អន្តរជាតិ
​ក្រុង​មួយ​នៅ​អ៊ីតាលី សម្រេច​ពិន័យ​ជាង​២៥​ដុល្លារ​លើ​អ្នក​ដែល​ចុច​ទូរ​សព្ទ​តាមផ្លូវ​
24, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុង Sassari នៃ​កោះ Sardinia ប្រទេស​អ៊ីតាលី បាន​ព្រមាន​ដល់​អ្នក​ថ្មើរជើង​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការដើរ​ចុច​ទូរ​សព្ទ​តាមផ្លូវ​។ ពួកគេ​មិន​ត្រឹមតែ​ប្រឈម​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​រង​ការពិន័យ​ជា​ទឹកប្រាក់​២២​អឺរ៉ូ (​ជាង​២៥​ដុល្លារ​អាមេរិក​) ផងដែរ​។​

 
​រៀងរាល់ឆ្នាំ ក្រុង Sassari មាន​គ្រោះថ្នាក់​តាមផ្លូវ​ប្រមាណ​១០០០​ករណី​។ បើ​យោងតាម​ការផ្សាយ​របស់ Les Echos គ្រោះថ្នាក់​មួយចំនួន កើត​ឡើងលើ​ថ្មើរជើង​ដែល​ដើរ​ខ្វះ​ការ​ប្រុង​ប្រយុទ្ធ ពោលគឺ​ការដើរ​ចុច​ទូរ​សព្ទ ដោយ​មិនបាន​មើលមុខ មើល​ក្រោយ​។​
 
​ប៉ូលិស​ក្រុង Sassari នឹង​ចេញ​ពិន័យ​២២​អឺរ៉ូ ភ្លាមៗ ប្រសិនបើ​ពួកគាត់​មើលឃើញថា ថ្មើរជើង​ពិត​ឱន​ឈ្ញោ​ក​មើល​ទូរ​សព្ទ​មែន​នោះ​។ ករណី​ដើរ​និយាយ​ទូរ​សព្ទ មិន​ស្ថិតក្រោម​ការពិន័យ​ឡើយ ពីព្រោះ​ថ្មើរជើង​អាច​គ្រប់គ្រង​ដំណើរ​របស់ខ្លួន​បាន​។​
 
​តាមពិត​ករណីនេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ នៅ​ក្រុង Honolulu រដ្ឋ​ហា​វៃ សហរដ្ឋអាមេរិក អ្នកដើរ​ចុច​ស្មា​ត​ហ្វូ​ន​តាមផ្លូវ ប្រឈម​ការពិន័យ​ពី​៣៥​ដុល្លារ ទៅ​៩៩​ដុល្លារ​អាមេរិក ផងដែរ​។​
 
​បើតាម Le Monde នៅ​អាមេរិក គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​ថ្មើរជើង​ស្លាប់ មាន​កំណើន​២២​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​នៅ​បារាំង​មាន​កំណើន​១៥​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦ ដោយ​ភាគច្រើន​ប្រឈម​ជាមួយ​រថយន្ត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com