ជាតិ
លោក Mukhisa Kituyi ៖ កម្ពុជា ជា​ប្រទេស​គំរូ​មួយ សម្រាប់​ប្រទេស​ដទៃ​
23, Oct 2018 , 10:24 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ជា​ប្រទេស​គំរូ​មួយ សម្រាប់​ប្រទេស​ដទៃទៀត ក្នុងការ​ជំរុញ​ផ្នែក​អភិវឌ្ឍន៍​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ុ​ឃី​សា គី​ទុ​យី (Mukhisa Kituyi) អគ្គលេខាធិការ នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ជាមួយ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ស្វ៊ី​ស​។​

 
​លោក Mukhisa Kituyi បាន​និយាយថា កម្ពុជា គឺជា​ប្រទេស​ដែលមាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច ទៅកាន់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប និង​បន្ត​ឆ្ពោះ​ទៅមុខទៀត​។ ក្នុង​កែវភ្នែក​លោក Mukhisa Kituyi កម្ពុជា ជា​ប្រទេស​គំរូ​មួយ សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​ការជំរុញ​ការអភិវឌ្ឍ​។​
 
​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្ដី​អគ្គលេខាធិការ នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​រូបនេះ មក​សរសេរ ដោយ​អម​ជាមួយ​រូបភាព​៧​សន្លឹក យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិតជា​បានធ្វើ​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយគ្នា​កាលពីពេល​កន្លងមក ហើយ​អ្វីដែល​ឯកឧត្តម​មានការ​សប្បាយ​បំផុត​នោះ គឺ​វត្តមាន​របស់​សម្តេច​ក្នុងការ​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​ដ៏​មាន​សារៈសំខាន់​បំផុត​នេះ​។ ឯកឧត្តម នឹង​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​ឲ្យ​ទទួលបាន​នូវ​ការប្រកួតប្រជែង​ខ្ពស់​ថែមទៀត លើ​ឆាក​អន្តរជាតិ ពិសេស​លើ​ការនាំចេញ​កង់ និង​ផលិតផល​ផ្សេងៗ​ទៀត​»​។ 
 
​ឆ្លើយតប​នឹង​ការសរសើរ​របស់លោក Mukhisa នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា បើទោះបី​កម្ពុជា​បាន​ឆ្លងកាត់​ពី​ប្រទេស​ក្រីក្រ ទៅកាន់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម ដែល​ត្រូវ​បន្ត​ដោះស្រាយ​។​«​ស្វាគមន៍​ចំពោះ ឯកឧត្តម​អគ្គលេខាធិការ នៃ​សន្និសីទ​អង្គការសហប្រជាជាតិ ដែល​បាន​សន្យា​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​វេទិកា​ពាណិជ្ជកម្ម នៅ​ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី​២២​ដល់​២៥ តុលា​។ 
​វេទិកា​ពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក ចែករំលែក​បទពិសោធ​ន៍​ល្អ​គ្នា លើ​ការអភិវឌ្ឍ​។ វេទិកា​នេះ មាន​អ្នកចូលរួម​ប្រមាណ ៦,៦០០​នាក់ ដែល​ក្នុងនោះ​មាន​ប្រធានាធិបតី​១០​រូប និង​នាយករដ្ឋមន្ត្រី​៣​រូប​។ នេះ​បើតាម​លោក ម៉ុ​ឃី​សា គី​ទុ​យី (Mukhisa Kituyi) អគ្គលេខាធិការ នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​៕
 

Tag:
 ​ហ៊ុន សែន​
  Mukhisa Kituyi
  ពាណិជ្ជកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com