ខ្មែរ​ក្រហម
ជាតិ
សិក្ខាសាលា​ស្តីពី​គម្រោង​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នឹងធ្វើ​ឡើង​នៅ BBU
11, Jul 2013 , 8:25 am        
រូបភាព
ដោយ:
គម្រោង​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម Cambodia Tribunal Monitor (CTM) ដែលជា​គម្រោង​មួយ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) នឹង​រៀបចំ​នូវ​សិក្ខាសាលា​មួយ នៅឯ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី១២ ខែកក្កដា​ខាងមុខនេះ។ នេះ​បើ​យោងតាម​សេចក្ដី ប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។


សិក្ខាសាលា​នេះ នឹង​ផ្តោតលើ​ប្រវត្តិសាស្ត្រ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​ឯកសារ​ជាច្រើន​ទៀត ដែល​ផ្តល់​ដោយ​វេ​ប​សាយ​របស់ CTM នេះ។ សិក្ខាសាលា​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​ពី​ម៉ោង ៧ និង៣០នាទី ដល់​ម៉ោង ១០ និង៣០នាទី ល្ងាច ដែល​នឹងមាន​ការចូលរួម​ពី​និស្សិត​ជាង១០០នាក់​ផងដែរ ។

ក្រុមការងារ​របស់ CTM ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើសិក្ខាសាលា​ជាច្រើន នៅតាម​បណ្ដា​សាកលវិទ្យាល័យ​ជាង៣០ ដែលមាន​និស្សិត​ជាង៧០០នាក់​ហើយ ដែល​បាន​ចូលរួម។ ហើយ​បៀ​ល​ប្រាយ​គឺជា​សាកលវិទ្យាល័យ​ល្បី​មួយ ក្នុងចំណោម​សាកលវិទ្យាល័យ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​សាខា​របស់ខ្លួន ទៅកាន់​បណ្តា​ខេត្ត​ជាច្រើន​នៅ​ទូទាំងប្រទេស។

តាមរយៈ​ការធ្វើសិក្ខាសាលា​នេះ ក្រុមការងារ CTM សង្ឃឹមថានឹង​ប្រើ​វា​ជា​វេទិកា មួយ​សម្រាប់​ផ្សព្វផ្សាយ​ពត៌មាន ពី​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម ការជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម និង​ឧបករណ៍​ជាច្រើន​ទៀត ដែល​អាច​រកបាន សម្រាប់​ដំណើរការ​ស្រាវជ្រាវ លើ​ប្រធានបទ​ដ៏​សំខាន់​ទាំងនេះ។

គួរបញ្ជាក់​ផងដែរ​ថា ជាង​បី​ទសវត្ស​មកនេះ​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ដ៏​សាហាវឃោរឃៅ​របស់​ពួក​ខ្មែរក្រហម (១៩៧៥-១៩៧៩) សាលាក្តី​កូនកាត់​មួយ ដែល​គេ​ស្គាល់​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុងការ​រំលោភ​សិ​ទិ្ធ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ប៉ុន្តែ​វិធានការ​របស់​តុលាការ​តែម្នាក់ឯង មិនអាច​នាំមក​នូវ​យុត្តិធម៌ ដល់​ជនរងគ្រោះ​បាន​នោះទេ គឺ​ចាំបាច់​ត្រូវ​ធ្វើឱ្យ​សាធារណជន និង​ជាពិសេស​សិស្ស និស្សិត​ដែល​នឹង​ក្លាយជា​មេដឹកនាំ នាពេល​អនាគត​នៃ​ប្រទេស​នេះ បាន​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ដំណើរការ​ផ្នែក​ច្បាប់​សំរាប់ ការកាត់ទោស​អ្នក ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត ដែល​បាន​ប្រព្រឹត្ត​បទ​ឧ​ក្រិដ​កម្ម​នានា ក្នុង​របប​ដ៏​ឃោ​ឃៅ​មួយ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com