និស្សិត​ខ្មែរ ឈ្នះ​ការប្រកួត​គំនិត​អាជីវកម្ម​តាម​អ៊ីនធឺណិត និង​ការបង្កើត​គេហទំព័រ​អាជីវកម្ម នៅក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ប្រទេស​ថៃ​
អត្ថបទពាណិជ្ជកម្ម
និស្សិត​ខ្មែរ ឈ្នះ​ការប្រកួត​គំនិត​អាជីវកម្ម​តាម​អ៊ីនធឺណិត និង​ការបង្កើត​គេហទំព័រ​អាជីវកម្ម នៅក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ប្រទេស​ថៃ​
02, Oct 2018 , 11:38 am        
រូបភាព
​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​កន្លងទៅ សាកលវិទ្យាល័យ​ឈៀង​ម៉ៃ (Chiang Mai University) បាន​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​បោះ​ជំរំ​រដូវក្ដៅ​មួយ ឈ្មោះថា Summer Camp on Mobile Marketing​។ កម្មវិធី​នេះ ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​អ្នក​ចូលរួម​ពី​ជំនាញ និង​យុទ្ធសាស្ត្រ​ទីផ្សារ ដោយ​ផ្ដោត​សំខាន់​ទៅលើ​អតិថិជន​ដែល​ប្រើប្រាស់​អ៊ីនធឺណិត និង​ទូរស័ព្ទ Smart Phone​។

និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ ក្នុង​ប្រាំ​ប្រទេស​រួមមាន ចិន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា​។ ក្រៅតែពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ពីថ្ងៃ​ទី​១២ ដល់​២៣ ខែកញ្ញា​ហើយ​នោះ ក៏​ត្រូវបាន​តម្រូវឱ្យ​ចូលរួម​ប្រកួតប្រជែង​គោល​គំនិត​អាជីវកម្ម តាម​ប្រព័ន្ធ​អ៊ីនធឺណិត (The Best E-Commerce Business Plan) និង​ការបង្កើត​គេហទំព័រ​សម្រាប់​អាជីវកម្ម (The Best E-Commerce Website) ដោយ​និស្សិត​ខ្មែរ​ពីររូប ទទួលបាន​ពានរង្វាន់​ពី​ការប្រកួត​ទាំងពីរ​នេះ​។​
 
​លោក ស៊ន សុខា​វិ​រិ​ទ្ធ និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​ជា​អ្នកចូលរួម​កម្មវិធី​នេះដែរ ជា​សមាជិក​ក្រុម​ឈ្នះ​ក្នុង​ការប្រកួត​គំនិត​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​បំផុត​។ លោក ស៊ន សុខា​វិ​រិ​ទ្ធ បញ្ជាក់ថា រូបគេ​បាន​រៀនសូត្រ​ជាច្រើន​ពី​កម្មវិធី​បណ្ដុះបណ្ដាល ដោយ​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ​នេះ ដែលមាន​ដូចជារ​ទំនាក់ទំនង​ជាដើម ដោយសារតែ​អ្នកចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល សុទ្ធតែជា​និស្សិត​ឆ្នើម មកពី​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ និង​ពូកែ​ក្នុងការ​ទំនាក់ទំនង​ដែរ​។ ក្រៅពីនេះ និស្សិត​ហ្សា​ម៉ាន់​រូបនេះ​បាន​កត់សម្គាល់ថា ប្រទេស​កម្ពុជា​ហាក់​នៅ​ឆ្ងាយ​ពី​គេ​នៅឡើយ​ខាង​ផ្នែក​បច្ចេកវិទ្យា​ទូរ​សព្ទ បើទោះជា​ប្រជាជន​យើង​មានគំនិត​អាជីវកម្ម​ច្រើនក្ដី​។

លោក ស៊ន សុខា​វិ​រិ​ទ្ធ បញ្ជាក់​ដូច្នេះ​៖«​នៅ​ប្រទេស​ថៃ គ្រប់​ទីកន្លែង អ្វីៗ​សុទ្ធតែ​ផ្សារភ្ជាប់​នឹង​បច្ចេកវិទ្យា​។ តួយ៉ាង​ដូចជា​ការទូទាត់​ថ្លៃ​ចំណាយ​តាម​ទូរ​សព្ទ ការជួល​កង់​ដោយ​ប្រើ QR Code និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ភ្ញៀវទេសចរ ពី​ទីតាំង​ទេសចរណ៍​នានា ដូចជា​វត្ត​អារាម​ជាដើម​»​។​
 

សុខា​វិ​រិ​ទ្ធ​ទទួលពាន និង​វិញ្ញាបនបត្រ​បញ្ជាក់ ពី​អ្នករៀបចំ​កម្មវិធី​
 
​លោក​ដួង រតនៈ និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​បញា​សាស្ត្រ ក៏​ជា​និស្សិត​កម្ពុជា​ម្នាក់​ដែរ ដែល​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​នេះ និង​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី​។ នៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​នេះ រតនៈ​អះអាងថា រូបគេ​បាន​ស្វែងយល់​ពី​សក្ដានុពល​រប​ស់​អាជីវកម្ម​បែប​អេ​ឡិ​ក​ត្រូ​និក ឬ​E-Commerce ដ្បិតអី វា​អាចជួយ​ក្នុងការ​ផ្សារភ្ជាប់​អាជីវកម្ម​នៅក្នុង​តំបន់ ទៅ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​សាកល​។ 
 

រតនៈ ទទួលបាន​លិខិតបញ្ជាក់ ពី​អ្នករៀបចំ​កម្មវិធី​


 
​លោក​បណ្ឌិត សុខ ហេង ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​ពី​ជំនាញ និង​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​នេះ​ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ បានផ្ដល់​ឱកាស​ឱ្យ​និស្សិត​ស្វែងយល់​ពី​វិធី​ថ្មី ក្នុង​ការច្របាច់បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល ទៅក្នុង​គោល​គំនិត​អាជីវកម្ម​។ សម្រាប់​លោក​បណ្ឌិត សុខ ហេង ការមើលរំលង​យុទ្ធសាស្ត្រ​ទីផ្សារ​តាម​ប្រព័ន្ធ​ឌីជីថល គឺជា​កំហុសឆ្គង​មួយ ដោយសារ​ប្រព័ន្ធ​ឌីជីថល​ជា​វិធីសាស្ត្រ ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិតផល ដល់​អតិថិជន ដ្បិត​មនុស្ស​កាន់តែច្រើន​ទៅៗ កំពុងតែ​ប្រើប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​។​


និស្សិត​ពី​ប្រទេស​ផ្សេងៗ​រួមមាន​ថៃ ឡាវ វៀតណាម កម្ពុជា និង​ចិន ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​។​
 
​គួរ​បញ្ជាក់ដែរថា ក្រុម​របស់​សុខា​វិ​រិ​ទ្ធ ឈ្នះ​ការប្រកួត​គំនិត​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ល្អ​បំផុត ក្នុង​កម្មវិធី​បោះជំរំ​នេះ ដោយសារ​គំនិត​អាជីវកម្ម​របស់​ក្រុម​ខ្លួន មាន​លក្ខណៈ​ច្នៃប្រឌិត តាមរយៈ​ការ​បង្កើតជា​គេហទំព័រ ដើម្បីឱ្យ​អ្នកប្រើប្រាស់ ដាក់​ជួល​របស់​ដែល​គេ​មិនសូវ​ប្រើប្រាស់ ដូចជា​កាមេរ៉ា ឧបករណ៍​ភ្លេង ឧបករណ៍​សំណង់​ជាដើម​។ 
​ចំណែកឯ ក្រុម​របស់​រតនៈ ដែល​ជាប់​ជា​ក្រុម​បង្កើត​គេហទំព័រ​ល្អ​បំផុត ក៏​ព្រោះតែ​គេហទំព័រ​ក្រុម​របស់គេ បានផ្ដល់​លក្ខណៈ​ងាយស្រួល និង​លឿន​រហ័ស សម្រាប់​អតិថិជន​ក្នុង​ការបញ្ជាទិញ និង​ទទួលបាន​សេវាកម្ម​ដឹកជញ្ជូន​ចំណីអាហារ​៕
   
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com