ជាតិ
រឿង «​ខ្យល់​ខែកុម្ភៈ​» ជាប់​ជ័យលាភី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧
31, Oct 2018 , 2:39 pm        
រូបភាព
​ស្នាដៃ​របស់​សមិទ្ធ​ករ​វ័យក្មេង មុនី កាន់ ដារ​ង្គ ដែលមាន​ចំណងជើង​ថា «​ខ្យល់​ខែកុម្ភៈ​» បាន​ជាប់​ជ័យលាភី​លេខ​មួយ​ក្នុងការ​ប្រកួតប្រជែង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (Chaktomuk ShotFilm Festival) លើក​ទី​៧ ដែល​ត្រូវបាន​ប្រកាស​កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៣០ ខែតុលា នៅ​សាល​មហោស្រព​ច​តុមុខ​។


 
​ក្រោម​ការរៀបចំ​របស់​ក្រុម​ភាពយន្ត «​ឈូករ័ត្ន​» មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧ បានបញ្ចប់​ទៅដោយ​រលូន​។ ក្រោយ​ការចាក់​បញ្ចាំង​រយៈពេល​៤​ថ្ងៃ​នៅតាម​រោងភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ គណៈកម្មការ​វិនិច្ឆ័យ បានជ្រើសរើស​យក​រឿង «​ខ្យល់​ខែកុម្ភៈ​» ជា​ភាពយន្ត​ខ្លី​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន​៥០០​ដុល្លារ​អាមេរិក​។​
 
​ក្រៅពី​ភាពយន្ត​របស់​សមិទ្ធ​ករ​ក្នុងស្រុក លោក មុនី កាន់ ដារ​ង្គ ភាពយន្ត​បរទេស «On My Mind» របស់​អាមេរិក ក៏​​ត្រូវបាន​ទស្សនិកជន​បោះឆ្នោត​ជ្រើសរើស​ជា​ភាពយន្ត​ឆ្នើម​ដ៏​ទាក់ទាញ​ផងដែរ នៅក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧​នេះ​។​
 
​ជា​លើកដំបូង​សម្រាប់​លោក មុនី កាន់ ដារ​ង្គ ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​ភាពយន្ត បន្ទាប់ពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យនេះ​អស់​ប្រមាណ​៥​ឆ្នាំ​។ ភាពយន្ត​ដែល​បង្ហាញ​ឲ្យ​ឃើញថា មនុស្ស​មិនអាច​ចេះតែ​ចង់ឱ្យ​រឿង​គ្រប់យ៉ាង​ល្អ​រហូត បាន​ដូច​បំណង​នោះ បាន​ប្រាប់​អ្នកទស្សនា​ថា ត្រូវ​ត្រៀម​ចិត្ត​ទទួលយក​រាល់​រឿង​ដែល​មិន​សមបំណង​។ 
 
«​ខ្ញុំ​ផលិត​រឿងនេះ ឡើង​ក៏​ព្រោះតែ​ចង់​ឲ្យ​អ្នកមើល បានដឹងថា​រឿង​អ្វី​ក៏ដោយ​មិនមែន​យើង​ចង់ឱ្យ​វា​ល្អ យើង​ចង់​ជួបគ្នា​រហូត វា​ចេះតែ​ទៅតាម​បំណង​របស់​យើង​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ដារ​ង្គ​។ 


 
​គួរ​រំលឹក​ដែរ​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧ បាន​បើក​ទទួលយក​ភាពយន្ត​ខ្លី តាំងពីដើម ឆ្នាំ ២០១៨​មកម្ល៉េះ ដោយមាន​សមិទ្ធ​ករ​ដាក់​ភាពយន្ត​ខ្លី​មក​មហោស្រព​ចំនួន ៣០១​រឿង ដោយ​ក្នុង នោះ​យើង​ទ​ទូល​បាន​រឿង​ខ្លី​ខ្មែរ​ចំនួន​៣៩ និង​រឿង​បរទេស​ចំនួន​២៦២​។ ក្នុងនោះដែរ គណៈវិនិច្ឆ័យ បានជ្រើសរើស​រឿង​ក្នុង​ជុំ​ប្រកួតប្រជែង​ទីមួយ​ដែលមាន​រឿង​ខ្លី​ខ្មែរ​ចំនួន​៦​រឿង​និង​រឿង​ខ្លី​បរទេស​ចំនួន​១២​រឿង និង​រឿង​ខ្លី​ចំរុះ​ផ្សេងទៀត​ចំនួន​៥៩​រឿង​ដែល​សរុប​ទាំងអស់​បញ្ចូល​គ្នា​មាន ចំនួន​៧៧ រឿង​ក្នុងចំណោម រឿង​ទាំង​៣០១​ដែល​ទទួលបាន​។​
 
​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៧​ឆ្នាំ​២០១៨ លោក គាំ វុត្ថា លើកឡើងថា ក្នុង​ឆ្នាំ​២០១៨​នេះ​ចំនួន​អ្នកទស្សនា មានការ​ធ្លាក់ចុះ​ពី​ជាង​៤​ពាន់​នាក់ មក​នៅត្រឹមតែ​ជាង​១​ពាន់​នាក់​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ​លោក វុត្ថា បញ្ជាក់ថា​ភាពយន្ត​ទាំង​៧៧​រឿង​ដែល​បាន​បញ្ចាំង អ្នកទស្សនា​ទទួលស្គាល់​ថា​មានរឿង​ល្អមើល​ច្រើន​។ លោក​បានបញ្ជាក់​៖«​យើង​បានទទួល​ការបញ្ចេញ​យោបល់​ពី​អ្នកទស្សនា តាម​ហ្វេ​ស​ប៊ុ​កថា​ភាពយន្ត​របស់​យើង​ឆ្នាំនេះ មានរឿង​ល្អៗ​មើល​ច្រើន​»​។ 
 
​រឿង «​ខ្យល់​ខែកុម្ភៈ​» របស់លោក មុនី កាន់ ដារ​ង្គ ទទួលបាន​ជ័យលាភី​នាំមុខ​ភាពយន្ត​ផ្សេងទៀត រួមមាន រឿង «​ដងរែក​» របស់លោក ផាន់ ណា​រ័ត្ន រឿង «​ចាប់ជំរិត​» របស់លោក គីម​អាន សុភ​សក្តិ រឿង «​ដើមត្នោត​» របស់​សមិទ្ធិ​ករ​លោក ពៅ ពិសិដ្ឋ និង​កញ្ញា​សួង រដ្ឋា រឿង «​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​របស់ខ្ញុំ​» របស់ លោក វង្ស បញ្ញា​វ័ន និង​រឿង «​កុំ​ស្រែក​» របស់​សមិទ្ធិ​ករ វ៉ាន់ ស៊ី​ដា​រ៉ូ​។​
 
​ចំណែក​រឿង​ខ្លី​បរទេស «ON MY MIND» របស់​អាមេរិក ទទួលបាន​ការគាំទ្រ​ជាង រឿង DEATH VAN (​កាណាដា​) រឿង NOVITATION CEREMONY (THAA SHIN PYU) (​មី​យ៉ាន់​ម៉ា​) រឿង GIRLY IS IN CONTROL OF HER LIFE  (​ហ្វីលីពីន​) រឿង THOSE WHO CAN DIE(​បារាំង​) រឿង A COLD SUMMER NIGHT (​ឥណ្ឌា​) រឿង HAMMER DOWN (​សហរដ្ឋអាមេរិក​) រឿង GAWILAN (​ហ្វីលីពីន​) រឿង CRABGIRL (​អ៊ុយ​ក្រែ​ន​) រឿង BAM BAM BAM (​កូរ៉េ​) រឿង SUNKEN PLUM (​ចិន​) និង​រឿង COUNTERFEIT KUNKOO (​ឥណ្ឌា​)​។​
 
​អ្នកនាំពាក្យ​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ លោក ស៊ុំ ស៊ីថែ​ន ក៏មាន​ជំនឿ​យ៉ាង​មុតមាំ ថា​៖«​ភាពយន្ត​ខ្លី នៅតែ​ជា​ស្ពាន​ដ៏​រឹងមាំ​ដល់​យុវ​សមិទ្ធ​ករ​ភាពយន្ត​ខ្មែរ​យើង​។ ទោះបី​បន្ទាប់ពី​ខ្ញុំ​ចប់ ការសិក្សា​ខាង​ផលិតភាព​យន្ត (Producing Course) នៅ​កូរ៉េ​ក្តី ក៏​ទាំង​អ្នក​ជំនាន់​ថ្មី និង​ជំនាន់​ចាស់ របស់គេ​ក៏​ជំរុញ ចាប់ផ្តើម​អាជីព​ពី​ការធ្វើ​រឿង​ខ្លី​ជាមុនសិន​ដែរ​។ ពោលគឺ ភាពយន្ត​ខ្លី ចំណាយ ធនធាន​តិច តែ​ផ្តល់​មេរៀន​អាជីព​បាន​ច្រើន រាល់ពេល​ដាក់​ប្រកួត​មហោស្រព​ម្តងៗ មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ទេ​»​។​
 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១២ សំរាប់ ផ្តល់ឱកាស​ដល់​យុវជន​ដែល​ស្រលាញ់​ភាពយន្ត​និង​ចង់បង្ហាញ​ស្នាដៃ​របស់ខ្លួន​ទៅកាន់​មហាជន ក៏ដូចជា​ចង់​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការផលិត​ភាពយន្ត​ខ្លី ដើម្បី​ចូលរួមចំណែក​លើកស្ទួយ វិស័យ​ភាពយន្ត​ខ្មែរ​៕
 



 

Tag:
 ភាពយន្ត​ខ្លី​
  មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com