អន្តរជាតិ
លោក​ស៊ី ជិន​ភីង បើក​ដំណើរការ​ស្ពាន​កាត់​សមុទ្រ​វែង​ជាងគេ​លើ​ពិភពលោក​
24, Oct 2018 , 10:07 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២២ ខែតុលា បានប្រកាស​បើក​ដំណើរការ​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​លើ​លោក ក្រោយ​ចាប់ផ្តើម​ការសាងសង់​ក្នុង​ឆ្នាំ​២០០៩​។ ស្ពាន​ដ៏​វែង​នេះ​មាន​ប្រវែង ៥៥​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ចំនួន ២០​ពាន់​លាន​ដុល្លារ​ឯណោះ​។

 
​ស្ពាន​ដ៏​វែង​មហិមា​នេះ គឺ​ភ្ជាប់​តំបន់​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ចិន​ចំនួន​៣ រួមមាន​ដូចជា ទីក្រុង​ហុងកុង ម៉ា​កាវ និង​ហ្សូ​ហៃ (Zhuhai)​។ ស្ថិតក្នុង​គម្រោង​បង្កើត​តំបន់​អភិវឌ្ឍន៍ Greater Bay របស់​ចិន តំបន់​នេះ​ជា​ជម្រក​សម្រាប់​ប្រជាជន​ចំនួន ៦៨​លាន​នាក់​។​
 
​កាលពី​អតីតកាល សម្រាប់​ការធ្វើដំណើរ​ពី​ទីក្រុង ហ្សូ​ហៃ ទៅកាន់​ហុងកុង គេ​ត្រូវការ​ពេល​យ៉ាងហោចណាស់ ៤​ម៉ោង ប៉ុន្តែ​ស្ពាន​ថ្មី​នេះ​បាន​កាត់បន្ថយ​ពេលវេលា​មក​ត្រឹម​៣០​នាទី​ប៉ុណ្ណោះ​។ 
 
-​លក្ខណៈពិសេស​នៃ​ស្ពាន​ដ៏​វែង​នេះ​
 
​បើ​រួមបញ្ចូល​ទៅ​ផ្លូវ​ធ្វើដំណើរ​ផង​នោះ ស្ពាន​នេះ​លាតសន្ធឹង​ដល់​ទៅ​ប្រវែង ៥៥​គីឡូម៉ែត្រ ប៉ុន្តែ​ក្នុងនោះ​បែង​ចែកជា​ផ្នែក​សំខាន់​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ ទីមួយ​គឺ​ផ្នែក​ស្ពាន​មាន​ប្រវែង ៣៥​គីឡូម៉ែត្រ ដែល​រត់​ឆ្លងកាត់​សមុទ្រ​នៃ​តំបន់​ដីសណ្តរ Zhūjiāng  ឬ​ហៅថា Greater Bay ។ 
 
​លើសពីនេះ​ដើម្បី​អាច​ឲ្យ​នាវា​បើក​ឆ្លងកាត់​បាន​នោះ ស្ពាន​ដ៏​អស្ចារ្យ​នេះ​មាន​ផ្នែក​រូង​ក្រោម​សមុទ្រ​ប្រវែង ៦,៧ គីឡូម៉ែត្រ ដែល​រត់​ឆ្ល​ត់​កាត់​កោះ​សប្ប​និមិត្ត​ចំនួន​២​។ រីឯ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់ គឺមាន​ផ្លូវថ្នល់ និង​ផ្លូវ​ក្រោម​ដី ដែល​ភ្ជាប់​ក្រុង ហ្សូ​ហៃ និង​ហុងកុង​ទៅនឹង​ស្ពាន​តែម្តង​។ 
 
 
​ម្យ៉ាងវិញទៀត ស្ពាន​នេះដែរ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ទី​ហ្វុ​ង​។ អ្វី​ដែលជា​ចំណុច​ពិសេស​មួយទៀត​នោះ​គឺ ស្ពាន​ដ៏​វែង និង​ធន់​មួយ​នេះ​ត្រូវបាន​សាងសង់ឡើង ដោយ​ប្រើប្រាស់​ដែកថែប​ចំនួន ៤០​ម៉ឺន​តោន​។ បើ​ពិ​តទៅ​ចំនួន​ដែកថែប​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​គឺ​គ្រប់គ្រាន់​អាច​សាងសង់​បាន​ប៉ម Eiffel របស់​បារាំង​ចំនួន​៦០​ឯណោះ​។ 
 
-​តើ​គ្រប់គ្នា​សុទ្ធតែ​អាចធ្វើ​ដំណើរ​លើ​ស្ពាន​នេះ​បាន​? 
 
​ចម្លើយ​គឺ អត់​ទេ​! សម្រាប់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ត្រូវតែមាន​លិខិតអនុញ្ញាត​ពិសេស ដែល​ផ្តល់​ឲ្យ​ដោយ​ប្រព័ន្ធ​ក្វូ​តា (quota) ។ ហើយ​ម្យ៉ាងវិញទៀត ស្ពាន​នេះ​ពុំមាន​ផ្លូវ​រថភ្លើង​នោះឡើយ​។ 
 
​អាជ្ញាធរ​ចិន​ដំបូង​ឡើយ​បាន​ប៉ាន់​ស្មានថា រថយន្ត​ចំនួន ៩២០០​គ្រឿង​នឹង​បើក​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​បន្ទាប​ការប៉ាន់ស្មាន​របស់​ពួកគេ បន្ទាប់ពី​បណ្តាញ​ដឹក​ជ​ញ្ជួ​ន​ថ្មី​មួយ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​តំបន់​៕
 

Tag:
 ​ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com