អន្តរជាតិ
លោកស្រី ស៊ូ​ជី សង្ឃឹម​មី​យ៉ាន់​ម៉ា​តាម​ទាន់​សិង្ហ​បុរី​នៅ​២០​ឆ្នាំ​ទៀត​
13, Nov 2018 , 3:06 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព AFP)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព AFP)
​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា បង្ហាញ​ក្ដី​សង្ឃឹមថា មី​យ៉ាន់​ម៉ា​នឹង​តាម​ទាន់​សិង្ហ​បុរី​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ​។ លោកស្រី ស៊ូ​ជី បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​បរទេស​ចូលទៅ​បោះទុន​រកស៊ី​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍ​នេះ ខណៈ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​បាន​បង្កើត​បរិយាកាសរ​ក​ស៊ី​ដែល​ងាយស្រួល​ទាំង​ផ្នែក​ច្បាប់ និង​ការសម្របសម្រួល​នានា​សម្រាប់​វិ​យោគិន​ទាំងអស់​។​

 
​ពី​ទឹកដី​សិង្ហ​បុរី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​គៀងគរ​ក្រុមហ៊ុន​បរទេស​ឲ្យ​ទៅរក​ស៊ី​នៅ​មី​យ៉ាន​ម៉ា ហើយក៏​រំពឹងថា មី​យ៉ាន់​ម៉ា​អាច​ឈានដល់​កម្រិត​អភិវឌ្ឍន៍​ដូច​សិង្ហ​បុរី​នៅ​ឆ្នាំ​២០​ទៀត​។ ក្ដី​រំពឹង​របស់​លោកស្រី ស៊ូ​ជី ធ្វើឡើង​ក្នុង​វេទិកា​ធុរកិច្ច​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​សិង្ហ​បុរី​ជាទី​ដែល​លោកស្រី និង​មេដឹកនាំ​ផ្សេងទៀត​ចូលរួម​ក្នុងជំនួប​កំពូល​អាស៊ាន​ទី​៣៣ និង​ជំនួប​កំពូល​ផ្សេងទៀត​។​
 
​ចំពោះមុខ​អ្នកជំនួញ​ជាច្រើន លោកស្រី ស៊ូ​ជី បាន​រំឭក​សម្ដី​របស់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ ពេល​ចាប់ផ្ដើម​សិង្ហ​បុរី​ដែល​ទើបបាន​ឯករាជ្យ​ថា សិង្ហ​បុរី​ត្រូវការ​ពេល​២០​ឆ្នាំ​ទើប​តាម​ទាន់​មី​យ៉ាន់​ម៉ា​។ ខុសពី​លោក លី មេដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ​ចង់ឃើញ​ប្រទេស​លោកស្រី​ដើរទា​ន់​សិង្ហ​បុរី​ឲ្យ​បាន​មុនពេល​២០​ឆ្នាំ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​បរទេស​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Nation ។​
 
​ក្រោយ​ឈ្នះឆ្នោត​កាលពី​២​ឆ្នាំមុន រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា បានដាក់​ចេញ​គោលនយោបាយ​ជាច្រើន​ដើម្បី​កែទម្រង់សេដ្ឋកិច្ច និង​បង្កើត​បរិយាកាស​ល្អប្រសើរ​សម្រាប់​អ្នករកស៊ី​។ ភ្លាមៗ​ក្រោយ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី រដ្ឋាភិបាល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បានអនុម័ត​ច្បាប់​វិនិយោគ​ថ្មី​មួយ​ដែល​លើកទឹកចិត្ត​ការវិនិយោគ​ដោយមាន​ការទទួលខុសត្រូវ និង​សម្រួល​ដំណើរការ​រកស៊ី​ឲ្យ​បាន​កាន់តែ​ងាយស្រួល​ផង​។​
 
«​យើង​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​ដែលមាន​ទទួលខុសត្រូវ និង​មានការ​រកស៊ី​ល្អ មិនមែន​តែ​រកស៊ី​មួយ​មុខ​ឡើយ តែ​ក៏​ចូលរួម​បណ្ដុះបណ្ដាល​ប្រជាជន​ដែល​មិនមាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​រកស៊ី​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ស៊ូ​ជី ដែល​ពន្យល់ថា រដ្ឋាភិបាល​លោកស្រី​ព្រួយបារម្ភ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ដែលមាន​ការទទួលខុសត្រូវ ព្រោះ​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​របប​ផ្ដាច់ការ​ច្រើនជាង​កន្លះ​សតវត្សរ៍​ទៅហើយ​។​
 
​ជាមួយនឹង​ការទាក់ទាញ​អ្នកវិនិយោគ​នោះ លោកស្រី ស៊ូ​ជី ដែល​កំពុង​រង​ការរិះគន់​លើ​ករណី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ក៏​ចង់​បង្រួម​កម្រិត​អភិ​វ្ឍ​រវាង​រដ្ឋ និង​តំបន់​ទាំង​១៤​របស់​មី​យ៉ាន់​ម៉ា​ផង​។ លោកស្រី​រៀបរាប់ថា គេ​មិនអាច​វិនិយោគ​តំបន់​មួយ​ដោយ​ផ្អែកលើ​ការគិតគូរ​ពី​អត្ថប្រយោជន៍​ផ្នែក​គ្រឿង​បរិក្ខារ​អ្វី​ឡើយ តែ​ក៏ត្រូវ​ពិចារណា​លើ​ការវិនិយោគ​ដើម្បី​អនាគត​ប្រជាជន ធ្វើ​ឲ្យ​ពួកគេ​ខិតជិត​គ្នា​ដើម្បី​សុខដុម​រម​នីយកម្ម​សេដ្ឋកិច្ច និង​នយោបាយ​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  សិង្ហ​បុរី​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com