អន្តរជាតិ
ជប៉ុន​នឹង​ប្រើ​ប្រព័ន្ធ​ទិដ្ឋាការ​អេឡិចត្រូនិក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ពីរ​ឆ្នាំ​ខាងមុខ​
16, Oct 2018 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានប្រកាស​នៅ​ថ្ងៃទី​១៤ ខែតុលា​ថា ខ្លួន​គ្រោង​ដាក់​ដំណើរការ​ប្រព័ន្ធ​ទិ​ដ្ឋ​ការ​អេឡិចត្រូនិក​(E-Visa) សម្រាប់​ភ្ញៀវទេសចរ​បរទេស​នា​ខែមេសា​ឆ្នាំ​២០២០​ខាងមុខ​។ វា​ជា​វិធានការ​ដើម្បី​សម្រេច​គោលដៅ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ឲ្យ​បាន ៦០​លាន​នាក់​ក្នុង​មួយឆ្នាំៗ គិត​ត្រឹម​ឆ្នាំ​២០៣០​ខាងមុខនេះ​។

 
​ប្រព័ន្ធ E-Visa ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការដាក់​ស្នើសុំ​ធ្វើ​ទិដ្ឋាការ​, កាត់បន្ថយ​បន្ទុក​ការងារ​នៅឯ​បេសកកម្ម​ការទូត​នានា និង​រឹតត្បិត​ការគ្រប់គ្រង​បញ្ហា​អន្តោប្រវេសន៍ ដោយមាន​ការចែករំលែក​ទិន្នន័យ​នៃ​ទិ​ដ្ឋ​ការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាដើម​។ គោលបំណង​ទាំងនេះ​នឹងត្រូវ​ធ្វើឡើង នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នាទី​ក្រុង​តូ​ក្យូ​។ 
 
​យោងតាម​សារព័ត៌មាន​ជប៉ុន Kyodo សម្រាប់​ប្រព័ន្ធ​ថ្មី​នេះ ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ដែលមាន​បំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន នឹង​អាចដាក់​ពាក្យស្នើសុំ​ធ្វើ​ទិ​ដ្ឋ​ការ​អន​ឡាញ​នេះ នៅតាម​ភ្នាក់ងារទេសចរណ៍​នានា​បាន​។ 
 
​ប្រព័ន្ធ​អន​ឡាញ​នេះ នឹងត្រូវ​ដាក់​ឲ្យ​ភ្ញៀវទេសចរ​ចិន​ប្រើប្រាស់​មុនគេ​បង្អស់ តែ​សម្រាប់​ការស្នើសុំ​ធ្វើ​ទិដ្ឋាការ​ចូល​តែម្តង (Single-entry visa) ប៉ុណ្ណោះ​។ ចំណែក​ភ្ញៀវទេសចរ​មកពី​ប្រទេស​ផ្សេងៗ​ទៀត នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ បើតាម​ក្រសួងការបរទេស​ជប៉ុន ភ្ញៀវទេសចរ​ចិន​បានដាក់​ស្នើសុំ​ធ្វើ​ទិ​ដ្ឋ​ការ​ទៅកាន់​ជប៉ុន រហូតដល់​ជិត​៦០​ភាគរយ​ក្នុង​ឆ្នាំ​២០១៧​។ 
 
​ខណៈ​រដ្ឋាភិបាល​ជប៉ុន​កំពុង​មើលឃើញ​ការពង្រឹង​វិស័យ​ទេសចរណ៍ ជា​សសរស្តម្ភ​មួយ​នៃ​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​មួយ​នេះ​គ្រោង​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ដល់​រហូតដល់ ៤០​លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០២០ និង​៦០​លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០៣០​។ 
 
​សម្រាប់​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​នេះដែរ រដ្ឋាភិបាល​ជប៉ុន​បាន​បន្ធូរបន្ថយ​តម្រូវការ​នៅពេល​ដាក់​ស្នើសុំ​ធ្វើ​ទិដ្ឋាការ​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន  ព្រមទាំង​បាន​បង្កើន​ចំនួន​ជើងហោះហើរ​ដែលមាន​តម្លៃ​ថោក ឲ្យ​បាន​ច្រើនជាង​មុន​ផងដែរ​។ 
 
​គួរ​បញ្ជាក់ដែរថា ភ្ញៀវទេសចរ​បរទេស​ប្រមាណ ២៨,៧​លាន​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៧ ដែល​តួលេខ​នេះ​កើនឡើង​ចំនួន​១៩,៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ បើទោះបី គេ​រំពឹងថា តួលេខ​ក្នុង​ឆ្នាំ​២០១៨ អាច​ហក់​ឡើងដល់​៣០​លាន​នាក់​ជា​លើកដំបូង​ក្តី ប៉ុន្តែ​ជប៉ុន​ក៏ត្រូវ​ដោះស្រាយ​ផលប៉ះពាល់​មួយចំនួន​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​ផងដែរ ក្នុងនោះ​រួមមាន បាតុភូត​រញ្ជួយ​ដី​យ៉ាងខ្លាំង​នៅ​កោះ Hokkaido និង​ជំនន់​ភ្លៀង​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជាដើម​។ ការណ៍​នេះ​អាច​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​ដល់​ចំនួន​ភ្ញៀវទេសចរ​បរទេស​ទៅកាន់​ប្រទេស​ជប៉ុន​៕
 

Tag:
 ជប៉ុន​
  E-Visa
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com