ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ដែល​បញ្ជាក់ថា ក្នុង​ឈាម​មិនមាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់​ទេ​
04, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​កាលស្យូម​គឺជា​សមា​ធាតុ​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ប្រភេទ​ក្នុង​រាងកាយ​មនុស្ស​យើង​។ យើង​ត្រូវការ​ជាតិ​រ៉ែ​មួយ​នេះ​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញ និង​ឆ្អឹង ជួយ​ដល់​ទម្ងន់​រាងកាយ បន្ថយ​ឱកាស​កើត​ជំងឺមហារីក ថែរក្សា​សុខភាព​បេះដូង និង​តុល្យភាព​សម្ពាធ​ឈាម​។ ជាតិ​កាលស្យូម​មិន​ត្រឹម​តែមាន​ក្នុង​ឆ្អឹង​ទេ តែ​ក៏មាន​ក្នុង​ឈាម​ផងដែរ​។ ការ​កង្វះ​ជាតិ​កាលស្យូម​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សុខភាព​។ អាកា​រៈ​ធំៗ​បំផុត​មួយចំនួន​របស់​ជំងឺ​នេះ​គឺ ពុក​ឆ្អឹង និង​សុខភាព​មាត់​ធ្មេញ​មិនល្អ​។ បើសិនជា​វា​កើតឡើង​រយៈពេល​យូរ វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាប់​រហូត​បាន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​រាងកាយ​កំពុងតែ​ប្រាប់​ឲ្យ​អ្នក​ដឹងថា អ្នក​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​កា​ល្យូ​ម​កាន់តែច្រើន​ថែមទៀត​។​



​ឆ្អឹង​ងាយ​បាក់​
 
​ការបាក់​បែក​ឆ្អឹង​ដោយសារតែ​គ្រោះថ្នាក់​គឺជា​រឿង​ធម្មតា​។ ប៉ុន្តែ​បើសិនជា​អ្នក​ធ្លាប់​បាក់បែក​ឆ្អឹងកដៃ​ដោយសារតែ​ដួល​តិចតួច​ដែ​ឬ​នោះ វា​អាចជា​សញ្ញា​បញ្ជាក់​ដ៏​ធំ​មួយ​ថា ឆ្អឹង​របស់​អ្នក​កំពុងតែ​ពុក​ហើយ​។ នៅពេល​អាយុ​កាន់តែច្រើន ឆ្អឹង​របស់​មនុស្ស​យើង​ងាយ​នឹង​ពុក​ណាស់ ហើយក៏​បាត់បង់​ជាតិ​កាលស្យូម​ច្រើន​ដែរ​។ យើង​មិនអាច​ជំនួស​ជាតិ​កាលស្យូម​ក្នុង​ឆ្អឹង​របស់​យើង​បានឡើយ​។ យក​ល្អ​គួរតែ​ញ៉ាំ​ជាតិ​កាលស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បង្ការ​ការ​ជ្រៀត​ចេញ​របស់​ជាតិ​កាលស្យូម​ពី​ក្នុង​ឆ្អឹង​បែបនេះ​។ 
 
​សាច់ដុំ​ឈឺ​បែប​រមួលៗ ឬ​រមួលក្រពើ​
 
​ការឈឺ​សាច់ដុំ​បែប​រមួលៗ​ងាយ​នឹង​កើតឡើង​ច្រើនណាស់​។ វា​អាច​ដោយសារតែ សាច់ដុំ​ធ្វើការ​ខ្លាំងពេក កង្វះ​ការហាត់​ប្រាណ​ជាដើម​។ យ៉ាងណាមិញ ការឈឺ​សាច់ដុំ​បែប​រមួល ឬ​ហៅថា​រមួលក្រពើ​ជាប់​រហូត អាចជា​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ឈាម​ដែរ​។ ការ​កង្វះ​ជាតិ​កាលស្យូម​រយៈពេល​យូរ អាច​បណ្តាល​ឲ្យ​មិនមាន​ផាសុកភាព​ដល់​សាច់ដុំ សាច់ដុំ​កន្ត្រាក់​ជាប់ និង​ឈឺ​តឹង​ក្នុង​សាច់ដុំ​។ កម្រិត​ជាតិ​កាលស្យូម​របស់​អ្នក​មិនគួរណា​ចុះ​ទាប​ពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​រោគសញ្ញា​ទាំងនេះ ហើយ​វា​ក៏​អាច​គ្រោះថ្នាក់​បានដែរ​បើសិនជា​មិនបាន​ព្យាបាល​ទេនោះ​។ 

​បញ្ហា​សុខភាព​មាត់​ធ្មេញ​
 
​បើសិនជា​អ្នក​ឧស្សាហ៍​ទៅ​ឲ្យ​ពេទ្យធ្មេញ​ពិនិត្យ មាន​អនាម័យ​មាត់​ធ្មេញ និង​ចៀស​ផុតពី​អាហារ​ដែល​នាំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់ ហើយ​នៅតែ​ជួប​បញ្ហា​មាត់​ធ្មេញ​ទៀត​នោះ អ្នក​ប្រហែលជា​ត្រូវ​គិតដល់​ការ​កង្វះ​ជាតិ​កាលស្យូម​ហើយ​។ ការ​កង្វះ​ជាតិ​កាលស្យូម​អាចធ្វើ​ឲ្យ​ធ្មេញ​ខ្សោយ ងាយ​នឹង​ខូច សឹក​ធ្មេញ និង​មាន​បញ្ហា​អញ្ចាញធ្មេញ​។ 

​លើស​សម្ពាធ​ឈាម​
 
​ការ​លើស​សម្ពាធ​ឈាម​ច្រើនតែ​មិន​ជាប់ទាក់ទង​នឹង​ការ​កង្វះ​ជាតិ​កាលស្យូម​ឡើយ​។ ប៉ុន្តែ ការសិក្សា​បាន​អះអាងថា ការ​ញ៉ាំ​ជាតិ​កាលស្យូម​ច្រើន​ពី​របប​អាហារ អាច​បន្ថយ​ឱកាស​កើត​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន​យ៉ាង​អស្ចារ្យ​។ មាន​កត្តា​ច្រើនណាស់​ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​កាលស្យូម​ក្នុង​រាងកាយ​។ ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ក៏​អាច​រង​ការប៉ះពាល់​ដោយ​ការប្រើ​ថ្នាំ ជំងឺ អាយុ និង​របប​អាហារ​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ញ៉ាំ​អាហារ​មាន​តុល្យភាព​។ ការ​ញ៉ាំ​បន្លែ កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​ច្រើន​គឺជា​រឿង​ល្អ​បំផុត​។ ប៉ុន្តែ​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈក​ង្វះ​ជាតិ​កាលស្យូម​ហើយ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​បន្ថែម​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com