ ដោយ​អនុលោម​តាម​គោលការណ៍​គោរព​អធិបតេយ្យភាព និង​ស្ថានការណ៍​ជាក់លាក់​»​។ 
 
​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុង​ប៉េកាំង​មិន​ព្រម​ឲ្យ​នាវាចម្បាំង​អាមេរិក ចូលទៅ​កាន់​ក្រុង​ហុងកុង​បែបនេះ​។ តួយ៉ាង​ក្នុង​ឆ្នាំ​២០១៦ ចិន​បាន​រារាំង​មិន​ឲ្យ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS John C. Stennis  ចូលទៅ​កាន់​ក្រុង​ហុងកុង ក្រោយពី​នាវា​យោធា​នេះ បានធ្វើ​ដំណើរ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ចំណាត់ការ​ថ្មី​នេះ​ទំនងជា​បង្កើន​ភាព​តានតឹង​ដល់​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​ដែល​កំពុងតែ​ដុនដាប​ស្រាប់​ផង​នោះ ក្រោយពី​រដ្ឋបាល​លោក​ត្រាំ នៅ​ថ្ងៃទី​២០ កញ្ញា​បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​យោធា​ចិន ជុំវិញ​ការទិញ​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​លពី​រុស្ស៊ី​។ យោងតាម​របាយការណ៍​របស់​សហរដ្ឋអាមេរិក ក្រុង​ប៉េកាំង កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ទទួលបាន​យន្តហោះ​ចម្បាំង Su-35s ចំនួន​១០​គ្រឿង និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-400 មួយចំនួនទៀត​ក្នុង​ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុននាំចេញ​អាវុធ​ធំ​បំផុត​របស់​រុស្ស៊ី Rosoboronexport៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  ហុងកុង​
  លោក Dave Eastburn
  លោក Geng Shuang
© រក្សាសិទ្ធិដោយ thmeythmey.com