អន្តរជាតិ
សិង្ហ​បុរី ទទូច​ឲ្យ​ចិន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ដទៃ​ដើម្បី​ឲ្យ​ការ​ឈានទៅ​ក្លាយជា​មហាអំណាច​របស់​ខ្លួន​មាន​សន្តិភាព​
26, Oct 2018 , 5:15 pm        
រូបភាព
រូបភាព៖ Straits Times
រូបភាព៖ Straits Times
ដោយ: ថ្មីៗ
​ចិន និង​សិង្ហ​បុរី ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វា​ភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា​ក្នុង​ក្របខណ្ឌ​តំបន់​ដូចជា​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ឲ្យ​កាន់តែច្រើន​ផង​។ សិង្ហ​បុរី​បាន​ឆ្លៀត​ទទូច​ឲ្យ​ចិន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ឬ​សហការ​ជាមួយ​ប្រទេស​ដទៃទៀត​ដើម្បី​ធានាថា ចិន​ងើប​ឡើងជា​មហាអំណាច​ដោយ​សន្តិភាព​។


 
​ក្នុងជំនួប​ទ្វេភាគី​នា​ថ្ងៃ ២៤ ខែតុលា នាទី​ក្រុង​ប៉េកាំង រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក Ng Eng Hen និង​សម​ភាគី​ចិន​លោក Wei Fenghe បានបង្ហាញ​ការឯកភាព​គ្នា​ថា ចិន និង​អាស៊ាន​ចាំបាច់​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​បន្ថែមទៀត​។ 
 
​យោងតាម​សារព័ត៌មាន Straits Times ប្រមុខ​ការពារជាតិ​ទាំងពីរ​យល់ឃើញថា ការសហការ​គ្នា​រវាង​អាស៊ាន និង​ចិន​ត្រូវ​ផ្តោតលើ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​។ លោក Ng បានផ្តល់​យោបល់​ថា អាស៊ាន​និង​ចិន​ចាំបាច់​ត្រូវមាន​ការធ្វើ​សមយុទ្ធ​រួមគ្នា​ច្រើន​នៅពេល​អនាគត ដែល​អនុញ្ញាត​ឲ្យ​យោធា​ទាំងសងខាង​កសាង​ទំនុកចិត្ត និង​អាច​ពង្រឹង​សហការគ្នា​ក្នុង​រយៈពេល​យូរអង្វែង​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​។ 
 
​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​ទាំងពីរ​ជុំវិញ​ការប្រឹងប្រែង​ពង្រឹង​កិច្ច​សហ​ប្រតិការ​យោធា​នេះ​កើតឡើង​នៅពេលដែល​ចិន​រៀបចំ​វេទិកា​ការពារជាតិ Xiangshan លើក​ទី​៨ ហើយក៏​កើតឡើង​ស្រប​ពេលដែល​អាស៊ាន និង​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​ផងដែរ​។ 
 
​បើតាម​ទូរទស្សន៍​សិង្ហ​បុរី សមយុទ្ធ​អាស៊ាន​-​ចិន​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ខេត្ត​ក្វាង​ទុង មាន​នាវា​ប្រាំបី​គ្រឿង បូករួម​ជាមួយ​កងទ័ព​ប្រហែល ១០០០​នាក់ និង​មានប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ផងដែរ​។ ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​ត្រឹម​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ចូលរួម​ប៉ុណ្ណោះ​។ សមយុទ្ធ​រួមគ្នា​នេះ​ដែលមាន​គោលដៅ​រក្សា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​តំបន់​នោះ​ក៏​ផ្តោតលើ​ការហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​ស្វែងរក និង​សង្គ្រោះ​ដែរ​។​
 
​កាលពី​សប្តាហ៍​មុន សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន​បានរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus) លើក​ទី​ប្រាំ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាពគ្នា​បង្កើត​បណ្តាញ​ទំនាក់ទំនង​ពិសេស​ផ្ទាល់​រវាង​អាស៊ាន​និង​ចិន រួមទាំង​ឈានទៅ​បង្កើត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ស្ថាប័ន​ស្រាវជ្រាវ និង​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ច​មេដឹកនាំ​វ័យក្មេង​។​
 
​ដោយឡែក ក្រៅពី​ផ្តល់យោបល់​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​អាស៊ាន និង​ចិន រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក Ng ក៏បាន​ទទូច​ឲ្យ​ចិន​ដែលជា​មហាអំណាច​ជាន់​ថ្មី​នោះ បន្ត​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ប្រទេស​ដទៃ​ឲ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ​ដើម្បី​អាច​ឲ្យ​ប្រទេស​ដទៃ​យល់ឃើញថា ការ​ត្រដែត​ឡើង​របស់​ចិន​មិន​បង្កបញ្ហា​ដល់​តំបន់​។ លោក Ng បង្ហើប​បន្តិច​ដែ​ថា ចិន​ទទួលស្គាល់​ដែរ​ជុំវិញ​ការធ្វើ​ទំនើបកម្ម​យោធា​យ៉ាង​លឿន​រហ័ស​របស់ខ្លួន​កន្ល​ង​មក​នោះបាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ដទៃ​មាន​អារម្មណ៍​មិន​ស្រួល​ដូចគ្នា​៕
 

Tag:
 សិង្ហ​បុរី​
 ​ចិន​
  Ng Eng Hen
  Wei Fenghe
© រក្សាសិទ្ធិដោយ thmeythmey.com