កីឡាជាតិ
ជាតិ
Harvey Read អតីត​កីឡាករ​យុវជន Stoke City ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​
02, Nov 2018 , 11:45 am        
រូបភាព
ដោយ:
​ខ្សែការពារ​អង់គ្លេស Harvey Read បាន​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​រដូវ​កាល​ខាងមុខ​។ Read ជា​អតីត​កីឡាករ​យុវជន​របស់​ក្លិប Stoke City

 
 
កើត​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៩៨ នៅ Lyndhurs, តំបន់ Hampshire ប្រទេស​អង់គ្លេស Harvey ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បាល់ទាត់​ថ្នាល​នៅ​ក្លិប Southampton មុននឹង​ទៅ​ចូលរួម​ក្នុង​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រោម​២៣​ឆ្នាំ​របស់ Stoke City នា​អំឡុង​ឆ្នាំ​២០១៧​។​
 
Harvey បាន​ស៊ុត​បាល់​បញ្ចូល​ទីមួយ​ក្នុង​ជ័យជម្នះ ៤-១ លើ Nottingham Forest ដែល​បាន​នាំ​ឲ្យ U18-Stoke City ទទួលបាន​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ FA Youth Cup រ​ដូ​ល​កាល ២០១៦-១៧​។ យុវជន Stoke បាន​ជោគជ័យ​ជា​បន្តបន្ទាប់ មុននឹង​ចាញ់ យុវជន Manchester City ៩-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


 
​បន្ទាប់មក Harvey បាន​ផ្ទេរ​ទៅកាន់​ក្លិប Eastleigh ដែល​លេង​នៅ​ក្របខណ្ឌ National League ដែល​ស្ថិតនៅ​លំដាប់​ទី​៥​នៃ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​។ ក្រោយ​ការបង្ហាញ​ខ្លួន​រយៈពេល​ខ្លី Harvey បាន​ផ្ទេរ​ទៅកាន់​ក្លិប Heidleberg United នៃ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​អូស្ត្រាលី National Premier Leagues Victoria​។​
 
​ក្រោយ​បង្ហាញខ្លួន​បាន​៣​លើក​នៅ​ទឹកដី​អូស្ត្រាលី Harvey បានមក​បន្ត​អាជីព​ជា​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​ម្ចាស់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៣ ។ យោងតាម​គេហទំព័រ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ​រូបនេះ កាន់​លិខិតឆ្លងដែន​អូស្ត្រាលី​ផងដែរ​។​


 
Harvey ជា​ចំណូល​ថ្មី​ដំបូង​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ផ្ទាល់​មួយ​នេះ ប្រកាស​ពី​ការចាកចេញ​កីឡាករ​យុវជន​៨​នាក់​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​មាន​លី សា​រ័ត្ន​, ប្រាក់ សុវណ្ណ​ពិសិដ្ឋ​, ម៉ន កក្កដា​, អ៊ឹម រិ​ទ្ធា​, ផួ​ង សុខ​រក្សា​, កែវ សារ៉េត​, ផ​ក សីហា និង ទេព វាសនា​កុមារ​ពិទូរ្យ​៕

Tag:
 ​បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Harvey Read
© រក្សាសិទ្ធិដោយ thmeythmey.com