អន្តរជាតិ
ចិន​រំពឹង​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP នៅ​ឆ្នាំក្រោយ​
15, Nov 2018 , 9:19 am        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង​រំពឹង​សម្រេច​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជា​លើកឡើង​របស់​នាយករ​ដ្ឋ​មន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា អំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​សិង្ហ​បុរី​។

 
​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ទំនងជា​នឹងត្រូវ​លើក​ពេល​ជាថ្មី​ម្តងទៀត បើទោះជា​មានការ​ប្តេជ្ញាចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ព​ន្លឿ​ន​ការចរចា​ក្តី​។ ប្រមុខ​រដ្ឋាភិបាល​ចិន​លោក លី ខឹ​ឈាំ​ង បានផ្តល់​ក្តី​សង្ឃឹមថា ការបញ្ចប់​កិច្ចចរចា​នឹង​អាច​កើតឡើង​នៅ​ឆ្នាំក្រោយ​។​
 
«​យើង​នឹង​ប្រកាស​ការសម្រេច​ចុងក្រោយ​នៃ​ការចរចា​ដ៏​ម៉ត់ចត់​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់តំបន់​គ្រប់​ជ្រុងជ្រោយ ហើយ​ចិន​សង្ឃឹម​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​នា​ឆ្នាំ​២០១៩​ខាងមុខ​»​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សម្តី​លោក លី ដូច្នេះ​។​
 
​នាយករដ្ឋមន្ត្រី​ចិន​រូបនេះ​បាន​អះអាង​បន្ថែមថា អាស៊ាន ចិន និង​ដៃគូ​សន្ទនា​ផ្សេងទៀត បាន​ចំណាយពេល​អស់​ជាង ៦​ឆ្នាំ​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​គ្របដណ្តប់​ស្ទើ​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​របស់​ពិភពលោក​។  
 
​បើតាម​ការលើកឡើងរ​បស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការចរចា វា​មាន​សញ្ញា​វិជ្ជមាន​ច្រើន ហើយ​ភាគី​បាន​ឯកភាពគ្នា​លើ​ជំពូក​ចំនួន​ប្រាំពីរ​ក្នុងចំណោម​ជំពូក​ទាំងអស់ ១៨ ដែលមាន​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះ ត្រឹម​ឆ្នាំ ២០១៩ ភាគី​ទាំងអស់​អាច​នឹង​បិទ​បញ្ចប់​ការចរចា​ជា​ផ្លូវការ​ហើយ​។  
 
​ត្រឡប់មកវិញ លោក លី បាន​គូស​បញ្ជាក់ទៀតថា ក្នុង​បរិបទ​នៃ​កំណើន​គោលនយោបាយ​គាំពារ​និយម និង​ការដើរថយក្រោយ​នៃ​ពាណិជ្ជកម្ម​សេរី​នោះ ការ​ព​ន្លឿ​នស​ម្រេច​លើ​កិច្ចព្រមព្រៀង RCEP វា​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​នៃ​ការប្រកាន់​ខ្ជាប់ និង​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី​ផងដែរ​។ 
 
RCEP ជា​កិច្ចព្រមព្រៀង​ពហុភាគី​ដែល​ដឹកនាំ​ដោយ​ចិន ហើយ​វា​ក៏​ប្រកួតប្រជែង​នឹង​អតីត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​អាមេរិក​ធ្លាប់​ដឹកនាំ​ដែរ​។ ប៉ុន្តែ​ក្រោយ​លោក ត្រាំ ចូលកាន់​តំណែង​លោក​សម្រេច​ដក​អាមេរិក​ចេញ ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ទៅជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ ចំណែក​កិច្ចព្រមព្រៀង RCEP មាន​ទំហំ​ធំ​ជាង ហើយ​មាន​រួមបញ្ចូល​មហាអំណាច ចិន​, ជប៉ុន​, ឥណ្ឌា​, កូរ៉េខាងត្បូង​, អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់ និង​សមាជិក​អាស៊ាន​ទាំង​ដប់​ផង​។ រាប់បញ្ចូល​គ្នា វា​មាន​ប្រជាជន​ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រជាជន​ពិភពលោក​,​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​ពិភពលោក​ផងដែរ​។ 
 
​គោលបំណង​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​មហិមា​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិក​ទាំង​១៦​។ បន្ថែម​ពី​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គម្លាត​ការអភិវឌ្ឍ​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក  កិច្ចព្រមព្រៀង RCEP ក៏មាន​គោលដៅ​ជំរុញ​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ផងដែរ​។ គេ​មើលឃើញថា នៅពេល​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ​នោះ វា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​លើ​ពិភពលោក​។ 
 
​សូមបញ្ជាក់ថា ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង RCEP ដំបូង​ឡើយ ត្រូវបាន​ធ្វើឡើង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ អំឡុង​ជំនួប​កំពូល​អាស៊ាន​លើក​ទី ២១ ដែល​ប្រព្រឹត្ត​ទៅក្នុង​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។  សម្រាប់​ការចរចា​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ដូចជា ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម​, ការវិនិយោគ​, កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​សេដ្ឋកិច្ច​, ទ្រព្យសម្បត្តិ​បញ្ញា (intellectual property), ការប្រកួតប្រជែង​, ការដោះស្រាយ​ជម្លោះ​, ពាណិជ្ជកម្ម​អេឡិចត្រូនិក​(e-commerce) និង​សហគ្រាស​ធុន​តូច និង​មធ្យម​(SMEs) ជាដើម​៕
 
 

Tag:
 ចិន​
  អាស៊ាន​
  RCEP
  លី ខឺ​ឈាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com