ជាតិ
បុណ្យភ្ជុំបិណ្ឌ
ឈប់​ធ្វើអំពើ​អាក្រក់ ហើយ​ងាក​មក​សាង​តែ​អំពើ​ល្អ​!
07, Oct 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះ​ពុទ្ធឱវាទ​ទាំងអស់ ត្រូវបាន​បង្រួម​មក​នៅសល់តែ​៣​ប្រកាស​ប៉ុណ្ណោះ គឺ ការមិន​ប្រព្រឹត្ត​អំពើ​បាប ការ​សាង​អំពើ​ជា​កុសល និង ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​។​


 
​ក្រោយពី​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ចូល​បរិនិព្វាន (​ការ​រលត់​សង្ខារ​) ព្រះអរហន្ត និង​អ្នកប្រាជ្ញ​ទាំងឡាយ បាន​ប្រមូល​ចងក្រង​ព្រះធម៌ ដែល​ព្រះអង្គ​បាន​សម្តែង ឲ្យ​ក្លាយជា​គម្ពីរ ដោយមាន​លក្ខណ​ជា​របៀប​ទៅតាម​លំដាប់លំដោយ ដែល​ហៅថា​ព្រះ​ត្រៃបិដក​។ ព្រះ​ត្រៃបិដក គឺ​សំដៅលើ​គម្ពីរ​គោល​៣​ប្រភេទ ក្នុង​ព្រះ​ពុ​ទ្ឋ​សាសនា រួមមាន ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម​។​
 
​ព្រះធម៌​ដែល​លោកអ្នក​ប្រាជ្ញ​ចងក្រង​ទាំងនោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ​។ ៣​គម្ពីរ បើ​គិត​ជា​ក្បាលមាន​១១០​ក្បាល​។ ១១០​ក្បាល បើ​គិត​ជាខ​ន្ឋ មាន​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ។ យើង​ឃើញថា ព្រះធម៌​ដែល​ព្រះ​សាស្តា​នៃ​យើង​ទ្រង់​សម្តែង​រយៈពេល​៤៥​ព្រះវស្សា គឺមាន​រហូតដល់​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ឯណោះ​។ 
 
​ប៉ុន្តែ ប្រសិនបើ​សង្ខេប​ឬ​បង្រួញ​ព្រះ​ពុទ្ធោវាទ​ទាំង​៨៤០០០​ព្រះ​ធម្ម​ខន្ធ​នោះ ព្រះ​ពុទ្ធោវាទ នៅសល់តែ​៣​ប្រការ​ប៉ុណ្ណោះ​។ ព្រះធម៌​ទាំងបី​ប្រការ​នោះ គឺជា​មូលដ្ឋាន​ឱវាទ​ដ៏​សំខាន់​ក្រៃលែង ដែល​ព្រះអង្គ​ទ្រង់​អប់រំ​មនុស្ស ដើម្បី​ជា​មាគ៌ា​ឆ្ពោះទៅកាន់​សុខ​សុភមង្គល​ក្នុង​ជីវិត​រស់នៅ​នាពេល​បច្ចុប្បន្ន និង​ទៅ​បរលោក​។ 
 
​ព្រះ​ពុ​ទ្ឋ​ឱវាទ​ទាំងបី​ប្រការ គឺ​ការមិន​ធ្វើអំពើ​បាប​ទាំងពួង ការធ្វើ​អំពើ​កុសល​ទាំងពួង និង ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​
 
​ការមិនធ្វើ​អំពើ​បាប​៖ គឺ​លោក​ចង់​អប់រំ​មនុស្ស​ទាំងឡាយ ឲ្យ​ឈប់​បន្ត​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង ដែល​បង្ក​ផលប៉ះពាល់ និង​ការឈឺចាប់​ដល់​មនុ​ស្សស​ត្វ​ដទៃ និង​នាំ​ឲ្យ​ខ្លួនឯង​វិនាស​អន្តរាយ​។ អំពើ​បាប​ទាំងនោះ មានដូចជា ការកាប់សម្លាប់​ជីវិត​មនុស្ស​សត្វ ការ​ឆក់យក​ទ្រព្យ​ដោយមាន​ម្ចាស់​ហួងហែង ការប្រព្រឹត្ត​ឆ្គាំឆ្គង​លើ​កូន​ប្រព​ន្ឋ​អ្នកដទៃ ការ​ភូតកុហក​បោកប្រាស់​សាធារណជន​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ការជិះជាន់​កេងប្រវ័ញ្ច ជញ្ជក់​ឈាម​ជនស្លូតត្រង់ ជាដើម​។ 
 
​ដូច្នេះ ក្នុង​ជីវិត​រស់នៅ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​គ្រួសារ ក្នុងសង្គម និង​ក្នុង​ពិ​ភ​លោក គេ​ត្រូវយក​មាគ៌ា​សន្តិភាព​មក​ប្រតិបត្តិ ហើយ​ដើម្បី​ទទួលបាន​សុខសន្តិភាព គឺ​តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​បញ្ឈប់​អំពើអាក្រក់​ទាំងអស់នោះ ដែល​ធ្លាប់មាន​ក្នុង​សន្តាន​របស់ខ្លួន​កន្លង​មក​។​
 
​ការធ្វើ​អំពើ​ល្អ​៖ គឺ​ព្រះអង្គ​មាន​ព្រះ​បំណង​ឲ្យ​យើង​គ្រប់គ្នា ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ទាំងពួង មិនមែន​ឈប់​ធ្វើអំពើ​អាក្រក់​ហើយ ឈប់​ធ្វើ​អ្វីៗ ហើយ​សំងំ​នៅ​ស្ងៀម​នោះទេ​។ ការធ្វើ​អំពើ​ល្អ ដូចជា ការចេះ​ជួយសង្គ្រោះ​អ្នកដទៃ ការចេះ​ចែករំលែក​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដល់​អ្នកដទៃ ការចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សាច់ញាតិ ក្រុមគ្រួសារ បងប្អូន​ក្នុង​សហគមន៍ និង​ការជួយ​គិតគូរ​ដល់​បញ្ហា​សង្គម​ទាំងមូល ផងដែរ​។ 
 
​ការលះបង់​ផលប្រយោជន៍ និង​សេចក្តីសុខ​របស់ខ្លួន ដើម្បី​មនុស្ស​ក្នុងសង្គម គឺជា​អំពើ​ដ៏​ប្រពៃ​មួយ ដែល​ព្រះ​ជិនស្រី​នៃ​យើង ទ្រង់​កោតសរសើរ ហើយ​សូម្បី​អ្នកប្រាជ្ញ​ទស្សនវិទូ​ក្នុង​លោក ក៏​ឲ្យ​តម្លៃ​ដែរ​។ លោកអ្នក​ប្រាជ្ញ​ទាំងនោះ តែង​ចាត់ទុក​បុគ្គល​ប្រភេទ​នេះ​ថា ជា​អ្នកមាន​ឧ​ត្ត​ម​គតិ​ខ្ពង់ខ្ពស់ ជា​អ្នករស់នៅ ដែល​នាំ​ប្រយោជន៍​យ៉ាងច្រើន​ក្រៃលែង​ដល់​មនុស្សជាតិ​។​
 
​ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​៖ គឺ​លោក​ចង់​ឲ្យ​យើង​ជម្រះចិត្ត​ឲ្យ​ស្អាត​បរិ​សុ​ទ្ឋ ដោយ​កម្ចាត់​ចោល​នូវ​កិលេស ជា​គ្រឿង​សៅហ្មង​ទាំងឡាយ​ឲ្យ​អស់ពី​ខន្ធ​សន្តាន​។ គ្រឹះ​នៃ​កិលេស​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​សៅហ្មង គឺ លោភៈ ទោសៈ និង​មោហៈ​។ លោភៈ គឺ​សេចក្តី​ចង់បាន​នូវ​អ្វីៗ​គ្រប់យ៉ាង ដោយ​គ្មាន​ព្រំដែន​។ ចំណេ​ក ទោសៈ គឺ​ការ​ក្រោធ​ខឹង​នឹង​វត្ថុ​ក្នុង​លោក​។ រីឯ មោហៈ គឺ​ភាព​វង្វេង​ក្នុង​លោក ដោយ​យល់​ខុសពី​ការពិត​ចំពោះ​ធម្មជាតិ​។​
 
​ព្រះ​ពុទ្ធោវាទ​ទាំង​៣​ប្រការនេះ ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្សលោក​។ ប្រសិនបើ​មនុស្ស​គ្រប់​វណ្ណៈ​ក្នុងសង្គម ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល មានធម៌​ទាំង​៣​ប្រការនេះ នោះ​អំពើហិង្សា​ក្នុង​គ្រួសារ ភាពចលាចល​ក្នុងសង្គម សង្គ្រាម​លើ​ពិភពលោក ប្រាកដជា​មិនអាច​កើតឡើង​បានឡើយ​។ 
 
​បើ​មនុស្ស​មិន​ធ្វើអំពើ​បាប តែ​ធ្វើ​តែ​អំពើ​ល្អ ដោយ​ចេះ​ជួយសង្គ្រោះ​គ្នា​ទៅវិញទៅមក និង​មានចិត្ត​ផូរផង់ ដោយ​ម្នាក់ៗ​សុ​ទ្ឋ​តែ​ជាម​នុស្ស​ស្អាត​បរិ​សុ​ទ្ឋិ​រៀងៗ​ខ្លួន នោះ​សុភមង្គល​ក្នុង​គ្រួសារ សាមគ្គីភាព​ក្នុងសង្គម សន្តិភាព​ក្នុង​ពិភពលោក ច្បាស់​ជា​កើតឡើង​ជាក់​ជាមិនខាន​។​
 
​ឱវាទ​ទាំង​៣​ប្រការនេះ គឺជា​ការអប់រំ​របស់​ព្រះ​ពុ​ទ្ឋ​គ្រប់​ព្រះអង្គ​៕
​ 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com