ជាតិ
កម្ពុជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ លាយ​ជាមួយ​ខ្យល់​បក់បោក ពីថ្ងៃ​ទី​២៥-២៧ ​វិច្ឆិកា​
25, Nov 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង USAGI នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ភាគខាងត្បូង​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​។ ឥទ្ធិពល​របស់​ព្យុះ​នេះ នឹង​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លាយឡំ​ជាមួយ​ខ្យល់​បក់បោក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី ២៤ វិច្ឆិកា​​។​



​ក្រសួង​ធនធានទឹក បញ្ជាក់ថា កូន​ព្យុះ USAGI បាន​វិ​វត្ត​ខ្លួន និង​បង្កើន​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង ជាមួយនឹង​ល្បឿន​អតិបរមា​ក្បែរ​ផ្ចិត​របស់​ព្យុះ​មាន​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​។ 
 
​បើតាម​ការ​ព្យាករ​ខាងលើ ព្យុះ​ទី​ហ្វុ​ង USAGI នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ភាគខាងត្បូង​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​។ ឥទ្ធិពល​ព្យុះ​នេះ នឹង​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ក្នុង​ល្បឿន ពី ១៣ ទៅ ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ (​ពីថ្ងៃ​ទី ២៥ ដល់​២៧ ខែវិច្ឆិកា​។​
 
​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើត​មាននៅ​រាជធានី​-​ខេត្ត​មួយចំនួន នៃ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ​។ ទន្ទឹមនឹងនេះ ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​ផ្អាក​សកម្មភាព ចាប់ពី​ថ្ងៃទី ២៥-២៧ ខែវិច្ឆិកា ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។ នេះ​បើតាម​សេចក្ដី​ដដែល​៕

Tag:
 អាកាសធាតុ​
 ​ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com