អន្តរជាតិ
លោក ត្រាំ ព្រលយ​ថា លោក ម៉ា​ធី​ស អាច​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​
15, Oct 2018 , 10:19 pm        
រូបភាព
លោក ជេម ម៉ាធីស និងប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព AFP)
លោក ជេម ម៉ាធីស និងប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ព្រលយ​ថា លោក ជេ​ម ម៉ា​ធី​ស អាច​ចាក​ចេញពី​គណៈរដ្ឋមន្ត្រី​របស់លោក​នៅពេល​ខាងមុខ​។ យ៉ាងណាមិញ លោក​មិនទាន់​ច្បាស់​ទេ​ថា លោក ម៉ា​ធី​ស អាច​លាលែង​ពី​តំណែង​របស់ខ្លួន​ឬ​យ៉ាងណា​ឡើយ​។ នេះ​បើតាម​សម្រង់​សម្ដី​របស់លោក ត្រាំ ក្នុង​កម្មវិធី 60 Minutes របស់​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែតុលា​។ លោក ត្រាំ ថែមទាំង​ចោទ​លោក ម៉ា​ធី​ស ជា​មនុស្ស​របស់​បក្ស​ប្រជាធិបតេយ្យ​ផង​។​

 
​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ដំបូង មន្ត្រី​សំខាន់​ជាច្រើនៗ​បាន​ចាក​ចេញពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ អ្នកខ្លះ​សម្រេចចិត្ត​លាលែង​ដោយ​ខ្លួនឯង ឯ​អ្នក​ខ្លះទៀត​បង្ខំចិត្ត​ដោយ​ដើរចេញ និង​មាន​អ្នក​ដែល​ត្រូវ​លោក ត្រាំ បញ្ចប់​តំណែង​ផង​។ ករណី​ចុងក្រោយ គឺ​ការប្រកាស​លាលែង​របស់​លោកស្រី នី​គី ហេ​លី (Nikki Haley) ពី​តំណែង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ដំណាច់​ឆ្នាំនេះ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស គឺជា​មុខសញ្ញា​មួយទៀត​ដែល​អាច​ចាក​ចេញពី​គណៈរដ្ឋមន្ត្រី​របស់លោក ត្រាំ ដែរ​។ ពាក្យ​ចចាមអារ៉ាម​ស្ដីពី​អនាគត​របស់លោក ម៉ា​ធី​ស បាន​លេចឮ​កាន់តែខ្លាំង បន្ទាប់ពី​ការផ្សាយ​សៀវភៅ​មួយ​ក្បាល​ស្ដីពី​ជម្លោះ​ក្នុង​សេត​វិមាន ដែល​ក្នុង​នោះបាន​រៀបរាប់​ពី​ការមិន​ពេញចិត្ត​របស់លោក ម៉ា​ធី​ស លើ​សមត្ថភាព​របស់លោក ត្រាំ និង​បាន​ប្រៀបធៀប​មេ​កើយ​របស់ខ្លួន​ទៅនឹង​ក្មេង​អាយុ​១១​ឆ្នាំ​ទៀត​។ ប៉ុន្តែ​លោក ម៉ា​ធី​ស បដិសេធ​។​
 
​ជុំវិញ​អនាគត​របស់​ប្រមុខ​ការពារជាតិ​រូបនេះ ប្រធានាធិបតី​អាមេរិក​និយាយថា លោក ម៉ា​ធី​ស អាច​នឹង​លាលែង ហើយ​លោក​គិតថា លោក ម៉ា​ធី​ស ជា​មនុស្ស​នៃ​បក្ស​ប្រជាធិបតេយ្យ​ទៀតផង​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS លោក ត្រាំ បញ្ជាក់​ដូច្នេះ​ថា​៖ «​ឧ​ត្ត​ម​សេនីយ៍ ម៉ា​ធី​ស ជា​មនុស្ស​ល្អ​។ យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ គាត់​ទំនងជា​ចាកចេញ​។ ខ្ញុំ​មានន័យថា ដល់​ចំណុច​ខ្លះ គ្រប់គ្នា​នឹង​ចាកចេញ​»​។​
 
​នេះ​ជា​លើកទីមួយ​ដែល​លោក ត្រាំ និយាយ​ជា​សាធារណៈ​ពី​រឿង​អវិជ្ជមាន​ពាក់ព័ន្ធ​លោក ម៉ា​ធី​ស ដែល​កាលពី​សប្ដាហ៍​មុន​អះអាងថា លោក​មិន​ខ្វល់​រឿង​ការចាកចេញ​ពី​រដ្ឋាភិបាល​ឡើយ​។ លោក ម៉ា​ធី​ស ដែល​គ្មាន​ប្រភព​ជា​អ្នកនយោបាយ​អ្វី​នោះ និង​ចូលនិវត្តន៍​ពី​យោធា​នៅក្នុង​ឆ្នាំ​២០១៣ អ​ក៏​ធ្លាប់​និយាយ​ដោយ​ចំហ​ថា លោក​មិនដែល​ចង់​ធ្វើ​រដ្ឋមន្ត្រី​ការពារជាតិ​ឡើយ ពេល​លោក ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នោះ​។ 
 
​កន្លងមក ក្រុម​ឧ​ត្ត​ម​សេនីយ៍​អាមេរិក​ធ្លាប់​តែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​នយោបាយ​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​ក្រោ​លោក ត្រាំ តែងតាំង​លោក ច​ន ប៊ូល​តុ​ន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ និង​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ជា​រដ្ឋមន្ត្រីការបរទេស ចរន្ត​អំណាច​បាន​ប្រែប្រួល​ខ្លាំង​។ លោក ប៊ូល​តុ​ន បាន​ជំនួស​តំណែង​ឧ​ត្ត​ម​សេនីយ៍​ឯក HR McMaster កាលពី​ខែមេសា​។ លោក John Kelly ដែលមាន​ប្រភព​ជា​ឧ​ត្ត​ម​សេនីយ៍​ដែល​នោះ​ហាក់​បាត់បង់​ទំនុកចិត្ត​ពី​លោក ត្រាំ ដែរ​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ជេ​ម ម៉ា​ធី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com