ពលរដ្ឋ​កំពង់​ឃ្លាំង​បង្ហាញ​ឆ​ន្ទៈ​មួយ​គឺ «​សំរាម​ជាស​ត្រូវ​របស់​ពួកគេ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​កំពង់​ឃ្លាំង​បង្ហាញ​ឆ​ន្ទៈ​មួយ​គឺ «​សំរាម​ជាស​ត្រូវ​របស់​ពួកគេ​»
28, Oct 2018 , 9:59 am        
រូបភាព
​សៀមរាប​៖ បញ្ហា​សំរាម បាន​ក្លាយជា​ប្រធានបទ​ដ៏រ​ស៊ើប​មួយ​សម្រាប់​សង្គមជាតិ ដ្បិត​វា​បង្ក​ជា​ផលប៉ះពាល់​ច្រើន​ទាំង​ការរស់នៅ និង​ផ្នែក​សេដ្ឋកិច្ច​។ អ្នក​ឃុំ​កំពង់​ឃ្លាំង ដែល​នៅជាប់​បឹង​ទន្លេសាប ក៏មាន​ក្ដីកង្វល់​ជាមួយ​សំរាម​នេះដែរ ហើយ​សហគមន៍​នេះ​បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់ បំណង​ដើម្បី​បំបាត់​សំរាម​ចេញ​ឱ្យ​អស់ពី​មូលដ្ឋាន​ពួកគេ​។ សកម្មភាព​សម្អាត​បរិ​ស្ថាន ការប្រមូល​សំរាម បាន​លេចចេញ​រូបរាង​ជា​ហូរហែ​នៅ​ឃុំ​កំពង់​ឃ្លាំង ដែលជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ទស្សនា​ភូមិ​លិច​ទឹក​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ សហគមន៍​នេះ​បានបង្ហាញ​នូវ​ឆ​ន្ទៈ​រួមមួយ គឺ​សំរាម​ជាស​ត្រូវ​របស់​ពួកគេ​។ ពេល​គ្មាន​សំរាម នោះ​ទេសចរ​កាន់តែច្រើន​នឹង​ចូលទៅ​ទស្សនា​ឃុំ​កំពង់​ឃ្លាំង​។​


​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​




 
​សំរាម​ជា​កង្វល់​មួយ​របស់​អាជ្ញាធរ ហើយ​ពួកគេ​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។ មាន​អង្គការ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​បានធ្វើការ​ទាក់ទង​នឹង​សំរាម​នេះ ព្រោះថា​ពេល​ទុកដាក់​វា​មិនបាន​ត្រឹមត្រូវ វា​បង្ក​ជា​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​ខាតបង់​សេដ្ឋកិច្ចជាតិ​ជាដើម​។​
 
​ដោយ​បារម្ភ​ពី​សុខភាព និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ខ្លួន​ដោយសារតែ​សំរាម​នេះ សហគមន៍​កំពង់​ឃ្លាំង ដែល​រស់នៅ​ជាប់​បឹង​ទន្លេសាប ជា​បន្ដបន្ទាប់​បានធ្វើ​សកម្មភាព​ជាច្រើន បំណង​ដើម្បី​រំដោះ​សហគមន៍​ខ្លួន ចេញពី​សំរាម​។ អាជ្ញាធរ​ក្នុង​តំបន់​នេះ យល់ច្បាស់​ថា ពេល​មាន​សំរាម បានធ្វើឱ្យ​បរិស្ថាន​ក្នុង​សហគមន៍​មើល​មក​មិនល្អ គ្មាន​អ្នកទេសចរ​ចូលមក​ទស្សនា និង​ពលរដ្ឋ​ឈឺ​ថ្កាត់​ផ្សេងៗ ខាតបង់​សេដ្ឋកិច្ច​ជាច្រើន​។​


 
​មេឃុំ​កំពង​ឃ្លាំង លោក ទូច សុ​ផុន លើកឡើងថា លោក​តែង​ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន​ក្នុង​សហគមន៍​លោក​ជាច្រើនលើក ដោយ​ក្នុងនោះ​មានការ​ចូលរួម​ពី​សិស្សានុសិស្ស និង​ចាស់​ព្រឹទ្ធិ​ចា​រ្យ​ក្នុង​មូលដ្ឋាន​។ លោក​ថា សកម្មភាព​នេះ ធ្វើ​ទាំង​ក្នុង​រដូវប្រាំង និង​រដូវ​ទឹក​ឡើង ដោយ​ជិត​ទូត​រើស​សំរាម និង​ធ្វើជា​បន្តបន្ទាប់​។ លោក សុ​ផុន ថា​សំរាម​ទាំងអស់ គឺ​ដោយសារ​ពលរដ្ឋ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​។ បញ្ហា​នេះ លោក​តែងមាន​កិច្ចប្រជុំ​ជាមួយ​មេភូមិ​ទាំង​១០​របស់​ឃុំ ដោយ​ឱ្យ​ពួកគេ​អប់រំ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​យល់ដឹង​ពី​បញ្ហា​សំរាម​នេះ​។​
 
​សម្រាប់​លោក​មេឃុំ​កំពង់​ឃ្លាំង សំរាម​បាន​ក្លាយជា​សត្រូវ​នឹង​លោក​តាំងពី​នៅ​ក្មេងៗ​មក​ម្លេះ​។ ពេលណា​មាន​សំរាម វា​នឹង​បង្ក​ជា​មេរោគ​ផ្សេងៗ ដូច្នេះ​លោក​តាំងចិត្ត​ធ្វើយ៉ាងណា​លុបបំបាត់​សំរាម​ឱ្យបាន​។ យ៉ាងណា លោក​ថា ការងារ​នេះ​មិនអាច​ធ្វើទៅ​បានទេ បើ​គ្មាន​ការចូលរួម​ពី​សហគមន៍​ក្នុង​មូលដ្ឋាន​លោក​។​
 
​នៅ​ពាក់​កណ្ដាលខែ តុលា មាន​សកម្មភាព​សម្អាត​បរិស្ថាន​មួយ ដែលមាន​ការចូលរួម​ពី​សហគមន៍ និង​អង្គការ​ក្នុងស្រុក​មួយ ដោយបាន​ជិះទូក​រើស​សំរាម​ដែល​បណ្ដែត​លើទឹក​។ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី មានបំណង​សង្គ្រោះ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប ដែល​បង្កឡើង​ដោយ​សំរាម ពិសេស​សំរាម​ថង់​ប្លា​ស្ទិ​ក​។​
 
​គម្រោង​សង្គ្រោះ​បឹង​ទន្លេសាប ត្រូវបាន​ផ្តើមធ្វើ​នៅ​តំបន់​លិច​ទឹក​ឃុំ​កំពង់​ឃ្លាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​។ ឃុំ​នេះ​ស្ថិតនៅ​ក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រវែង​១៤​គីឡូម៉ែត្រ ពី​ផ្សារ​ដំ​ដែក​។ ភូមិសាស្ដ្រ​នេះ គឺជា​តំបន់​លិច​ទឹក ហើយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង ត្រូវ​ស្ថិតនៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែល​លាតសន្ធឹង​ល្វឹងល្វើយ​នា​រដូវវស្សា​។ ឃុំ​កំពង់​ឃ្លាំង មាន​១០​ភូមិ ដែលមាន​ប្រជាពលរដ្ឋ​សរុប​ជាង ២​ពាន់​គ្រួសារ ហើយ​៨៥​ភាគរយ គឺជា​អ្នកនេសាទ​។​
 
​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សង្គម និង​ការអប់រំ បាន​មើលឃើញ​ពី​ផលប៉ះពាល់​ធំធេង ដែល​បណ្ដាលមកពី​សំរាម​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក មិន​ត្រឹម​មិន​រលាយ​ទេ ថែមទាំង​បំពុល​ទឹក​ដែល​ឈានដល់​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទឹក​ថែម​ទៀតផង​។ អង្គការ​នេះ បានធ្វើ​ការងារ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង ដោយ​ប្រមូល​ពលរដ្ឋ​នៅ​តំបន់​នេះ ដួស​សំរាម​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក ទៅ​ដា​ក់នៅ​ទីតាំង​មួយ និង​យក​សំរាម​ទាំងនោះ ទៅ​កែច្នៃ បង្កើត​វត្ថុ​សិល្បៈ​ផ្សេងៗ​។​
 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី បានឱ្យដឹងថា គម្រោង​ខាងលើ​មាន​ឈ្មោះថា «​ការសម្អាត​បឹង​ទន្លេសាប​» ដោយ​អង្គការ​លោក​បានជ្រើសរើស​ឃុំ​កំពង់​ឃ្លាំង ជា​គោលដៅ​ដំបូង​សម្រាប់​ការអនុវត្ត​។ លោក​ថា គម្រោង​នេះ​មានបំណង​ជួយសង្គ្រោះ​បឹង​ទន្លេសាប និង​ប្រព័ន្ធ​ជីវចម្រុះ​ទាំងអស់​ដែលមាន​នៅក្នុង​បឹង​ដ៏​ធំ​មួយ​នេះ​។ លោក​ពន្យល់ថា ហេតុផល​ដែល​អង្គការ​លោក​ចាប់​ដៃគូ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង ដោយសារ​អង្គការ​នេះ​មើលឃើញ​ពី​ការតាំង​ចិត្ត និង​ការចូលរួម​ខ្ពស់​របស់​សហគមន៍ គឺ​ថ្នាក់ដឹកនាំ​មាន​ផែនការ​ច្បាស់លាស់ និង​ចង់​បំបាត់​សំរាម​ចេញពី​សហគមន៍​ពួកគេ​។ 
 
​គម្រោង​នេះ នឹង​រើស​សំរាម ដោយ​ញែក​សំរាម​ជា​ផ្នែកៗ ហើយ​យកទៅ​កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់ និង​រូប​សិល្បៈ​នានា ដើម្បី​ប្រយោជន៍​ដល់​សហគមន៍​វិញ​។ គោលបំណង​នៃ​គម្រោង​នេះ គឺ​បង្រៀន​ឱ្យ​សហគមន៍​ចេះ​រក​ចំណូល​ពី​សំរាម និង​ឱ្យគេ​ម្ចាស់ការ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​។ ជាងនេះទៅទៀត​នោះ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​ចូលមក​តំបន់​បឹង​ទន្លេសាប​នេះ​។​


 
​លោក រៀម មុនី​ស៊ី​ឡុ​ម គឺជា​វិចិត្រករ​ដែល​យក​សំរាម​ច្នៃ​ជា​វត្ថុ​សិល្បៈ​ផ្សេងៗ​។ ក្នុង​គម្រោង​នេះ លោក​នឹង​ដើរតួ​ជា​អ្នក​បង្រៀន​អ្នកភូមិ​ឱ្យ​ចេះ​កែច្នៃ និង​រក​ចំណូល​ពី​វត្ថុ​សិល្បៈ​ទាំងនោះ​។ ក្នុងនោះដែរ លោក​នឹង​បង្កើតជា​សារមន្ទីរ​កែច្នៃ​មួយ​នៅក្នុង​សហគមន៍​កំពង់​ឃ្លាំង ក្រោយ​គម្រោង​ដំណើរការ​ផងដែរ​។​
 
​មាន​សំរាម​៥០​ភាគរយ​ក្នុង​សហគមន៍​កំពង់​ឃ្លាំង ដែល​លោក ស៊ី​ឡុ​ម មើលឃើញថា​អាច​យក​កែច្នៃ​បាន ក្នុងនោះ​មាន​ថង់​ប្លា​ស្ទិ​ក និង​ប្រភេទ​ស្នោ​។ សម្រាប់​អ្នក​ស្រឡាញ់​បរិស្ថាន​រូបនេះ ចង់ឱ្យ​ពលរដ្ឋ​នៅទីនេះ​ចាប់ផ្តើម​យល់ និង​ចេះ​គ្រប់គ្រង​សំរាម ព្រោះ​បើ​គ្មាន​ការ​ទុកដាក់​ត្រឹមត្រូវ​ទេ សំរាម​អាច​បង្ក​រោគ​ជំងឺ​ផ្សេងៗ ពិសេស​គ្រោះថ្នាក់​ដល់​ជីវចម្រុះ​ក្នុង​ទឹក​។ ជា​ជំហាន​ដំបូង​ក្នុង​គម្រោង​នេះ លោក​នឹង​ជ្រើសរើស​អ្នកភូមិ​ចំនួន ១០​នាក់ ក្នុងនោះ​មាន​ក្មេង​បោះបង់​ការសិក្សា និង​ជនពិការ ព្រោះ​ពួកគេ​ងាយ​រងគ្រោះ​នឹង​ការធ្វើ​ចំណាកស្រុក ដោយសារ​គ្មាន​ការងារ​ត្រឹមត្រូវ​។​
 
​មេឃុំ​កំពង់​ឃ្លាំង បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ជាខ្លាំង​ទៅនឹង​គម្រោង​ខាងលើ ដ្បិត​វា​ជា​អ្វីដែល​លោក​ធ្លាប់មាន​ក្ដី​ស្រ​ម៉ៃ​ចង់​ធ្វើ​ពីមុន ក៏ដូចជា​បំណង​មិន​ចង់ឱ្យ​សំរាម​មាន​ក្នុង​មូលដ្ឋាន​លោក​ដូចគ្នា​៕

Tag:
 កំពង់​ឃ្លាំង​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម