អន្តរជាតិ
មហា​ធៀ​៖ រដ្ឋាភិបាល​ត្រូវការ​បក្សប្រឆាំង​ក្នុង​រដ្ឋសភា​ដើម្បី​ត្រួតពិនិត្យ​និង​រក្សា​តុល្យភាព​អំណាច​
23, Oct 2018 , 9:19 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២២ ខែតុលា បាន​លើក​ហេតុផល​ថា វា​ជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវការ​បក្សប្រឆាំង​ខ្លាំង​ដើម្បី​រក្សា​តុល្យភាព​អំណាច និង​ការត្រួតពិនិត្យ​នយោបាយ ។

 
​ក្នុង​ពិធី​ពិធី​មួយថ្ងៃ ២២ ខែតុលា នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លោក មហា​ធៀ បានលើកឡើង​ពី​សារសំខាន់​នៃ​ការធានា​វត្តមាន​បក្សប្រឆាំង​ក្នុង​សភា ព្រោះ​វា​អាច​ធានា​ឲ្យ​បាន​នូវ​ការ​ត្រូតពិនិត្យ និង​តុល្យភាព​នៃ​អំណាច​ក្នុង​រដ្ឋបាល​ដឹកនាំ​ម៉ាឡេស៊ី​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោក មហា​ធៀ បាន​និយាយ​ដូច្នេះ​៖ « គណបក្សប្រឆាំង​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​នយោបាយ​ម៉ាឡេស៊ី​។ ប្រសិនបើ​យើង​មិនមាន​គណបក្សប្រឆាំង​នោះទេ វា​ដូចជា​មើល​កញ្ចក់​អញ្ចឹង យើង​ប្រហែល​មើលឃើញ​ខ្លួនឯង​ស្អាត ប៉ុន្តែ​អ្នក​ដ៏​ទៃ​មិន​គិត​ដូច្នេះ​នោះឡើយ​»​។ 
 
​បន្ថែម​ពី​លើកឡើង​រឿង​ធានា​វត្តមាន​បក្សប្រឆាំង មេដឹកនាំ​រូបនេះ​បាន​រៀបរាប់ថា ការដឹកនាំ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​មិនមែនជា​រឿង​ស្រួល​ឡើយ​។ នោះ​ក៏​ព្រោះថា​លោក​មិនមែនជា​មេដឹកនាំ​បក្ស​ដែលមាន​ឥទ្ធិពល​ខ្លាំងជាងគេ ក្នុង​រដ្ឋាភិបាល​ដូច​អតីតកាល​ឡើយ​។ 
 
​លោក​មហា​ធៀ បាន​និយាយថា ស្ថានភាព​នយោបាយ​ម៉ាឡេស៊ី​បច្ចុប្បន្ន​ខុសប្លែក​ឆ្ងាយ​ពី​ពេលដែល​លោក​ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ក្នុងពេល ២២​ឆ្នាំ ដែល​ចាប់ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣​។ ត្រង់នេះ លោក​បានលើកឡើង​បែបនេះ​៖ «​នាពេល​អតីតកាល ខ្ញុំ​បាន​ដឹកនាំ​បក្ស​ដែលមាន​ឥទ្ធិពល​បំផុត ជាមួយ​សម្លេង​ច្រើនជាងគេ​ក្នុង​សភា​។ ដូច្នេះហើយ​គ្រប់​សំណើ​ដែល​យើង​បានដាក់​ស្នើ ច្បាស់​ណាស់​វា​ត្រូវបាន​គេ​គាំទ្រ​»​។ 
 
​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ​បាន​ពន្យល់​បន្ថែមថា បច្ចុប្បន្ននេះ​ក្នុង​សម្ព័ន្ធ​បក្ស​កាន់អំណាច Pakatan Harapan (PH)  វា​មាន​គណបក្ស​រហូតដល់​បួន​ឯណោះ ហើយ​បក្ស​នីមួយៗ​មាន​មនោគមន៍វិជ្ជា​រៀងៗ​ខ្លួន​។ ដូច្នេះហើយ រាល់​ការសម្រេចចិត្ត​ណាមួយ លោក​មហា​ធៀ ចាំបាច់​ត្រូវតែ​បញ្ចុះបញ្ចូល​គ្រប់​គណបក្ស​ទាំងអស់​ក្នុង​សម្ព័ន្ធ​គណបក្សកាន់អំណាច​នេះ​ជាមុនសិន​។​
 
​បន្ថែម​ពីលើ​ភាពលំបាក​ក្នុងការ​ដឹកនាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ប្រជាជន​ម៉ាឡេស៊ី​ដែលមាន​ក្តី​រំពឹង​ខ្ពស់​មកលើ​រដ្ឋាភិបាលរ​បស់​លោក​ដែរ​។ ត្រង់នេះ លោក​បាន​ពន្យល់ថា វា​ជា​រឿង​ធម្មតា​ដែល​ប្រជាជនមាន​ក្តីសង្ឃឹម​និង​រំពឹង ប៉ុន្តែ​លោក​មិនមែនជា​គ្រូ​វេទមន្ត​ដែល​ដោះស្រាយ ឬ​សម្រេចបាន​អ្វី​គ្រប់យ៉ាង និង​ធានាបាន​នូវ​ភាពជោគជ័យ​បាន​មួយ​ពព្រិច​ភ្នែក​ឡើយ​៕
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com