អន្តរជាតិ
សកល​វិទ្យាល័យ​ជប៉ុន​រើសអើង​បេក្ខជន​ភេទ​ស្រី​ដែល​ចង់​ដាក់ពាក្យ​ចូលរៀន​?
24, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
​ក្រោយ​បើក​ការស៊ើបអង្កេត​មួយ រដ្ឋាភិបាល​ជប៉ុន​បាន​រកឃើញ​ករណី​បន្ថែមទៀត​ទាក់ទង​នឹង​សកល​វិទ្យាល័យ ដែល​រើសអើង​ប្រឆាំងនឹង​បេក្ខជន​ភេទ​ស្រី​ដែល​មានបំណង​ដាក់ពាក្យ​ចូលរៀន​។ ការស៊ើបអង្កេត​នេះ​ដំណើរការ ក្រោយ​មានរឿង​អាស្រូវ​មួយ​នៅ​សាលា​វេជ្ជសាស្ត្រ​ទីក្រុង​តូ​ក្យូ​។

 
​ក្រសួង​អប់រំ​ជប៉ុន​បាន​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​ទៅលើ​សាលា​វេជ្ជសាស្ត្រ​ឯកជន និង​រដ្ឋ​ចំនួន​៨១​កន្លែង​។ ការស៊ើបអង្កេត​ដ៏​កម្រ​នេះ​បានធ្វើ​ឡើង ក្រោយពី​សកលវិទ្យា​ល័យ​វេជ្ជសាស្ត្រ​ទីក្រុង​តូ​ក្យូ កាលពី​ខែសីហា​បាន​សារភាពថា ខ្លួន​បាន​កែ​ប្រែជា​លក្ខណៈ​ប្រព័ន្ធ​ដាក់ពិន្ទុ​ប្រឡង​របស់​បេក្ខជន​ភេទ​ស្រី ដើម្បី​រារាំង​មិន​ឲ្យ​ពួកគេ​អាច​ចូលរៀន​បាន​។ 
 
​ក្រោយពី​ផ្តួចផ្តើម​ការស៊ើបអង្កេត ក្រសួង​បាន​ចុះទៅ​ត្រួតពិនិត្យ​គ្រឹះស្ថានសិក្សា​ចំនួន​៣០ ដើម្បី​សិក្សា​បន្ថែម​អំពី​វិធីសាស្ត្រ​ដែល​ពួកគេ​រៀបចំ​ការប្រឡង ដើម្បី​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរៀន​ក្នុង​សកល​វិទ្យាល័យ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​របាយការណ៍​មួយ​ដែល​បាន​ទើប​ចេញផ្សាយ​ថ្មីៗ​នេះ ក្រសួង​បាន​លើកឡើងថា សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​សកល​វិទ្យាល័យ​មួយចំនួន​។ ប៉ុន្តែ ក្រសួង​ពុំបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពី​ចំនួន ឬ​ឈ្មោះ​របស់​សាលា​ទាំង​នោះឡើយ​។​
 
​របាយការណ៍​ដដែល​បាន​រកឃើញ​ភស្តុតាង​ដែល​បង្ហាញថា សាលា​ទាំង​នោះបាន​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បេក្ខជន និង​បេ​ក្ខ​នារី​អាច​ប្រឡង​ចូលរៀន​សម្រាប់​លើក​ទី​ពីរ ឬ​ទី​បី​បាន​។ ម្យ៉ាងវិញទៀត បេ​ក្ខ​នារី​ខ្លះ​ត្រូវបាន​សាលា​បដិសេធ​ឲ្យ​ចូលរៀន ទោះជា​ពួកគេ​ទទួលបាន​លំដាប់​ពិន្ទុ​ដែល​គ្រប់គ្រាន់​សម្រាប់​ចូលរៀន​ក៏ដោយ​ក្តី​។ 
 
​យ៉ាងណាមិញ ក្រសួង​បាន​លើកឡើងថា បច្ចុប្បន្ននេះ​ខ្លួន​ពុំមាន​គម្រោង​ដាក់ពិន័យ​លើ​សកល​វិទ្យាល័យ​ដែល​បាន​ពាក់ព័ន្ធ ឬ បង្ហាញ​ឈ្មោះ​សាលា​ទាំងនោះ​ជា​សាធារណៈ​នោះឡើយ​។ 
 
​ជាមួយគ្នានេះ ក្រសួង​បាន​ទទូច​ឲ្យ​សកលវិទ្យា​ល័យ​ទាំងអស់​បញ្ឈប់​ការរើសអើង​ទៀត​ដើម្បី​ធាន​ថា អ្នកមាន​បំណង​ចង់​ចូលរៀន អាច​ចូល​ប្រឡង​ដោយ​​ស្ងប់​ចិត្តបាន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា លទ្ធផល​ចុងក្រោយ​នៃ​ការស៊ើបអង្កេត នឹងត្រូវ​បានចេញ​ផ្សាយ​នា​ខែធ្នូ​ខាងមុខ ដោយ​ក្រសួង​មាន​គម្រោង​ចុះទៅពិនិត្យ និង​ស្វែងយល់​តាម​សកល​វិទ្យាល័យ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​។ ត្រង់នេះ​ក្រសួង​បាន​អះអាងថា ការស៊ើបអង្កេត​បច្ចុប្បន្ន​នេះ​គឺ​ផ្តោ​ទៅលើ​តែ​សាលា​វេជ្ជសាស្ត្រ ប៉ុន្តែ​ការស៊ើបអង្កេត​អាច​នឹងត្រូវ​ពង្រីក​ឲ្យ​កាន់តែ​ធំ ប្រសិនបើ​សកម្ម​ភាពមិនប្រក្រតី​ត្រូវបាន​រកឃើញ​នៅឯ​ស្ថាប័ន​សិក្សា​ផ្សេងៗ​ទៀ​សត​នោះ​៕
 

Tag:
 ជប៉ុន​
  ការរើសអើង​
  សកលវិទ្យា​ល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com