ជាតិ
សង្គមជាតិ
កម្ពុជា នឹង​បញ្ជូន​ពលករ​៥​ពាន់​នាក់ ទៅធ្វើ​ការ​នៅ​គុយ​វ៉ែត​
25, Oct 2018 , 1:08 pm        
រូបភាព
រួបភាព បានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រួបភាព បានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
​នៅ​ឆ្នាំ​២០១៩ កម្ពុជា នឹង​បញ្ជូន​ពលករ​៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើកដំបូង នៅ​ប្រទេស​គុយ​វ៉ែត​។ នេះ​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Hend Subaih BALSUBAIH រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៃ​រដ្ឋ​គុយ​វ៉ែត​។


 
​ក្នុង​កិច្ចពិភាក្សា​ខាងលើ ដែល​បាន​ធ្វើឡើង​នា​ថ្ងៃទី​២៤​តុលា នៅ​ទីស្ដីការក្រសួង​ការងារ លោក អ៊ិត សំហេង និង​លោកស្រី Hend Subaih BALSUBAIH បាន​ព្រមព្រៀងគ្នា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ 
 
​លោក អ៊ិត សំហេង បាន​ថ្លែង​ដូច្នេះ​ថា កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​៥​ពាន់​នាក់ ដែល​បានជ្រើសរើស​គ្រប់​លក្ខខណ្ឌ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត​ជា​លើកដំបូង​។ កម្លាំង​ពលកម្ម​នេះ ជា​កម្លាំង​ពលកម្ម​គ្រប់ផ្នែក ទាំង​ផ្នែក​សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម​។ 


លោក អ៊ិត សំហេង រដ្ឋមន្តី្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាពបានពីក្រសួងការងារ)
 
​លោក បាន​បញ្ជាក់ថា​៖«​ប្រសិនបើ​ស្ថានភាព​នៅ​ប្រទេស​គុយ​វ៉ែត​ល្អប្រសើរ ស្របទៅនឹង​អ្វីដែល​ពលករ​កម្ពុ​ជាទ​ទួល​យកបាន ដោយមាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ជំរុញ​ឲ្យ​មានការ​បញ្ជូន​នេះ​ឲ្យ​បាន​កាន់តែច្រើន​»​។​
 
​ចំពោះ​ការជ្រើសរើស​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉េ​ត ត្រូវមាន​ការបណ្ដុះបណ្ដាល​ជាមុន​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ស្គាល់​ពី​ស្ថានភាព​ប្រទេស នឹង​ទទួលស្គាល់​ពី​វប្បធម៌ និង​ជំនាញ​ការងារ ពិសេស​លក្ខខណ្ឌ​ក្នុងការ​រស់នៅ​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តុ​ង​។ នេះ​បើតាម​លោក អ៊ិត សំហេង​៕

Tag:
 ក្រសួង​ការងារ​
  ពលករ​
  គុយ​វ៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com