កីឡាជាតិ
ខេ​ម​បូ​ឌា​ន​លី​ក៖ បៀ​ល​ប្រាយ​ឈានចូល​ដល់​វគ្គ១/២ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ពីរ
09, Jul 2013 , 12:12 am        
រូបភាព
បៀលប្រាយអបអរជ័យជម្នះរបស់ខ្លួន
បៀលប្រាយអបអរជ័យជម្នះរបស់ខ្លួន
ចាន់ ឆាយ៉ា (ខៀវ) របស់បៀលប្រាយ និងខែក ខេមរិន្ទ របស់ការពារជាតិ
ចាន់ ឆាយ៉ា (ខៀវ) របស់បៀលប្រាយ និងខែក ខេមរិន្ទ របស់ការពារជាតិ
ជួន ជុំ (ឆ្វេង) របស់ណាហ្គាខប និង ធុល សុធារិទ្ធ របស់បឹងកេត
ជួន ជុំ (ឆ្វេង) របស់ណាហ្គាខប និង ធុល សុធារិទ្ធ របស់បឹងកេត
បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បាន​ក្លាយជា​ក្រុម​ដែល​ចំណាត់ថ្នាក់​លេខ៤សម្រាប់​ការប្រកួត​វិលជុំ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-១ លើ​ក្រសួងការពារជាតិ​នា​ការប្រកួត​ចុងក្រោយ​បំផុត​ក្នុង​សប្តាហ៍​ទី១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​រសៀល​ថ្ងៃ​ចន្ទ។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​ណាហ្គា​ខ​បរង​ការខកចិត្ត​យ៉ាងខ្លាំង ខណៈ​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ១-១ ជាមួយ​ចម្ការកៅស៊ូ​បឹងកេត​នា​ជំនួប​គូ​ទីមួយ។



ទៀប វឌ្ឍនៈ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ណាហ្គា​ខ​ប​ក្រោយ​ការប្រកួត​ដំណើរការបាន​ជាង១ម៉ោង ប៉ុន្តែ​នៅ​នាទី ទី៧៩ សុក ផេង បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​កំពូល​តារាង​ចម្ការកៅស៊ូ​បឹងកេត។ ការទទួលបាន​ត្រឹមតែ​មួយ​ពិន្ទុ​ពី​ការប្រកួត​បានធ្វើ​ឲ្យ​ណាហ្គា​ខ​ប​បន្ត​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​របស់​ក្រុម​បៀ​ល​ប្រាយ។

ការប្រកួត​ដំណើរការបាន​ត្រឹម៧នាទី ឡាំ សុ​ធិ​ន បា​នរក​គ្រាប់​បាល់​បើកឆាក​សម្រាប់​ក្រសួងការពារជាតិ ខណៈ​ក្រុម​ណាហ្គា​ខ​ប​ក៏​សប្បាយរីករាយ​តំណាលគ្នា​ផងដែរ។ ឱកាស​មាស​របស់​ណាហ្គា​ខ​ប​បាន​ធ្លាក់​មកជា​ឱកាស​ប្រាក់​វិញ​នៅក្នុង​នាទី ទី១៣ ដោយសារតែ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​របស់ រ៉ឹង ប៊ុន​ហៀ​ង សម្រាប់​ក្រុម​បៀ​ល​ប្រាយ។

នៅក្នុង​នាទី ទី៤នៃ​នាទី​បន្ថែមចំនួន៥នាទី ខ្សែប្រយុទ្ធ ចាន់ ឆា​យ៉ា បាន​នាំ​ទឹកភ្នែក​សម្រាប់​ណាហ្គា​ខ​ប ប៉ុន្តែ​ផ្តល់​ក្តី​រីករាយ​សម្រាប់​បៀ​ល​ប្រាយ តាមរយៈ​គ្រាប់​បាល់​នាំ​ជ័យជម្នះ ២-១ ដល់​បៀ​ល​ប្រាយ​លើ​ក្រសួងការពារជាតិ។

នេះ​ជា​ប្រវត្តិ​ជោគជ័យ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្រុម​ដែលមាន​ប្រៀប​ជាង​ពួកគេ​គឺ​ណាហ្គា​ខ​ប និង​គិរីវង់ សុខ​សែន​ជ័យ សុទ្ធតែ​បានបញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ក្តោប​បាន​ឱកាស​ដណ្តើមយក​តំណែង​លេខ៤ ។

បៀ​ល​ប្រាយ​ចូលកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ពីរ​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក ដោយ​កាលពី​ឆ្នាំ២០១០ ពួកគេ​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ២ ក្រោយ​ការប្រកួត​វិលជុំ​ប្រចាំ​សប្តាហ៍ ហើយ​ក្រោយមក​បាន​ចាញ់​ព្រះខ័ន​រាជ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ឈ្នះ​ណាហ្គា​ខ​ប​ក្នុងការ​ប្រជែង​យក​តំណែង​លេខ​បី។

ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​បៀ​ល​ប្រាយ ពោលគឺ​ការ​ឈ្នះ៦លើក​ជាប់​គ្នា​នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នោះ គឺ​កើតឡើង​ក្រោម​ការដឹកនាំ​បង្វឹក​របស់លោក លាស់ សា​ឡាក់​ខាន់ ដែលជា​អតីត​គ្រូ និង​ជា​ម្ចាស់​ក្លិប​ខេមរា​កីឡា។

លោក លាស់ សា​ឡាក់​ខាន់ បាន​ដឹកនាំ​បៀ​ល​ប្រាយ​ពេញមុខ​ពេញមាត់​នៅ​ជើង​ទី​ពីរ ដោយ​បន្តវេន​ពី​លោក មាស សំអឿន។ អ្នកជំនាញ​កីឡាបាល់ទាត់​រូបនេះ ធ្លាប់បាន​ដឹកនាំ​ខេមរា​កីឡា​ឈ្នះ​ពាន​លី​ក​ចំនួន២លើក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ១លើក។ ចាន់ ឆា​យ៉ា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ គឺជា​អតីត​សិស្ស​ម្នាក់​របស់លោក។

បៀ​ល​ប្រាយ​ត្រូវ​ជួប​ជាមួយ​ក្រុម​កំពូល​តារាង​បឹងកេត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ស្រប​ពេលដែល​ស្វាយរៀង​ប៉ះ​ភ្នំពេញ​ក្រោ​ន​នៅ​ស្តា​ត​ចាស់​វេលា​ម៉ោង៣រសៀល​ដូចគ្នា​នា​ថ្ងៃ​សៅរ៍ ទី១៣ ខែឧសភា ខាងមុខនេះ។

តារាង​ចំណាត់ថ្នាក់​ចុងក្រោយ៖


១.ចម្ការកៅស៊ូ​បឹងកេត (៣៨ពិន្ទុ)
២.ខេត្តស្វាយរៀង (៣៣ពិន្ទុ)
៣.ភ្នំពេញ​ក្រោ​ន (៣៣ពិន្ទុ)
៤.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត (៣០ពិន្ទុ)


៥.ណាហ្គា​ខ​ប (២៩ពិន្ទុ)
៦.គិរីវង់​សុខ​សែន​ជ័យ (២៨ពិន្ទុ)
៧.អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (២២ពិន្ទុ)
៨.ក្រសួងការពារជាតិ (២១ពិន្ទុ)

៩.សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (១២ពិន្ទុ)
១០.អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា (២ពិន្ទុ)


រូបថតទាំងអស់សហការផ្តល់ដោយទីភ្នាក់ងារ CAM Photo Agency



© រក្សាសិទ្ធិដោយ thmeythmey.com