អន្តរជាតិ
មហា​ធៀ ប្រាប់​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​ប្រឹង​ធ្វើការ​ដើម្បី​ក្លាយជា​«​ខ្លា​អាស៊ី​»​ម្ដងទៀត​
03, Oct 2018 , 9:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២ ខែតុលា បាន​ប្រាប់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ប្រឹងប្រែង​ធ្វើការ ដើម្បី​ទទួល​អ្នកវិនិយោគ​បរទេស​ដែល​រដ្ឋាភិបាល​របស់លោក​ប្រឹង​គៀងគរ​។ ក្នុង​វ័យ​៩៣​ឆ្នាំ លោក មហា​ធៀ ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​នោះ ចង់ឃើញ​ម៉ាឡេស៊ី​អភិវឌ្ឍ​ឡើងវិញ​ដើម្បី​ក្លាយជា​ខ្លា​អាស៊ី​ម្ដងទៀត​។

 
​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ទើប​បញ្ចប់​ទស្សនកិច្ច​ការងារ​នៅ​អាមេរិក និង​អង់គ្លេស​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ទាក់ទាញ​ការបណ្ដាក់ទុន​បរទេស​ទៅកាន់​ម៉ាឡេស៊ី​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ លោក មហា​ធៀ ក៏​ឆ្លៀត​ជជែក​ជាមួយ​អ្នកជំនួញ​ធំៗ​ទាំង​នៅ​អាមេរិក និង​អង់គ្លេស ដើម្បី​ពន្យល់​ពី​គោ​លន​យោ​យ​ថ្មី​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​របស់លោក​ផ្ទាល់​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​មូលដ្ឋាន​ទ័ពអាកាស​នៅឯ Subang លោក មហា​ធៀ បាន​ប្រាប់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​វិនិយោគិន​បរទេស​ដើម្បី​បង្ហាញ​ពួកគេ​ថា ម៉ាឡេស៊ី​កំពុង​ងើបឡើង​វិញ និង​ស្ថិត​លើផ្លូវ​ទៅកាន់​តំណែង​ខ្លា​អាស៊ី​ម្ដងទៀត​។ បើតាម​សារព័ត៌មាន The Malaysia Insights នាយករដ្ឋមន្ត្រី​រូបនេះ​បាន​អង្វរ​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​រៀបចំខ្លួន​ស្រេចបាច់ និង​មិន​ត្រូវធ្វើ​ឲ្យ​អ្នក​មកជួយ​ប្រទេស ខកចិត្ត​ឡើយ​។​
 
«​យើង​នឹង​ព្យាយាម​ធ្វើការ ហើយ​ផលិត​ផលិតផល​មានគុណ​ភាព​។ ត្រូវ​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ឃើញថា យើង​ងើប​វិញ​ហើយ ហើយ​យើង​នឹង​អភិវឌ្ឍ​ប្រទេស​ទៅជា​ខ្លា​អាស៊ី​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មហា​ធៀ នាយករដ្ឋមន្ត្រី​ទី​៧ របស់​ម៉ាឡេស៊ី ដែល​បាន​ផ្ដួល​បក្ស​កាន់អំណាច Barisan Nasional ក្នុងការ​បោះឆ្នោត​នា​ខែឧសភា​កន្លងមក​ទៅ​។  
 
​នា​ជំនួប​ជាមួយ​អ្នកជំនួញ​បរទេស​នានា ប្រមុខ​រដ្ឋាភិបាល​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​រូបនេះ​អះអាងថា វិនិយោគិន​ជាច្រើន​សរសើរ​នយោបាយ​រដ្ឋាភិបាល ហើយ​សន្យា​បោះទុន​រកស៊ី​នៅ​ម៉ាឡេស៊ី​ផង​។ យ៉ាងណាមិញ អ្នកជំនួញ​ទាំងនោះ​ចង់​ធ្វើការ​ជាមួយ​មន្ត្រី ឬ​វិស្វករ ឬ​បុគ្គលិក​មាន​ជំនាញ​ដែល​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ដើម្បី​ធានាថា ក្រុមហ៊ុន​របស់​ពួកគេ​អាច​ផលិត​បាន​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។ លោក មហា​ធៀ ក៏​បញ្ជាក់​ពី​នយោបាយ​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​
 
​លោក មហា​ធៀ ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អស់​ពេល​២២​ឆ្នាំ​ម្ដង​ហើយ​ចាប់​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ នោះ ដែល​ពេលនោះ​ម៉ាឡេស៊ី​ស្គាល់​ការរីកចម្រើន​យ៉ាងខ្លាំង និង​ជាប់​ឈ្មោះ​ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​ទៀត​។ លោក​ត្រឡប់​ចូល​ឆាកនយោបាយ​ឡើងវិញ បន្ទាប់ពី​មើលឃើញ​បញ្ហា​ចាក់​ស្រែះ​ក្នុងប្រទេស​ក្រោម​ការដឹកនាំ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​សព្វថ្ងៃ​កំពុង​ជាប់​បណ្ដឹង​ពុករលួយ​លើ​ករណី​កេងប្រវ័ញ្ច​លុយ​រដ្ឋ​រាប់ពាន់​លាន​ដុល្លារ​៕
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com