ពីនេះ ពីនោះ
តើ​ពាក្យ «​ធម្ម​» និង​«​ធម៌​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
04, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ខុសប្លែក​ពីគ្នា​រវាង​ពាក្យ​ទាំងពីរ​នេះឡើយ​។ ពាក្យ​ទាំងពីរ​នេះ ប្រើ​ក្នុងន័យ​តែមួយ តែ​គ្រាន់តែ​បែងចែក​ក្នុងការ​ប្រើប្រាស់​ផ្សេងគ្នា​។



តាម​វចនានុក្រម​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត បានបញ្ជាក់​ន័យ «​ធម្ម​» និង​«​ធម៌​»​នេះ​ដូចតទៅ​៖ 
 
​ជាទូទៅ «​ធម្ម​» និង «​ធម៌​»​ជា​បាលី និង​សំ​ស្ត្រឹ​ត ដែល​ប្រែ​មក​ថា សភាវៈ​ទ្រទ្រង់​សត្វលោក​គឺ បុណ្យ​, បាប​,​សុចរិត​, ទុច្ចរិត​, ហេតុ​,​សភាព​, ធម្មតា​, ប្រក្រតី​, ប្រាជ្ញាញាណ​, គុណ​, សេចក្តីចម្រើន​, អារម្មណ៍​ខាង​ផ្លូវចិត្ត​, ការ​រិះគិត​, សង្ខារ​, កិរិយាមារយាទ​, បរិយត្តិ​, ច្បាប់ ជាដើម​។​
 
«​ធម្ម​» សម្រាប់​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​ដទៃទៀត ដែលមាន​ដូចជា​៖ ធម្មកថា​(​សម្តី​ជា​ធម្ម​, ការ​សម្តែងធម៌​), ធម្មកម្ម​(​អំពើ​, កិច្ច​ការដែល​ប្រកបដោយ​ធម៌​), ធម្មកាយ​(​កាយ​ទាំងបី​របស់​ព្រះ​សព្វញ្ញុពុទ្ធ​គឺ រូប​កាយ​, នាម​កាយ​, ធម្មកាយ​), ធម្មការ​(​ឈ្មោះ​ក្រសួង​រដ្ឋ​ម​ន្រី្ត​សម្រេច​កិច្ច​ខាង​ផ្លូវ​សាសនា​)
​ធម្មគុណ​(គុណព្រះធម៌ គឺ​សភាវៈ​ដែល​ស្រោចស្រង់​ទ​ទ្រង់​សត្វ អ្នកប្រតិបត្តិ​តាម​គន្លង​ធម៌​ឱ្យបាន​សេចក្តីសុខ​), ធម្មគោរព​( សេចក្តី​កោតក្រែង​), ធម្មចក្ក​(​ចក្រ​គឺ​ធម៌ ឬ​ធម៌​ជា​កង់​), ធម្មចក្ខុ​(​ធម៌​ជា​ភ្នែក ភ្នែក​ជា​ធម៌​), ធម្មចេតិយ​(​ចេតិយ​ដែល​បញ្ចុះ​ព្រះធម៌​)​។​ល​។​
 
​ចំណែក​«​ធម៌​» សំដៅយក​ពាក្យ​ឱវាទ​របស់​ព្រះពុទ្ធ និង​អត្ថបទ​ទូទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធសាសនា​។ មានដូចជា​៖ រៀន​ធម៌​, សូត្រធម៌​, ចេះ​ធម៌​, ចាំធម៌​, ស្តាប់ធម៌​, សម្តែងធម៌​, ធម៌អាថ៌​, អត្ថបទ​របស់​ធម៌​។​ល​។ 
 
​ចំពោះ​ពាក្យ​«​ធម្ម​» និង​«​ធម៌​» នេះ ទោះបីជា​ប្រើ​ក្នុងន័យ​ណាក៏ដោយ ក៏​តែង​ស្ថិតនៅ​ក្នុងន័យ​សភា​វៈទ​ទ្រង់​សត្វលោក គឺ​បុណ្យ​, បាប​, សុចរិត​, ទុច្ចរិត ផងដែរ​៕                                                                                                                                                                                                                                                             

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com