អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា ទារ​ឲ្យ​លោក ត្រាំ បញ្ចេញ​របាយការណ៍​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​
19, Oct 2018 , 12:06 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​មកពី​បក្ស​ប្រជាធិបតេយ្យ​បានស្នើ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​របាយការណ៍​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ដែលមាន​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងអស់​។ គេ​បារម្ភ​ថា វា​អាចមាន​ទំនាស់​ផលប្រយោជន៍​កើតឡើង ចំ​ពេលដែល​ការស៊ើបអង្កេត​រឿង​បាត់​ខ្លួន​អ្នក​សែត​រិះគន់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​កើតមាន​។​


 
​លិខិត​ចំហ​មួយច្បាប់​ដែល​រៀបចំឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា បក្ស​ប្រជាធិបតេយ្យ​១១​រូប​បានស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក និង​កូន​របស់លោក​បញ្ចេញ​រាល់​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ហិរញ្ញវត្ថុ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​មកកាន់​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ក្រុមគ្រួសារ​ត្រាំ (Trump Organization) ក្នុងពេល ១០​ឆ្នាំ​ចុងក្រោយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  ការស្នើសុំ​នេះ​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋបាល​លោក ត្រាំ បន្ត​ការពារ​ខ្លួនឯង ក៏ដូចជា​ការចោទប្រកាន់​នានា​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ដូចគ្នា​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​របស់ អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត Jamal Khashoggi ។ លោក Khashoggi បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ ២​តុលា​បន្ទាប់ពី​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​។ 
 
​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​បញ្ជាក់​ក្នុង​លិខិត​របស់ខ្លួន​ដោយ​រម្លឹក​សម្តី​លោក ត្រាំ ក្នុង​ឆ្នាំ ២០១៥ ពេល​ឃោសនា​រក​សំឡេងឆ្នោត​ដែល​ពេលនោះ​លោក អះអាងថា អា​រ៉ា​ប៊ី​សា​អូឌីត​ចំណាយលុយ​រាប់សិប​លាន​ដុល្លារ​ទិញ​ខុន​ដូ និង​អា​ផាត​មិន​របស់​ក្រុមហ៊ុន​លោក​ផង​។​
 
​វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា សមាជិកសភា​ទាំងនេះ​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​មេដឹកនាំ​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​នេះ​បញ្ចេញ​របាយការណ៍​ពាក់ព័ន្ធ​នានា​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ជំនួញ​រវាង​អាមេរិក និង​ក្រុមហ៊ុន​លោក ត្រាំ​។ បើ​មាន​មែន វា​ជា​ករណី​ទំនាស់​ផលប្រយោជន៍​ផង​ព្រោះ មជ្ឈដ្ឋាន​អាមេរិក​កំពុង​ទាមទារ​ឲ្យ​រដ្ឋបាល​បច្ចុប្បន្ន​ក​ដាក់​សម្ពាធ ឬ​ចេញ​វិធានការ​ឆ្លើយតប​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​អាច​នៅ​ពីក្រោយ​ការបាត់​ខ្លួន​របស់​អ្នកកាសែត​ខាងលើ​។ 
 
​ដើមឡើយ លោក ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ផង បើសិនជា​គេ​រកឃើញថា លោក Khashoggi ត្រូវបាន​គេ​សម្លាប់​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​មែន​។ ប៉ុន្តែ​ក្រោយមក មេដឹកនាំ​រូបនេះ​ចាប់ផ្តើម​ប្តូរ​ជំហរ​ដោយ​បង្ហើប​ថា លោក Khashoggi អាច​ត្រូវ​ក្រុមសង្គមងងឹត​សម្លាប់ មិនមែន​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ ហើយ​លោក​ក៏​ព្យាយាម​កោតសរសើរ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ជា​ម៉ូយ​អាវុធ​ដ៏​ល្អ​របស់​អាមេរិក​ដែរ​។​
 
​យ៉ាងណាមិញ លោក ត្រាំ ដែល​នៅសល់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ត្រាំ​នោះ បាន​ទាត់ចោល​ការទាមទារ និង​ហៅ​លិខិត​នោះ​ថា ព័ត៌មាន​ក្លែងក្លាយ​ទៀត​។ លោក​អះអាងថា លោក​ផ្ទាល់​គ្មាន​សោះ​ផលប្រយោជន៍​ហិរញ្ញវត្ថុ​នៅក្នុង​ទំនាក់ទំនង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​៕
 

Tag:
 ​អាមេរិក​
  ព្រឹទ្ធសភា​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com