អន្តរជាតិ
របប​សឹក​នឹង​រំលាយ គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព «​ភឿ​ថៃ​» បើ​រកឃើញថា​មាន​ទំនាក់ទំនង​ជាមួយ​លោក ថាក់ស៊ីន​
25, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​ព្រមាន​ចាត់វិធានការ​ផ្នែក​ច្បាប់​រំលាយ​បក្ស​ភឿ​ថៃ ប្រសិនបើ បក្ស​នេះ ត្រូវបាន​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ឬ​មាន​ទំនាក់ទំនង​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។ ការណ៍​ដែល​អង្គភាព​រៀបចំ​ការ​បោះឆ្នោត​ថៃ ចេញ​សារ​បែបនេះ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​បក្សនយោបាយ ដែល​ហាមឃាត់​មិន​ឲ្យ​គណបក្ស​មាន​ទំនាក់ទំនង​នឹង​ឥទ្ធិពល​បរទេស​។


 
​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ លោក Jarungvith Phumma នៅ​ថ្ងៃ​២៣ តុលា បាន​អះអាងថា អង្គភាព​របស់លោក កំពុងតែ​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​ពាក់ព័ន្ធ​លើ​ការចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ថា​មានការ​អន្តរាគមន៍ និង​ឥទ្ធិពល​នៅក្នុង​បក្ស​ភឿ​ថៃ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។​
 
​លោក​អគ្គលេខាធិការ បាន​បន្ថែមថា ព័ត៌មាន​ដែល​អង្គភាព​លោក​ប្រមូលបាន នឹង​ជួយ​ឲ្យ​ភ្នាក់ងារ​ជាតិ​មួយ​នេះ អាច​កំណត់ ថា​តើ​ច្បាប់​បក្សនយោបាយ ពិតជា​ត្រូវបាន​បក្ស​ភឿ​ថៃ​បំពាន និង​ថា​តើ​បក្ស​ភឿ​ថៃ គួរតែ​ត្រូវបាន​រំលាយចោល​ឬ​យ៉ាងណា ហើយ​បច្ចុប្បន្ន គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត កំពុងតែ​ពិនិត្យ​មើលរូប​ភាព និង​វីដេអូ ក៏ដូចជា​ការផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នានា​អំពី​ជំនួប​ពាក់ព័ន្ធ​របស់​អ្នកនយោបាយ​បក្ស​ភឿ​ថៃ​ជាមួយនឹង​លោក​ថាក់ស៊ីន នៅ​ហុងកុង​នាពេល​ថ្មីៗ​នេះ​។ 
 
​តាម​លោក​អគ្គលេខាធិការ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នឹង​បើក​ការស៊ើបអង្កេត​ភ្លាម ប្រសិនបើ​ភស្តុតាង​ដែល​ប្រមូលបាន​នោះ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​ការសង្ស័យ និង​បទចោទប្រកាន់​ពី​សកម្មភាព​រវាង​អ្នកនយោបាយ​បក្ស​ដ៏​មាន​ប្រជាប្រិយភាព​ភឿ​ថៃ ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ជន​ដែល​តុលាការ​ថៃ តាម​ចាប់ខ្លួន លោក​ថាក់ស៊ីន ។​
 
​ជុំវិញ​ការព្រមាន​នេះ មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ​ថៃ លោក Wirote Pao-in នា​ថ្ងៃ​ដដែល​នោះ បានចេញ​ថ្លែងការណ៍​បញ្ជាក់ថា លោក ថាក់ស៊ីន មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការបក្ស​របស់លោក​ឡើយ ហើយ​ការជួប​រវាង​មន្ត្រីជាន់ខ្ពស់​របស់​បក្ស​ជាមួយនឹង​លោក ថាក់ស៊ីន គឺជា​ការសម្តែង​ការគោរព​រវាង​បុគ្គល និង​បុគ្គល​នោះទេ​។ 
 
​មួយវិញទៀត​នោះ លោក ក៏បាន​បកស្រាយ​ផងដែរ​ថា ជុំវិញ​ការផ្តល់​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ហុងកុង​របស់លោក​ថាក់ស៊ីន​លើ​ប្រធានបទ​ការបោះឆ្នោត​ថៃ​នាពេល​ខាងមុខនេះ គឺជា​ការបង្ហាញ​ក្តីបារម្ភ​ក្នុងនាម​ជា​ពលរដ្ឋ​ថៃ​ចំពោះ​បញ្ហា​ប្រទេសជាតិ​ខ្លួន​ប៉ុណ្ណោះ​។ លោក សង្កត់ធ្ងន់ថា គ្មាន​ហេតុផល​ណាមួយ ដែល​គេ​អាចរំលាយ​បក្ស​ភឿ​ថៃ​បានឡើយ ដ្បិត​លោក ថាក់ស៊ីន គ្មាន​កិច្ច​អន្តរាគមន៍​អ្វី​ទាល់តែសោះ​ក្នុង​កិច្ចការ​របស់​បក្ស​។​
 
​គួររម្លឹកថា នៅ​ថ្ងៃ​១៨ តុលា​កន្លងទៅ លោក ថាក់ស៊ីន បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន ដោយបាន​ទទូច​ឲ្យ​បក្សនយោបាយ មាន​និន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ​រួមគ្នា​ជា​កម្លាំង​មួយ​ដើម្បី​ផ្តួល​បក្សនយោបាយ ដែលមាន​ទំនោរ​ទៅរក​យោធា​តាមរយៈ​ការបោះឆ្នោតជាតិ​ថៃ​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។ 
 
​លោក ក៏បាន​ថ្លែង​ជាមួយនឹង​សារ​លាយឡំ​នឹង​នយោបាយ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា អតីត​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​រូបនេះ លូ​កឡំ​នយោបាយ​ថៃ ខណៈដែល​រូបលោក កាលពីដើមឆ្នាំ​កន្លងទៅ ក៏​ធ្លាប់​ប្រកាសថា មិន​ប្រលូក​ក្នុង​នយោបាយ​ថៃ​ទៀតឡើយ​។ លោក ថាក់ស៊ីន បច្ចុប្បន្ន​ស្ថិតក្រោម​ការចោទប្រកាន់​លើ​បទល្មើស​ជាច្រើន​ពី​តុលាការ​ថៃ ហើយ លោក ក៏ត្រូវ​បាន​តុលា​ការចេញ​ដីកាចាប់ខ្លួន​ផងដែរ ដ្បិត​លោក អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​ក្នុង​តុលាការ​ថៃ​៕ 
 

Tag:
 ថៃ
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com