អន្តរជាតិ
អាមេរិក​លុបចោល​ទិដ្ឋាការ​អា​រ៉ា​ប៊ី​សា​អូឌីត​ឆ្លើយតប​នឹង​ករណី​ឃាតកម្ម​លោក Khashoggi
24, Oct 2018 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ខែតុលា​ថា រដ្ឋបាល​លោក​សម្រេច​លុបចោល​ទិដ្ឋាការ​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​របស់​អ្នកសារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​លោក Jamal Khashoggi​។ 



​រង​សម្ពាធ​ពី​បណ្តា​សមាជិកសភា​ទាំងពីរ​បក្ស​លើ​ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​តួ​ក​គី ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជាក់ថា ខ្លួន​កំណត់​បាន​មនុស្ស ២១ នាក់​ដែល​ទិដ្ឋាការ​ត្រូវ​លុបចោល ឬ​លែង​អាច​ស្នើសុំ​ទិដ្ឋាការ​អាមេរិក​បាន​នៅពេល​ខាងមុខ​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP វា​ជា​ជំហាន​ដំបូង​នៃ​ការដាក់ចេញ​វិធានការ​របស់​អាមេរិក​ឆ្លើយតប​នឹង​សម្ព័ន្ធមិត្ត​ខ្លួន​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក Khashoggi ដែល​គេ​ស្គាល់​ថា​ជា​អ្នកកាសែត​ហ៊ាន​រិះគន់​រដ្ឋាភិបាល​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ត្រូវ​រង​វិធានការ​នេះ​អាមេរិក​ទទួលបាន​ពី​ភ្នាក់ងារ​ចារកម្ម ក្រសួងការបរទេស និង​ក្រសួង​ដទៃទៀត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​។ លោក​សង្កត់ធ្ងន់ថា ការដាក់ចេញ​វិធានការ​នេះ​បញ្ជាក់​ច្បាស់​ថា អាមេរិក​មិន​លើកលែង​ទាល់តែសោះ​ចំពោះ​រាល់​សកម្មភាព​ដែល​បំបិទមាត់​អ្នកកា​សែ​តាម​ការប្រើ​ហិង្សា​។​
 
​ប្រមុខ​ការទូត​រូបនេះ​បន្ថែមថា អាមេរិក​កំពុង​ពិចារណា​ផងដែរ​លើ​វិធានការ​ផ្សេងទៀត​ស្ថិតក្រោម​ច្បាប់ Sergei Magnitsky ដែលមាន​គោលដៅ​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​រាល់​បុគ្គល​ដែល​ពាក់ព័ន្ធ​ឬ​នៅ​ពីក្រោយ​ការស្លាប់​របស់លោក Khashoggi ដែរ​។​
 
​គេ​មិនទាន់​ដឹង​ច្បាស់​ថា ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងនោះ​ជា​អ្នកណា​ឲ្យ​ពិតប្រាកដ​ឡើយ ប៉ុន្តែ​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បដិសេធ​រាល់​ការចោទប្រកាន់ថា ខ្លួន​មាន​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​អ្នកកាសែត​នេះ​។​
 
​ដោយឡែក ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ជជែក​ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត និង​រជ្ជទាយាទ​ផង​នោះបាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គា​រថា រជ្ជទាយាទ Mohammed bin Salman បាន​ប្រាប់​លោក​ថា ទ្រង់​មិនមាន​ពាក់ព័ន្ធ​អ្វី​ឡើយ​នឹង​ករណីនេះ ព្រោះ​វា​ជា​ករណី​ឃាតកម្ម​កម្រិត​ទាប​ប៉ុណ្ណោះ​។ 
 
​ចំពោះ​លោក ត្រាំ  គម្រោង​ឃាតកម្ម​របស់​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​លោក Khashoggi នេះ​ជា​គំនិត​ស្មោគគ្រោក​បំផុត​បំផុត​។ លោក​បន្ថែមថា ឃា​តុ​កម្ម​ត្រូវបាន​រៀបចំឡើង​យ៉ាង​អន់​បំផុត ខណៈដែល​ការព្យាយាម​បិទបាំង​រឿង​នោះ​ក៏​អាក្រក់​បំផុត​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​។ 
 
​តាមពិតទៅ​ការប្រកាស​របស់​អាមេរិក​ដោយ​ដាក់​វិធានការ​ប្រឆាំង​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​កើតឡើង​បន្ទា​បើ​ពី​ប្រធានាធិបតី Recep Tayyip Erdogan បានចេញ​បកស្រាយ​ជា​សាធារណៈ​ថា ករណី​សម្លាប់​លោក Khashoggi ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបចំ​គម្រោង​ទុកជាមុន​ច្រើន​ថ្ងៃ​មកហើយ​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​នៅតែ​ទាមទារ​ឲ្យ​ក្រុង​រី​យ៉ា​ដ ផ្តល់​ចម្លើយ​ថា​តើ​សាកសព​លោក Khashoggi នៅទីណា ហើយ​អ្នកណា​នៅ​ពីក្រោយ​គម្រោង​ឃាតកម្ម​មាន​ចរិត​នយោបាយ​នេះដែរ​៕  
 

Tag:
 ​អាមេរិក​
  Jamal Khashoggi
  អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com