ជាតិ
២៥ខេត្ត/រាជធានី
ខ្មែរគាំទ្រខ្មែរ! លោក ភួង ពិសិដ្ឋ ជឿជាក់យ៉ាងដូច្នេះ ទើបហ៊ានចាយទុនច្រើនលើដំណាំស្លឹកគ្រៃ
× ភ្នំពេញ៖ ស្លឹកគ្រៃ ជាដំណាំមួយប្រភេទ ដែលងាយស្រួលក្នុងការដាំ និងថែទាំ។ លោក ភួង ពិសិដ្ឋ តំណាងកសិករដាំស្លឹកគ្រៃក្នុងខេត្តស្វាយរៀង បានចំណាយដើមទុនអស់១ម៉ឺនដុល្លារ លើដំណាំស្លឹកគ្រៃនេះ។ មូលហេតុដែលនាំឲ្យលោក ពិសិដ្ឋ ចំណាយទុនលើដំណាំស្លឹកគ្រៃតែមួយមុខបែបនេះ ព្រោះគល់ស្លឹកគ្រៃ មានទីផ្សារទូលាយ និងមានតម្រូវការច្រើន។
ក្នុងទំហំដីប្រមាណ ១០ហិកតា លោក ពិសិដ្ឋ បានចំណាយដើមទុនចំនួន ១ម៉ឺនដុល្លារ សម្រាប់ផ្គត់ផ្គង់លើដំណាំស្លឹកគ្រៃ។ លោក ភួង ពិសិដ្ឋ តំណាងកសិករដាំគល់ស្លឹកគ្រៃ បានលើកឡើងថា៖ «គល់ស្លឹកគ្រៃ វាងាយស្រួលដាំ និងថែទាំ ថែមទាំងទទួលបានផលច្រើន។ ម្យ៉ាងទៀត ទីផ្សារទូលាយ និងមានតម្រូវការច្រើន»។
ក្នុងកសិដ្ឋានរបស់លោក ពិសិដ្ឋ ដែលស្ថិតក្នុងខេត្តស្វាយរៀង មានដាំគល់ស្លឹកគ្រៃ តែមួយមុខប៉ុណ្ណោះ។ ការផ្ដោតលើគល់ស្លឹកគ្រៃតែមួយមុខនេះ ព្រោះលោក និងប្រជាសហគមន៍ ចង់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេស។ ទីផ្សារគល់ស្លឹកគ្រៃទូលាយ និងងាយស្រួលលក់នេះ ព្រោះលោក ពិសិដ្ឋ និងក្រុមការងារ បានចុះសិក្សាពីទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។ លោក ពិសិដ្ឋ បញ្ជាក់ថា៖ «គ្រាន់តែទីផ្សារក្នុងខេត្តស្វាយរៀង ១៦ ១៥០០គីឡូ ក្នុង១ថ្ងៃ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ភួង ពិសិដ្ឋ តំណាងកសិករដាំគល់ស្លឹកគ្រៃដូចតទៅ៖
ក្នុង១ថ្ងៃ គល់ស្លឹកគ្រៃក្នុងកសិដ្ឋានរបស់លោក ពិសិដ្ឋ ត្រូវបានផ្គត់ផ្គង់លើទីផ្សារចំនួន ៥០ ទៅ ១០០គីឡូក្រាម ដោយ១គីឡូ មានតម្លៃ១,៤០០រៀល។ ការផ្គត់ផ្គង់ត្រឹមតែ ៥០ ទៅ១០០ គីឡូនេះ ព្រោះវាជាចំណុចចាប់ផ្ដើម ដែលលោកផ្ដើមពីតិចទៅច្រើន។ ដំណាំគល់ស្លឹកគ្រៃនេះ ត្រូវចំណាយពេលដាំពី ៦ ទៅ៧ខែ ទើបអាចប្រមូលបាន ហើយក្នុងរយៈពេល១នេះ លោក ពិសិដ្ឋ ចាប់ផ្ដើមប្រមូលផលគល់ស្លឹកគ្រៃផងដែរ។
លោក ពិសិដ្ឋ អះអាងថា៖ «ប្រសិនបើយើងផ្ដោតឲ្យខ្លាំងលើដំណាំគល់ស្លឹកគ្រៃនេះ វានឹងធ្វើឲ្យយើងអាចក្លាយជាសេដ្ឋីស្រុកស្រែបានផងដែរ។ ខ្ញុំសង្ឃឹម និងជឿជាក់លើមុខរបរកសិកម្ម ដែលផ្ដោតសំខាន់លើដំណាំគល់ស្លឹកគ្រៃនេះ»។
ទាក់ទងនឹងបច្ចេកទេសនៃការដាំដុះវិញ លោក ពិសិដ្ឋ មានមូលដ្ឋានគ្រឹះពីអង្គការសេដាក ដែលលោកបានចាប់ផ្ដើមការងារនៅទីនោះ តាំងពីឆ្នាំ២០១៤មក។ ជាពិសេសលោកបានធ្វើការងារ ដោយផ្ទាល់ជាមួយកសិករ ដែលផ្ដោតលើដំណាំគល់ស្លឹកគ្រៃនេះផងដែរ៕
Tag:
សំឡេង
កសិករ
កសិកម្ម
គល់ស្លឹកគ្រៃ
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com