អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ថា កូនៗ​របស់លោក​ពុំ​ចាប់អារម្មណ៍​កាន់តំណែង​បន្ត​ពី​លោក​ឡើយ​
08, Nov 2018 , 8:39 am        
រូបភាព
រូបភាព Channel NewAsia
រូបភាព Channel NewAsia
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង កាលពី​ថ្ងៃទី​០៦ ខែ​វិ​ច្ឆ​កា បាន​និយាយថា កូនៗ​របស់លោក​ពុំមាន​ចំណាប់អារម្មណ៍​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ដូច​លោក​ឡើយ​។ ការលើកឡើង​របស់​មេ​ដឹកនាំ​រូបនេះ​បែបនេះ គឺ​ឆ្លើយតប​នឹង​សំនួរ​របស់​និពន្ធ​នាយក​សារព័ត៌មាន Bloomberg លោក John Micklethwait ដែល​បាន​ចោទ​ជា​សំនួ​រថា តើ​ត្រកូល​លី​ជំនាន់​ថ្មី​នឹង​ប្រឡូក​ចូល​ឆាកនយោបាយ​ឬមួយ​ក៏​អត់​នោះ​។

 
​ថ្លែង​នៅឯ​កិច្ច​សម្ភាស​មួយ​ជាមួយ លោក John Micklethwait  ដែល​ធ្វើឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ថ្មី នាទី​ក្រុង​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​គូសបញ្ជាក់​បែបនេះ​៖ «​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ពួកគេ​បង្ហាញ​ចំណាប់អារម្មណ៍​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​។ ពួកគេ​មាន​សមត្ថភាព​គ្រាប់​គ្រាន់​សម្រាប់ធ្វើ​រឿងនេះ ប៉ុន្តែ​ខ្ញុំ​គិតថា ពួកគេ​មិនមាន​បំណង​បន្ត​កាតព្វកិច្ច ដូច​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​នេះឡើយ​»​។ 
 
​បន្ថែម​ពីនេះ លោក លី ដែលជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ បិតា​ស្ថាបនិក​សិង្ហ​បុរី​នោះ បានលើកឡើង​ទៀតថា កូនៗ​របស់លោក​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ជាមួយគ្នានេះ លោក លី យល់ឃើញថា វា​មិនមែនជា​រឿង​ល្អ​នោះទេ​ដែល​លោក​ដាក់បន្ទុក​បន្ថែមទៀត​លើ​កូនៗ​របស់លោក​។ ហើយ​ម្យ៉ាងវិញទៀត វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់​កូនៗ​របស់លោក នៅពេល​ពួកគេ​មានឈ្មោះ​ជា​កូន​នាយករដ្ឋមន្ត្រី​នោះ​។ 
 
​តាមពិតទៅ លោក លី ហាក់​នៅ​ខ្វាយខ្វល់​ចំពោះ​រឿងអាស្រូវ​កាលពី​ឆ្នាំមុន ដែល​លោក និង​ប្រពន្ធ​របស់លោក ត្រូវបាន​សាច់ញាតិ​របស់​ពួកគេ ចោទប្រកាន់​ជា​សាធារណៈ ជុំវិញ​មហិច្ឆតា​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កូនប្រុស​វ័យ ៣១​ឆ្នាំ​របស់​ពួកគេ គឺ​លោក  Li Hongyi ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​។ ភ្លាមៗ​ក្រោយ​ផ្ទុះ​ការចោទប្រកាន់​បែបនេះ លោក លី បាន​ចេញមុខ​ទាត់ចោល​បទ​ចោទ​នេះ​។ ហើយ​លោក Li Hongyi ដែល​កំពុង​បម្រើការ​ជា​មន្ត្រី​ផ្នែក​សេវក​ម្ម​សាធារណៈ ក៏បាន​ចេញមុខ​បកស្រាយ​ផងដែរ​ថា លោក​ពុំ​ចាប់អារម្មណ៍​នឹង​រឿង​នយោបាយ​នោះទេ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា លោក លី សៀន​ឡុង មានកូន​ចំនួន​៤​នាក់ ក្នុងនោះ​រួមមាន លោកស្រី Li Xiuqi វ័យ ៣៨​ឆ្នាំ​, លោក Li Hongyi វ័យ ៣១​ឆ្នាំ​, លោក Li Yipeng វ័យ ៣៦​ឆ្នាំ និង​លោក Li Haoyi វ័យ​២៩​ឆ្នាំ​៕
 

Tag:
 នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​
  លោក​លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com