ពីនេះ ពីនោះ
«​ហាម​មិន​ឲ្យ​ចត​» និង​«​ហាម​ចត​» តើ​គួរតែ​ប្រើ​ឃ្លា​មួយណា​ទើបត្រូវ​?
05, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ហាម​មិន​ឲ្យ​ចត​» ឬ​«​ហាម​ចត​» នៅតែ​ជា​ឃ្លា​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ ប្រកែក​គ្នា ដោយ​អ្នកខ្លះ​យល់ថា បើ​ប្រើពាក្យ «​ហាម​» មិនគួរណា​ប្រើពាក្យ «​មិន​» ទៀត​ទេ ពីព្រោះ​ពាក្យ​នេះ បញ្ជាក់ថា​ជា​ពាក្យ បដិសេធ ដូចគ្នា​។ 



ចំណែក​អ្នកខ្លះ​គិតថា បើ​ប្រើពាក្យ​ទាំងពីរ​នេះ​ក៏​មិន​ខុស​ដែរ​។ បើ​យោងតាម​លោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ឃ្លា​ថា «​ហាម​មិន​ឲ្យ​ចត​» ឬ​«​ហាម​ចត​» ទាំងពីរ​នេះ​ជា​ឃ្លា​ត្រឹមត្រូវ​ដូចគ្នា គ្រាន់តែ​មានការ​ប្រើប្រាស់​ខុសគ្នា​តែប៉ុណ្ណោះ​។ 
 
​លោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មែនទែនទៅ គេ​អាច​សរសេរ «​ហាម​» បូក​ជាមួយ «​មិន​» ក៏បាន ឬក៏​មិនបាច់​សរសេរ «​មិន​»​ក៏បាន គឺ​ត្រឹមត្រូវ​ដូចគ្នា​។ ការប្រើ​ឃ្លា​ថា «​ហាម​មិន​ឲ្យ​ចត​» គឺជា​ឃ្លា​មួយ​ដែល​គេ​ចង់​បញ្ជា​ឲ្យ​នរណាម្នាក់​កុំ​ឲ្យ​ចត​។  មូលហេតុ​ដែល​គេ​ប្រើ​ឃ្លា​ថា «​ហាម​មិន​ឲ្យ​ចត​» ដែលមាន​ពាក្យ​បដិសេធន៍  ហាម​ផង និង​មិន​ផង  ព្រោះ​គេច​ង់​និយាយ​ហាម​ទៅ​ជនណាម្នាក់ មិន​ឲ្យ​ប្រព្រឹត្ត​ខុស​នូវ​រឿង​អ្វីមួយ ប៉ុន្តែ​ដោយសារ​គេ​ចង់​និយាយ​ដោយ​ខ្លី ទើប​គេ​មិន​និយាយ​ឲ្យ​ចំឈ្មោះ​បុគ្គល​នោះទេ​។ 
 
​ចំណែក «​ហាម​ចត​» មានន័យថា ហាម​លើ​សកម្មភាព​របស់​មនុស្ស គឺ​បុគ្គល​ណាក៏ដោយ​ក៏​មិនអាច​ចត​បានដែរ​។  ឧទាហរណ៍​៖ មិនថាឡើយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​,​អាជ្ញាធរ​ដែនដី​, សមត្ថកិច្ច គឺ​សុទ្ធតែ​មិនអាច​ចត​បានឡើយ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com