ជាតិ
Op-Ed៖ ការផ្តល់​ឱកាស​ឱ្យ​យុវជន​អាច​សម្រេចបាន​សក្តានុពល​របស់​ពួកគេ​
24, Oct 2018 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទបទ​វិចារណកថា ​របស់ លោកស្រី Pauline Tamesis ​​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ 

​នៅ​វ័យ ១២ឆ្នាំ ផា​រ៉ា​ឌី ដែលជា​យុវតី​មកពី​ភូមិ​ជនបទ​តូច​មួយ​ក្នុងប្រទេស​កម្ពុជា បាន​ចាក​ចេញមក​រស់នៅក្នុង​ទីប្រជុំជន​ខេត្តកំពត ចម្ងាយ ៦០ គីឡូម៉ែត្រ​ពី​ភូមិ​របស់​នាង ព្រោះតែ​ពេលនោះ​សហគមន៍​របស់​នាង​ពុំមាន​វិទ្យាល័យ​សម្រាប់​ឱ្យ​នាង​រៀន​។ ស្ទើរតែ​គ្មាន​លុយ​មួយ​រៀល​ជាប់​ខ្លួន ហើយ​គ្រួសារ​ក៏​នៅ​ឆ្ងាយ​ទៀត នាង​ត្រូវធ្វើ​អ្វីដែល​នាង​អាចធ្វើ​បាន ដើម្បី​ចិញ្ចឹមជីវិត​។


 
​នៅ​រៀងរាល់​ព្រឹក ផា​រ៉ា​ឌី ក្រោក​ពី​ព្រលឹម ដើម្បី​ជួយ​អ្នកជិតខាង​របស់​នាង ក្នុង​ហាង​លក់​អង្ករ​របស់​ពួកគេ មុនពេល​ដល់​ម៉ោង​ទៅ​រៀន ជា​ថ្នូរ​នឹង​អាហារ​ពេលព្រឹក​មួយ​ចាន​។ នៅពេល​រសៀល នាង​ជួយ​គ្រូ​របស់​នាង​នៅ​កន្លែង​រៀន​គួរ ដើម្បី​អាចឱ្យ​នាង​រៀន​គួរ​បន្ថែម​ដោយ​មិន​គិតថ្លៃ​។ ជីវិត​មិនជា​ស្រួល​ឡើយ សម្រាប់​ផា​រ៉ា​ឌី​។​
 
​យុវជន​ជាច្រើន ជួបប្រទះ​នឹង​ការលំបាក​ស្រដៀង​គ្នា​នឹង ផា​រ៉ា​ឌី ដែរ​។ ទោះជា​យ៉ាងណាក៏ដោយ ភាព​ឧស្សាហ៍​ព្យាយាម និង​ការទទួលបាន​ការអប់រំ​របស់​នាង មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​ផ្តល់ឱ្យ​នាង​នូវ​ជំនាញ និង​សមត្ថភាព​លទ្ធភាព​ពឹង​អាស្រ័យ​លើ​ខ្លួនឯង ដែល​នាង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ស្វែងរក​ឱកាស និង​សម្រេច​សក្តានុពល​ពេញលេញ​របស់​នាង​។
 
​យើង​ត្រូវ​ធានាថា ផា​រ៉ា​ឌី និង​យុវជន​ស្របាលៗ​នឹង​នាង​ទូទាំងប្រទេស​កម្ពុជា អាច​រៀនសូត្រ និង​ចម្រើន​វ័យ ក្នុង​បរិយាកាស​មួយ​ដែល​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​របស់​ពួកគេ​។ នេះ​ចាប់ផ្តើម​ជាមួយនឹង​ការបង្កើត​នូវ​កន្លែង​ដែលមាន​សុវត្ថិភាព នៅតាម​សហគមន៍​របស់​ពួកគេ ដែល​ចាត់ទុក​សន្តិសុខ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ជា​អាទិភាព ដូចជា ដឹង​ពី​កន្លែង​ដែល​ពួកគេ​អាច​ទៅ​ទទួលបាន​សេវា ការគាំទ្រ​សហគមន៍ ឬ​ត្រឹមតែ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ពួកគេ​ជាមួយនឹង​មនុស្ស​ផ្សេងទៀត ដែល​អាចជួយ​ពួកគេ​បាន​។ សម្រាប់​យុវតី​ជាច្រើន​ដែល​កំពុង​ស្វែងរក​ឱកាស​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន ដូចជា ផា​រ៉ា​ឌី ជាដើម តើ​ពួកគេ​ត្រូវ​ទៅណា​? តើ​ធ្វើយ៉ាងណា ដើម្បីឱ្យ​អ្នកដទៃ​ទៀត​អាច​ស្តាប់ឮ​សម្លេង​របស់​ពួកគេ​? 
 
​បញ្ចេញ​សំឡេង និង​ជំរុញ​ការចូល​រូ​ម​

កន្លែង​មាន​សុវត្ថិភាព​ណាក៏ដោយ អាច​សម្គាល់​ដឹងបាន តាមរយៈ​លទ្ធភាព​អាច​លើកឡើង​ពី​ការព្រួយបារម្ភ និង​ចូលរួម​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត ដែល​អាចមាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​យុវជន​ជាច្រើន​នាក់ ចំណុច​ដ៏​សំខាន់​មួយ​នេះ គឺ​ពុំមាន​នោះឡើយ​។ 

ដើម្បី​ឈានទៅ​បំពេញ​មហិច្ឆតា​រួម​របស់​យើង គឺ​ការសម្រេច​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ យើង​ត្រូវ​ធានា​យ៉ាងណា​ឱ្យមាន​តំណាង​សម្លេង​ទាំងអស់ ប្រកបដោយ​សេរីភាព និង​សមភាព ក្នុងសង្គម​។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ៦០ ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ក្នុងប្រទេស​កម្ពុជា មាន​អាយុ​ក្រោម ៣០ ឆ្នាំ​។ ចំនួន​យុវជន​ស្មើនឹង​មួយ​ភាគបី​នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ប្រមាណ ៨ លាន​នាក់​របស់​ប្រទេស​នេះ​។ ភាគលាភ​ប្រជាសាស្ត្រ​បែបនេះ ប្រសិនបើ​អាច​ច្បាម​យកមកប្រើ​ប្រាស់​បាន នឹង​ក្លាយជា​កម្លាំងចលករ​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាមិនខាន​។​

នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​អាច​ធ្វើបាន ដើម្បី​ធានា​ឱ្យ​សម្លេង​របស់​យុវជន ត្រូវបាន​បញ្ចូល​ប្រកបដោយ​អត្ថន័យ​ទៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ យុវជន​ជាច្រើន​នាក់ ដូចជា ផា​រ៉ា​ឌី ជាដើម ចង់បាន​លើសពី​ត្រឹម​កំណើនសេដ្ឋកិច្ច​។ ពួកគេ​ចង់ឱ្យ​អ្នក​ដទៃទៀត​ស្តាប់ឮ​សម្លេង​របស់​ពួកគេ នៅពេលដែល​មានការ​សម្រេច​ចិត្ត ដែលមាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​។​

យើង​ដឹង​បែបនេះ ព្រោះ​ការសិក្សា​នានា​បាន​បង្ហាញថា យុវជន​ជំនាន់​នេះ តាមពិត​ផ្តល់​តម្លៃ​ដល់​ការបោះឆ្នោត ដោយ​ចាត់ទុកថា ការបោះឆ្នោត គឺជា​ទម្រង់​នៃ​ការចូលរួម​ក្នុង​វិស័យ​នយោបាយ​ដ៏​សំខាន់ ដើម្បី​បំពេញ      ភារកិច្ច​ជា​ប្រជាពលរដ្ឋ​របស់​ពួកគេ និង​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ពួកគេ​ចង់បាន​។ 
 
​យុវជន គឺជា​កូនសោរ​សំខាន់​

​ការសិក្សា​ស្តីពី​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង​យុវជន សន្តិភាព និង​សន្តិសុខ បាន​ប្រមូល​ព័ត៌មាន​យ៉ាង​ជាក់ច្បាស់ បង្ហាញ​ពី​ស្ថានភាព​របស់​យុវជន​ក្នុង​ឆ្នាំ ២០១៨៖ “​យុវជន​កំពុងធ្វើការ​ផ្លាស់​ទី ទាំង​ជាការ​ផ្លាស់​ទី​ជាក់ស្តែង     តាមរយៈ​ការធ្វើ​ចំណាកស្រុក​ផង និង​ការផ្លាស់​ទី​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ផង ក្នុង​យុគសម័យ​សកល​ភា​វូ​ពាណិជ្ជ​-​កម្មនេះ​។ លទ្ធភាព​របស់​ពួកគេ​ក្នុង​ការនាំ​ខ្លួនឯង​ទៅខាង​ក្រៅ​ព្រំដែន​នៃ​ជីវិត​របស់​ពួកគេ មាន​សក្តានុពល​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ប៉ុន្តែ​ត្រូវបាន​មនុស្ស​មួយចំនួន ចាត់ទុកថា​វា​ជាការ​គំរាមកំហែង ដែលនាំឱ្យ​មានការ​បិទ​ទីកន្លែង​មួយចំនួន ជាជាង​ផ្តល់​លទ្ធភាព​ឱ្យ​ទីកន្លែង​ទាំងនោះ បន្ត​មានការ​រីកចម្រើន​។​” 
 
​នៅ​កម្រិត​សកល អង្គការសហប្រជាជាតិ​បានធ្វើ​ទៅតាម​អ្វីដែល​ខ្លួន​សន្យា​រួចទៅហើយ​។ យុទ្ធសាស្ត្រ អង្គការសហប្រជាជាតិ ដែល​ទើបនឹង​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ដែលមាន​ឈ្មោះថា យុវជន​ឆ្នាំ ២០៣០៖ ធ្វើ​ការងារ​ជាមួយ​យុវជន និង​ដើម្បី​យុវជន - ផ្តល់​អាទិភាព​ដល់​ការបង្កើន​សម្លេង​របស់​យុវជន សម្រាប់​បង្កើត​នូវ​ពិភពលោក​មួយ​ប្រកបដោយ​សុខសន្តិភាព យុត្តិធម៌ និង​ចីរភាព​។ កាត់​តែ​សំខាន់​ទៀត​នោះ យុទ្ធសាស្ត្រ​នេះ​ចាត់ទុក​យុវជន​ថា​ជា​អ្នក​ដែលមាន​តួនាទី​ជា​ចលករ​ជម្រុញ​សន្តិភាព និង​វិបុលភាព​។​
 
​ក្នុងប្រទេស​កម្ពុជា យុវជន​អាចបំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​វិសមភាព​ទាំង​ក្នុង​ប្រទេសមួយ ទាំង​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត ប៉ុន្តែ​ពួកគេ​ត្រូវការ​ការវិនិយោគ ដែល​ការវិនិយោគ​នេះ ខ្ញុំ​មិនមែន​ចង់​សំដៅ​តែ​ទៅលើ​ការវិនិយោគ​ជា​ប្រាក់កាស​នោះទេ​។ ពួកគេ​ត្រូវការ​បង្វឹក​ណែនាំ សេវា​ថែទាំសុខភាព ការអប់រំ​ប្រកបដោយ​គុណភាព ជំនាញ​ដែល​បំពេញតម្រូវការ​ទីផ្សារ ការទទួលបាន​ការងា​រ​សមរម្យ និង​កិច្ច​គាំពារ​សង្គម​។ សំខាន់​ជាងគេ​នោះ យុវជន​ត្រូវ​ការទទួល​ការបំពាក់​បំប៉ន ដើម្បីឱ្យ​ពួកគេ​អាចមាន​ឥរិយាបថ វិជ្ជមាន ប្រកបដោយ​ការទទួលខុសត្រូវ និង​ចេះ​ពឹង​អាស្រ័យ​លើ​ខ្លួនឯង ចេះ​គិតគូរ​ពិចារណា​ល្អិតល្អន់ មាន​ជំនាញ​យល់ដឹង​ពី​ប្រព័ន្ធ​ឌីជីថល ដែល​អាចជួយ​ឱ្យ​ពួកគេ​ធ្វើដំណើរ​បត់បែន​លើផ្លូវ​ដ៏​សែនពិបាក ក្នុង​ពិភពលោក​ដែលមាន​ការប្រែប្រួល​ដ៏​ឆាប់រហ័ស​បែបនេះ​។ 
 
​ខណៈពេលដែល​បដិវត្ត​ន៍​ឧស្សាហកម្ម​លើក​ទី​បួន កំពុង​ខិតចូល​មកដល់ យើង​កំពុង​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅតាម​ទីកន្លែង​សាធារណៈ​នានា និង​ឃើញ​មានការ​លេចឡើង​នូវ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ឱកាស​សេដ្ឋកិច្ច និង​ឱកាស​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ផងដែរ​។ ការងារ​ដែល​យើង​ធ្លាប់តែ​ស្គាល់ ឥឡូវនេះ​គេ​លែង​ត្រូវការ​ទៀតហើយ​។ សិទ្ធិ​ឌីជីថល​ក៏​ប្រឈម​នឹង​ហានិភ័យ​ផងដែរ ដែលនាំឱ្យ​មានការ​គំរាមកំហែង​ដល់​តម្លាភាព និង​គណនេយ្យភាព​។ 
 
​ប៉ុន្តែ​យើង​មិនត្រូវ​ភ័យខ្លាច​បញ្ហា​ប្រឈម​ទាំងនេះ​នោះឡើយ និង​ត្រូវ​ចាត់ទុក​វា​ថា​ជា​ឱកាស​។ តើ​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​បង្កើន​សម្លេង​របស់​យុវជន ធានាឱ្យមាន​ការចូលរួម​ដោយ​ស្មើភាព និង​លើកកម្ពស់​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា​? 
 
​រាជរដ្ឋាភិបាល​កម្ពុជា បានដឹង​ពី​ការរំខាន​ដោយសារ​បច្ចេកវិទ្យា​ថ្មីៗ ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​បាន​តាំងចិត្ត ដើម្បី​ចាត់វិធានការ​ឆ្លើយតប​។ បច្ចុប្បន្ននេះ មានគំនិត​ផ្តួចផ្តើម​ល្អៗ​ជាច្រើន ដែល​កំពុងអនុវត្ត​។ ឧទាហរណ៍​អង្គការសហប្រជាជាតិ រួមគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​គំនិត​ផ្តួចផ្តើម     អក្ខរកម្ម​ពិសេស សម្រាប់​រោងចក្រ ដែល​គេ​និយម​ហៅថា កម្មវិធី​អក្ខរកម្ម​តាម​រោងចក្រ​។ យើង​ក៏​កំពុងធ្វើការ​ងារ​ជាមួយនឹង​យុវតី និង​យុវជន ទាំង​ក្នុង​សាលារៀន ទាំង​ក្រៅ​សាលារៀន ដើម្បី​ផ្តល់​ការបំពាក់​បំប៉ន​ដល់​ពួកគេ​នូវ​ជំនាញ​សហគ្រិន និង​ជំនាញ​អាជីវកម្ម​ផងដែរ​។ 
 
​ទោះជា​យ៉ាងណាក៏ដោយ យើង​ចាំបាច់​ត្រូវធ្វើ​ការងារ​បន្ថែមទៀត​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ    អង្គការសហប្រជាជាតិ នឹង​ពង្រឹង​បន្ថែម​ការគាំទ្រ និង​ការចូល​រួមសហការ​ជាមួយនឹង​យុវជន​។ 
 
​ឥឡូវនេះ គឺជា​ពេល ដែល​ត្រូវបង្កើត​នូវ​គោលនយោបាយ​ឆ្លាត​វៃ និង​នាំឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ដែល​ផ្តល់ឱ្យ​យុវជន​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ឆ្លើយតប និង​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នាពេល​អនាគត​។ 
 
​ដើម្បី​បំពេញ​ទៅតាម​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ដើម្បីឱ្យ​ពិភពលោក​កាន់​តែមាន​សុខសន្តិភាព និរន្តរភាព និង​ភាពសម្បូររុងរឿង​ជាង​មុន យើង​ត្រូវការ​យុវជន​ដើម្បី​ដឹកនាំ​។ សូម​ចូលរួម​ជាមួយ​យើង ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​ឱកាស​ឱ្យ​យុវជន​សម្រេច​សក្តានុពល​របស់ខ្លួន​​។

 
​ថ្ងៃទី ២៤ ខែតុលា គឺជា​ខួប​នៃ​ការចូល​ជាធរ​មាននៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៤៥​។ ឆ្នាំនេះ​ទិវា​អង្គការសហប្រជាជាតិ​ថ្ងៃទី ២៤ ខែតុលា ធ្វើឡើង​ជួន​គ្នា​ជាមួយនឹង​ការអបអរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដែលជា​ឱកាស​សម្រាប់​រំលេច​អត្ថន័យ​នៃ​សេចក្តីប្រកាស​ជាស​កល ចំពោះ​ជីវភាព​សង្គម និង​សេដ្ឋកិច្ច​របស់​មនុស្ស និង​ស្វែងរក​ការគាំទ្រ​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន ដែលជា​លក្ខខណ្ឌ​តម្រូវ​ចាំបាច់ ដើម្បី​សម្រេច និង​ការពារ​សុខសន្តិភាព​យូរអង្វែង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com